យល់ដឹង៖ ការប្រកួតបរវកញ្ញា ពិតជាពេញនិយមណាស់ក្នុងស្រទាប់យុវវ័យមិនថាបុរសឬនារី ក្មេងឬពេញវ័យ ព្រោះប្រទេសរបស់យើងមានកម្មវិធីប្រកួតបវរកញ្ញាជាច្រើនហូរហែផងដែរ ដែលកម្មវិធីអស់ទាំងនេះអនុញ្ញាតឲ្យបវរកញ្ញាគ្រប់រូប បង្ហាញពីសក្ដានុពល សម្រស់ គំនិត និងភាពប៉ិនប្រសប់របស់ខ្លួន។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើសិនជាអ្នកមានក្ដីសុបិនចង់ឈ្នះមកុដបវរកញ្ញា ចង់ក្លាយជាបវរកញ្ញាមួយដ៏មានប្រជាប្រិយភាពនិងដណ្ដើមជ៍យលាភីនៅលើឆាកអន្តរជាតិ អ្នកគួរតែសាកល្បងអនុវត្តតាមគន្លឹះអស់ទាំងនេះ៖

១. ស្រាវជ្រាវជាមុន

អ្នកដែលចង់ដាក់ពាក្យចូលរួមការប្រកួតបវរកញ្ញា គួរតែចាប់ផ្ដើមធ្វើការស្រាវជ្រាវសិន ថាខ្លួនឯងចង់ប្រកួតនៅក្នុងកម្មវិធីមួយណា និងត្រូវប្រាកដចិត្តថាអ្នកត្រូវនឹងប្រភេទបេក្ខភាពដែលខាងកម្មវិធីជ្រើសរើស ដូចជាអាយុ ភេទ ពាក្យស្លោក ឬក៏ Theme របស់កម្មវិធីជាដើម។

រូបភាពតំណាង

២. រៀននិងចងចាំច្បាប់នៃកម្មវិធីមួយនោះ

ដូចដែលអ្នកទៅសាលារៀនអ៊ីចឹង អ្នកត្រូវដឹងពីច្បាប់នៅក្នុងសាលាដើម្បីក្លាយជាសិស្សល្អ ហើយការប្រកួតបវរកញ្ញាក៏ដូចគ្នាដែរ។ អ្នកត្រូវសិក្សារៀនសូត្រពីច្បាប់នៃការប្រកួត ដើម្បីចៀសវាងកុំឲ្យអ្នកធ្វើខុសនឹងលក្ខន្តិកៈរបស់កម្មវិធី។ ៣. ចាប់ផ្ដើមហ្វឹកហាត់ Stage Presence

Stage Presence គឺជារបៀបនៃការបង្ហាញខ្លួននៅលើឆាក ដែលធ្វើឲ្យទាក់ទាញភ្នែកទស្សនិកជន បើទោះបីជាយើងមិនធ្វើអីច្រើនក៏ដោយដែលគេហៅថា លេចធ្លោដោយមិនចាំបាច់ខំប្រឹងច្រើន។ អ្នកត្រូវហ្វឹកហាត់ផ្ដោតទៅលើការដើរ ការឈានជើង ការនិយាយស្ដី ការកាច់រាង និងបង្កើតទំនុកចិត្តឲ្យមានភាពជឿជាក់លើខ្លួនឯងដែលជាកត្តាដ៏សំខាន់មួយជួយឲ្យទស្សនិកជននិងចៅក្រមដាក់ពិន្ទុ មើលឃើញថាអ្នកពិតជាពិសេសជាងអ្នកដទៃ។

៤. អភិវឌ្ឈខ្លួនឯងទៅលើការសម្ភាសន៍

ជាធម្មតា នៅក្នុងកម្មវិធីប្រកួតបវរកញ្ញានីមួយៗតែងតែមានវគ្គសម្ភាសន៍បែបផ្ទាល់ខ្លួនឬ Close Door Interview ដូច្នេះអ្នកត្រូវបង្វឹកខ្លួនឯងឲ្យពូកែនិយាយ មិនទាក់ យល់ពីសំណួររបស់ចៅក្រមដាក់ពិន្ទុ និងមានជំហរមួយជារបស់ខ្លួនឯងដែលគេហៅថា Mindset របស់យើង ដែលបង្ហាញឲ្យចៅក្រមដាក់ពិន្ទុដឹងថា អ្នកមានគោលដៅច្បាស់លាស់ គំនិតច្បាស់លាស់ ដឹងថាខាងកម្មវិធីគេត្រូវការអ្វី។

រូបភាពតំណាង

៥. បង្វឹកលើទេពកោសល្យនិងការសម្ដែងរបស់អ្នក

បើសិនជាក្នុងកម្មវិធីប្រកួតបវរកញ្ញានោះ តម្រូវឲ្យអ្នកបង្ហាញពីទេពកោសល្យ និងមានការសម្ដែងផងនោះ អ្នកគួរតែចាប់ផ្ដើមហ្វឹកហាត់ឲ្យបានស្ទាត់ជំនាញ។

៦. សំលៀកបំពាក់ត្រូវតែស្អាតនិងធ្វើឲ្យអ្នកមានទំនុកចិត្

ការរៀបចំខ្លួនឲ្យបានស្អាតបាតនិងសមរម្យគឺពិតជារឿងមួយដ៏សំខាន់ខ្លាំងណាស់ អ្នកត្រូវចេះចេះជ្រើសរើសសំលៀកបំពាក់ឲ្យសមតាមកាលៈទេសៈ មិនឆ្វាចខ្លាំងពេកតែក៏មិនស្រគត់ស្រគុំពេក មិនស៊ិចស៊ីពេកតែក៏មិនរមទម្យពេក និងត្រូវតែជាសំលៀកបំពាក់ណាដែលអ្នកពាក់ហើយ ជឿជាក់លើខ្លួនឯងខ្លាំង។ អ្នកក៏ត្រូវរៀបចំសំលៀកបំពាក់ទាំងនោះដាក់ក្នុងវ៉ាលីឲ្យបានស្អាត និងមានសណ្ដាប់ធ្នាប់ មិនត្រូវឲ្យជ្រួញឬបាក់ភ្លីទេ។

រូបភាពតំណាង

៧. ត្រូវចេះផាត់មុខដោយខ្លួនឯង

ការប្រកួតបវរកញ្ញានីមួយៗគឺតែងតែមានអ្នកផាត់មុខជួយសម្រួលដល់អ្នក ប៉ុន្តែអ្នកខ្លួនឯងក៏ត្រូវចេះផាត់មុខដែរ និងស្វែងយល់ថាផ្ទៃមុខអ្នកត្រូវនឹងការផាត់មុខបែបណា? អាស៊ី ឬអឺរ៉ុប? បែបកូរ៉េឬបែបអាមេរិក? បើសិនជាមានរឿងបន្ទាន់ណាមួយ អ្នកអាចផាត់មុខខ្លួនឯងឲ្យទាន់ពេល។

៨. ជ្រើសរើសស្បែកជើងណាដែលមិនបង្កបញ្ហាដល់អ្នក

ស្បែកជើងក៏ជារបស់មួយសំខាន់ដែរក្នុងការប្រកួត អ្នកត្រូវជ្រើសរើសយកស្បែកជើងណាដែលសមនឹងអ្នក ឬស្រួលពាក់ មិនធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្ត។ បើសិនជាស្បែកជើងនោះគឺខាងកម្មវិធីតម្រូវឲ្យពាក់គឺអ្នកត្រូវតែសាកល្បងដើរពាក់ស្បែកជើងនោះដើម្បីឲ្យស៉ាំនឹងវា។

៩. ត្រូវតែរក្សាអត្តចរិតនិងបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់

មិនថាអ្នកនៅខាងក្រោយឆាក ឬលើឆាកទេ កុំធ្វើជាមនុស្សមុខពីរឲ្យសោះ។ អ្នកត្រូវតែរក្សាអត្តចរិតនិងបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ និងបង្កើតមិត្តជាមួយបេក្ខភាពដទៃទៀតព្រោះគណៈកម្មការនៅតាមឃ្លាំមើលចរិយាធម៌របស់អ្នកគ្រប់ជំហាន។ អ្នកក៏មិនគួរឈ្លោះទាស់ទែង បង្កើតរឿងរ៉ាវ ជាមួយបេក្ខភាពដទៃ ឬមើលងាយវប្បធម៌ ទំនៀមទម្លាប់របស់គេដែរ និងហាមដាច់ខាតការនិយាយមិនល្អនៅពីក្រោយខ្នងបេក្ខភាពដទៃ៕  

រូបភាពតំណាង

ប្រភព៖: medium

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]