ស្នេហា៖ អ្នកណាក៏ប្រាថ្នាឲ្យចំណងអាពាហ៍ពិពាហ៍ស្ថិតស្ថេរយូរអង្វែងដែរជាពិសេសគឺ គូស្នេហ៍ដែលរៀបការដោយក្ដីស្រលាញ់។ អាពាហ៍ពិពាហ៍ដែលជោគជ័យគឺជាអាពាហ៍ពិពាហ៍ដែលគូស្នេហ៍ទាំងពីរនៅតែបន្តថែរក្សាគ្នា មើលថែគ្នា ឲ្យតម្លៃគ្នា ការពារគ្នាទៅវិញទៅមកមិនដែលផ្លាស់ប្ដូរ ហើយកត្តាសំខាន់មួយទៀតគឺភាពស្មោះត្រង់ចំពោះគ្នាមិនសាបសូន្យ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើអ្នករក្សាចំណងអាពាហ៍ពិពាហ៍បានយូរអង្វែងគឺចាត់ទុកថាល្អណាស់ហើយ ព្រោះបច្ចុប្បន្នមានស្វាមីភរិយាច្រើនណាស់ដែលសម្រេចចិត្តលែងលះគ្នា។ យ៉ាងណាមិញ គន្លឹះខាងក្រោមនេះ អាចនឹងផ្ដល់ជាយានជួយឲ្យអ្នករក្សាចំណងអាពាហ៍ពិពាហ៍ឲ្យស្ថិតស្ថេរ៖

១. រក្សាសន្តិក្នុងចំណងអាពាហ៍ពិពាហ៍

សន្តិគឺសន្តិភាព គឺសេចក្ដីស្ងប់សុខ ដែលក្នុងន័យនេះ គូស្វាមីភរិយាគួរតែធ្វើយ៉ាងណាកុំនាំភ្លើងចូលមកក្នុងផ្ទះ កុំឈ្លោះគ្នាដោយសាររឿងឥតប្រយោជន៍ និងមិនត្រូវឈ្លោះគ្នាទាំងមិនបានបើកចិត្តស្ដាប់ហេតុផលរបស់ភាគីម្ខាងៗទេ។ គូស្វាមីភរិយាក៏មិនត្រូវគុំគួនគ្នា ចង់សងសឹកគ្នា ចង់ឈ្នះចង់ចាញ់គ្នានោះដែរ ហើយត្រូវទទួលស្គាល់ថា អ្នកនិងដៃគូអ្នកមិនអាចធ្វើអីដោយស្មើភាពគ្នា ដូចជាអ្នកលាងចានរហូត តែស្វាមីអ្នកមិនគិតនឹងជួយលាង... ដែលជួនកាលស្វាមីរបស់អ្នកមានកិច្ចការច្រើនផ្សេងទៀតដែលត្រូវធ្វើ។

២. លូតលាស់ទៅជាមួយគ្នា

អ្នកត្រូវទទួលស្គាល់ថាស្វាមីអ្នកឬភរិយាអ្នក មិនអាចនៅជាគេដូចដើមដូចកាលពីមុនរៀបការជាមួយគ្នានោះឡើយ ព្រោះវ័យកាន់តែចម្រើន ផ្នត់គំនិតនិងអាកប្បករិយាខ្លះរបស់មនុស្សនឹងផ្លាស់ប្ដូរ។ អ្នកត្រូវទទួលយកការផ្លាស់ប្ដូររបស់ដៃគូអ្នក។ មួយវិញទៀត អ្នកនិងដៃគូរបស់អ្នកត្រូវតែរក្សាឯករាជ្យភាពរៀងខ្លួន មិនពឹងពាក់គ្នាជ្រុលពេក មិនព្យាយាមផ្លាស់ប្ដូរគ្នាពេក។ បើអ្នកចូលចិត្តអ្វីបន្តចូលចិត្តបែបនោះ និងត្រូវគោរពអ្វីដែលដៃគូរបស់អ្នកចូលចិត្ត។

រូបភាពតំណាង

៣. ចេះបត់បែនកាលៈទេសៈ

មនុស្សទាំងអស់ក្នុងលោកត្រូវចេះបត់បែនតាមកាលៈទេសៈ ហើយក្នុងន័យនេះ អ្នកនិងដៃគូត្រូវតែចេះបត់បែនតាមគ្នា ម្ដងតាមគំនិតអ្នកនេះ ម្ដងតាមគំនិតអ្នកនោះ និងដាច់ខាតមិនត្រូវយកតែចិត្តខ្លួនឯងទេ។ អ្នកនិងដៃគូត្រូវចេះថយមួយជំហាន ត្រូវចេះសម្របសម្រួលគ្នា។

៤. បង្ហាញក្ដីស្រលាញ់ជារៀងរាល់ថ្ងៃ

អ្នកត្រូវតែបង្ហាញក្ដីស្រលាញ់ ផ្ដើមចេញពីទង្វើតូចតាចទៅ ដូចជាចាប់ដៃគ្នា ឱបគ្នាឬថើបគ្នាមុននឹងស្វាមីអ្នកចេញពីផ្ទះ និងកុំភ្លេចនិយាយថាស្រលាញ់គ្នាជារៀងរាល់ថ្ងៃ។ ជារៀងរាល់សប្តាហ៍ អ្នកនិងដៃគូក៏ត្រូវរៀបចំចេញទៅដើរលេងនៅខាងក្រៅផងដែរ។ អ្នកមិនត្រូវបណ្ដោយឲ្យក្ដីស្រលាញ់សាបរលាបទេ អ្នកគួរចេះយកចិត្តយកថ្លើមស្វាមីឬភរិយាខ្លួន ទិញរបស់ដែលគេចូលចិត្តដើម្បីបង្ហាញថាអ្នកនៅតែខ្វល់ខ្វាយនៅតែស្រលាញ់គេ។

រូបភាពតំណាង

៥. កុំប្រចាំគ្

នា ធ្វើអីក៏ដោយ កុំចាំតែស្វាមីឬកុំចាំតែភរិយា កុំមើលបំណាំគ្នា ហើយមួយវិញទៀត មិនត្រូវរម្លឹកគុណបុណ្យឬលើកយករឿងថាអ្នកណាធ្វើអ្វីបានច្រើនជាងអ្នកណាទេព្រោះចំណងអាពាហ៍ពិពាហ៍មិនមែន ជាសង្វៀនប្រកួតប្រជែងថាអ្នកណាល្អជាងអ្នកណាឡើយ។

៦. សើចឲ្យបានច្រើន

កុំព្យាយាមធ្វើអ្វីឬគិតអ្វីដែលប្រាកដប្រជាពេក ត្រូវចេះនាំស្វាមីឬភរិយាអ្នកលំហែអារម្មណ៍ និងធ្វើឲ្យគេសើចឲ្យបានច្រើន ដើម្បីឲ្យស្វាមីឬភរិយាអ្នកកាន់តែសប្បាយរីករាយពេលនៅជាមួយអ្នក និងគិតថាអ្នកគឺជាប្រភពនៃភាពសប្បាយរីករាយរបស់គេ។

៧. កុំរញ៉ាំរញ៉ូវនឹងរឿងតូចតាចពេក

ក្នុងជីវិតរៀងរាល់ថ្ងៃ អ្នកគង់នឹងចួបរឿងជាច្រើន ដែលសុទ្ធសឹងតែធ្វើឲ្យអ្នកមិនសូវសប្បាយចិត្ត ដូច្នេះហើយអ្នកគួរមើលរំលងវាខ្លះទៅ កុំតាមចាប់កំហុសគ្នាពេក។ កុំរញ៉ាំរញ៉ូវរករឿងឈ្លោះលើរឿងតូចតាច ហើយក៏កុំគិតច្រើនពេក។ ត្រូវចេះមើលថែខ្លួនឯង ចំណាយពេលវេលាធ្វើអីដែលខ្លួនចូលចិត្ត ព្រោះជីវិតអ្នកមិនអាចចងភ្ជាប់នឹងគូស្វាមីឬភរិយារបស់អ្នករហូតទេ។

រូបភាពតំណាង

៨. សហការគ្នាជាដៃគូ

អ្នកត្រូវគិតថាការរៀបអាពាហ៍ពិពាហ៍គឺប្រៀបដូចការសហការគ្នាលើប្រូជេក៍ឬគម្រោងមួយអ៊ីចឹង ទាល់តែដៃគូទាំងពីរចេះសហការគ្នាទើបអាចបន្តទៅមុខបាន។ អ្នកត្រូវចាត់ទុកស្វាមីឬភរិយារបស់អ្នកជាមិត្តម្នាក់ដែរដែលដើរកាន់ដៃអ្នកគ្រប់ឧបសគ្គ។ អ្នកត្រូវតែសម្រេចចិត្តលើកិច្ចការធំៗជាមួយគ្នា និងមានការគោរពចំពោះគ្នាទៅវិញទៅមក។

៩. បញ្ចប់ជម្លោះតាមវិធីមួយដ៏ត្រឹមត្រូវ

បើសិនជាករណីអ្នកនិងស្វាមីឬភរិយាឈ្លោះប្រកែកគ្នា ហាមដាច់ខាតធ្វើហីៗ ឬបន្តជម្លោះរហូតដល់ថ្ងៃស្អែក សរុបមកគឺកុំគេងលក់ទាំងឈ្លោះគ្នា។ បើមានរឿងអ្វីត្រូវដោះស្រាយគ្នាភ្លាមៗ កុំចាំស្អែក។ លើសពីនេះទៅទៀត កុំកុហកគ្នាឲ្យសោះ បើមានរឿងអី ត្រូវពិភាក្សាគ្នាដោយភាពស្មោះត្រង់។

រូបភាពតំណាង

១០. គាំទ្រចំណង់ចំណូលចិត្តគ្នាទៅវិញទៅមក

យើងមានអារម្មណ៍ល្អណាស់នៅពេលមនុស្សដែលយើងស្រលាញ់ ចាប់អារម្មណ៍និងគាំទ្រលើចំណង់ចំណូលចិត្តរបស់យើង អ៊ីចឹងហើយយើងក៏គួរតែធ្វើរឿងនេះដល់ស្វាមីឬភរិយារបស់យើងផងដែរ។ មិនថាស្វាមីឬភរិយាអ្នកមានចំណង់ចំណូលចិត្តលើរឿងអ្វី អ្នកត្រូវបង្ហាញការចាប់អារម្មណ៍និងគាំទ្រគេ។

១១. ទទួលស្គាល់គេជាគេ

គ្មានអ្នកណាចង់រស់នៅផ្គាប់ចិត្តអ្នកដទៃនោះឡើយ ហើយការសំងំធ្វើជាអ្នកដទៃក៏គង់នឹងមានថ្ងៃណាមួយហត់នឿយចិត្ត។ អ្នកត្រូវតែបញ្ចេញភាពជាខ្លួនឯង មិនបាច់ខំប្រឹងលាក់ពុតចរិត និងទទួលស្គាល់ស្វាមីឬភរិយាបែបគេជាគេ។ អ្នកមិនគួរព្យាយាមផ្លាស់ប្ដូរគេនោះឡើយ និងត្រូវទទួលទាំងចំណុចល្អនិងចំណុចអាក្រក់របស់គេ។ អ្នកត្រូវចងចាំថា នៅលើលោកនេះ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះឡើយ៕  

រូបភាពតំណាង

ប្រភព៖: brides

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]