ស្នេហា៖ មនុស្សម្នាក់ៗនៅក្នុងលោកភាគច្រើនតែងតែចង់បានដៃគូស្នេហា ដែលអាចកាន់ដៃគ្នាបន្តលើវិថីជីវិត ប៉ុន្តែក៏មានខ្លះទៀតមិនដែលគិតដល់រឿងស្នេហាសោះ និងស្រមៃរូបភាពខ្លួនឯងដើរកាន់ដៃបណ្ដើរសង្សារឬស្វាមីមិនបានសោះ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការពិតទៅ ការនៅទំនេរដែលយើងហៅថា Single នោះមិនអាក្រក់នោះទេ ហើយមិនប្រាកដថាជីវិតរបស់យើងម្នាក់ៗត្រូវតែមានគូស្នេហ៍ចូលមកបំពេញក្ដីសុខនិងចន្លោះខ្វះខាតរបស់យើងនោះដែរ។ មនុស្សគ្រប់គ្នាមានសិទ្ធិជ្រើសរើសថាខ្លួនគួរទីពាក់ព័ន្ធនឹងស្នេហាឬក៏អត់ ព្រោះសម័យឥឡូវមានវិធីច្រើនយ៉ាងណាដែលយើងអាចបំពេញក្ដីសុខដល់ជីវិតខ្លួនឯង ដោយមិនចាំបាច់ទាល់តែមានស្នេហានោះឡើយ។

ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការនៅទំនេរ៖

១. សេរីភាពនៃការគិត

នៅពេលដែលអ្នកគ្មានចំណងស្នេហាជាមួយបុរសឬនារីណា អ្នកនឹងមានសេរីភាពពេញលេញ ចង់ទៅណាធ្វើអីក៏បាន ព្រោះគ្មានអ្នកណាជំទាស់គំនិតរបស់អ្នកទេ។ មិនត្រឹមតែប៉ុណ្ណឹង អ្នកក៏មានសេរីភាពនៃការគិតពីជីវិតរបស់អ្នក ពីអ្វីដែលអ្នកចង់បាន ពីគោលដៅនៃជីវិតរបស់អ្នក ព្រោះការមានសម្ព័ន្ធភាពស្នេហាធ្វើឲ្យអ្នករវល់នឹងយកពេលវេលាគិតដល់គូស្នេហ៍របស់អ្នកជាជាងខ្លួនឯង។ ការនៅទំនេរ ធ្វើឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់!

២. មានពេលច្រើនសម្រាប់ផ្ដោតលើសុខភាពរាងកាយ

មនុស្សនៅទំនេរសល់ពេលវេលាច្រើន ព្រោះមិនចាំបាច់ជាប់ដៃជាប់ជើងជាមួយបុរសឬនារីណា។ យោងតាមការសិក្សាពី Journal of Marriage and Family បានឲ្យដឹងថា មនុស្សដែលទំនេរឬទើបនឹងលែងលះរួចគឺចំណាយពេលហាត់ប្រាណច្រើនជាងអ្នកដែលរៀបការឬមានដៃគូ ប៉ុន្តែអ្នកដែលផ្ដោតការយកចិត្តទុកដាក់ខ្លាំងលើសុខភាពគឺអ្នកនៅទំនេរនេះឯង។

រូបភាពតំណាង

៣. ទំនាក់ទំនងជាមួយមិត្តគឺស្អិតរមួត

អ្នកនៅទំនេរតែងតែមានមិត្តភក្តិច្រើន និងទាក់ទាញឲ្យមិត្តថ្មីៗចូលមករក ព្រោះពួកគេមានពេលវេលាសម្រាប់ជជែកឬដើរលេងជាមួយមិត្តៗច្រើនជាងអ្នកដែលមានទំនាក់ទំនងស្នេហា។ អ្នកមានស្នេហាភាគច្រើនតែងតែភ្លេចមិត្តភក្តិឬទុកមិត្តចោល នៅពេលពួកគេមានដៃគូ។

យោងតាមការសិក្សាពី Journal Contexts បានចុះផ្សាយថា អ្នកដែលនៅទំនេរគឺខ្វល់ខ្វាយនិងយកចិត្តទុកដាក់ខ្លាំងលើមិត្តៗរបស់ពួកគេ។

៤. មានប្រាក់សមរម្យ

យោងតាមការស្រាវជ្រាវពី dept.org បានផ្សាយថា អ្នកនៅទំនេរជាង២១% មានអាត្រាបំណុលលើកាតក្រេឌីតតិចជាងអ្នកដែលមានដៃគូឬរៀបការដែលមានដល់ ២៧%។ នេះក៏ដោយសារតែ អ្នកមិនចាំបាច់ចំណាយប្រាក់លើដៃគូរបស់អ្នក ឬផ្គត់ផ្គង់ពួកគេ ហើយអ្នកក៏មិនចាំបាច់ចាយប្រាក់ពេលទៅណាត់ចួបគ្នាជាមួយដៃគូនោះឯង។

រូបភាពតំណាង

៥. ទទួលបានឱកាសថ្មីៗលើអាជីពការងារ

ការរស់នៅរបស់អ្នកនៅទំនេរគឺមានភាពបត់បែនតាមកាលៈទេសៈខ្លាំងណាស់ព្រោះគ្មានបន្ទុក ដែលនោះជាការបើកឱកាសឲ្យពួកគេទទួលបានការងារថ្មីៗ ដែលល្អ។ អ្នកមិនចាំបាច់សុំការអនុញ្ញាតឬប្រឹក្សាពីដៃគូ និងអាចរើទៅធ្វើការនៅខេត្តផ្សេង ឬក្រុងផ្សេងដោយគ្មានបញ្ហា។

៦. បណ្ដុះភាពឯករាជ្យ

អ្នកដែលនៅទំនេរ ធ្វើអីដោយខ្លួនឯង ទៅណាមកណាដោយខ្លួនឯង ទើបយូរៗទៅគឺបានបណ្ដុះឲ្យពួកគេសន្សំចរិតឯករាជ្យនៅក្នុងខ្លួន ដោយសារពួកគេដឹងថា គ្មានអ្នកណាហុចដៃមកជួយពួកគេនោះទេនៅពេលមានអាសន្នអ្វីមួយ។ ពួកគេគ្មានបញ្ហាទេបើត្រូវទៅរៀននៅស្រុកក្រៅតែម្នាក់ឯង ហើយក៏គ្មានបញ្ហានឹងការដើរលេងតែឯងនោះទេ។

រូបភាពតំណាង

៧. ចៀសឆ្ងាយពីបញ្ហាផ្សេងៗ

ការនៅទំនេរអាចនឹងធ្វើឲ្យអ្នកឯកាបន្តិច ប៉ុន្តែវាក៏ល្អជាងការជាប់ចំណងជាមួយមនុស្សម្នាក់ទៀត។ ក្នុងទំនាក់ទំនងស្នេហាមានបញ្ហាជាច្រើនខ្លាំងណាស់ដែលត្រូវដោះស្រាយ ដូច្នេះបើអ្នកនៅទំនេរ អ្នកអាចចៀសផុតពីបញ្ហាអស់ទាំងនោះ។ ការនៅទំនេរគឺប្រសើរជាងការជ្រើសរើសមនុស្សខុស ព្រោះយើងឃើញមាន មនុស្សជាច្រើននាក់មានបញ្ហាផ្លូវចិត្តដល់ថ្នាក់ធ្វើបាបខ្លួនឯង ដោយសារតែស្នេហាមួយម៉ាត់។

សរុបមក ការនៅទំនេរមិនអាក្រក់នោះឡើយ។ អ្នកមិនចាំបាច់បែកពីគូស្នេហ៍ម្នាក់ហើយទៅយកគូស្នេហ៍ម្នាក់ទៀត ដោយគិតថាជីវិតអ្នកអត់ស្នេហាមិនបាននោះឡើយ ព្រោះមនុស្សទាំងអស់នៅលើលោកមិនប្រាកដថាកើតមកសុទ្ធតែមានគូនោះទេ។ ការនៅទំនេរអាចឲ្យអ្នកស្វែងយល់ពីខ្លួនឯង បំពេញក្ដីស្រមៃខ្លួនឯង និងអាចធ្វើឲ្យទំនាក់ទំនងជាមួយមិត្តកាន់តែស្អិតរមួត ដូច្នេះបើសិនអ្នកនៅទំនេរ កុំក្រៀមក្រំអី ងាកមករៀនស្វែងយល់ពីខ្លួនឯងវិញ៕

រូបភាពតំណាង

ប្រភព៖: psychologytoday

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]