យល់ដឹង៖ នាសម័យនេះហើយ គ្មានឡើយការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា ហើយយើងឃើញថាមានមនុស្សជាច្រើនរកធាតុពិតរបស់ខ្លួនឯងឃើញហើយថាជាមនុស្សស្រលាញ់ភេទដូចគ្នា។ យ៉ាងណាមិញ ទោះបីសង្គមទទួលស្ដាល់អ្នកជាអ្នកក៏ដោយក៏នៅមានបុគ្គលខ្លះដែលស្និទ្ធស្នាលនឹងអ្នកនិងសំខាន់ចំពោះអ្នក ដូចជាឪពុកម្ដាយជាដើម មិនទាន់បានដឹងថាអ្នកជាមនុស្សស្រលាញ់ភេទដូចគ្នាទេ ដោយសារកន្លងមកអ្នកប្រឹងលាក់ឪពុកម្ដាយអ្នកខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកខ្លះលាក់រឿងនេះពីគ្រួសារ ឬសាច់ញាតិ ដោយសារគិតថាមិនចង់ឲ្យឪពុកម្ដាយខកចិត្តមកលើខ្លួនជាដើម។ ប៉ុន្តែ អ្នកត្រូវមានភាពក្លាហានក្នុងការទទួលស្គាល់ថាអ្នកជាមនុស្សស្រលាញ់ភេទដូចគ្នា និងជម្រាបឪពុកម្ដាយរបស់អ្នកពីរឿងនេះ។ ខាងក្រោយនេះជាគន្លឹះខ្លះៗ ដែលអ្នកត្រូវត្រៀមខ្លួនមុនពេលសារភាពប្រាប់ឪពុកម្ដាយអ្នកថាអ្នកជាមនុស្សស្រលាញ់ភេទដូចគ្នា៖

១. ប្រតិកម្មរបស់ពួកគាត់គឺអាចខុសពីការរំពឹងទុក

ការទម្លាយប្រាប់ឪពុកម្ដាយថាអ្នកជាមនុស្សស្រលាញ់ភេទដូចគ្នាជាលើកដំបូង អាចនឹងស្ដាប់ទៅស្មានមិនដល់ហើយប្រតិកម្មរបស់ពួកគាត់ពេលឮដំណឹងនេះដំបូងគឺអាចនឹងតក់ស្លុត ឬខឹងសម្បា ឬមិនទទួលយកអ្នក ប៉ុន្តែអ្នកត្រូវដឹងថា នេះគ្រាន់តែជាអារម្មណ៍ភ្លាមៗរបស់ឪពុកម្ដាយអ្នកប៉ុណ្ណោះ។ ជួនកាលពួកគាត់ទាំងពីរមិនទាន់គិតបានជ្រៅបានច្បាស់។ មិនថាពួកគាត់មានប្រតិកម្មបែបណាក៏ដោយ សូមអ្នកកុំបាក់ទឹកចិត្តនិងជឿជាក់លើខ្លួនឯង។

២. គិតឲ្យច្បាស់ថាពេលនេះជាពេលត្រឹមត្រូវឬអត់

មុននឹងសារភាពប្រាប់រឿងនេះដល់ឪពុកម្ដាយនិងសាច់ញាតិអ្នក អ្នកត្រូវឲ្យប្រាកដចិត្តថាអ្នកពិតជាចង់ទម្លាយរឿងនេះប្រាប់ពួកគាត់មែន ហើយអ្នកត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រឈមជាមួយពួកគាត់។ អ្នកខ្លះគ្រោងនឹងសារភាពការពិតដោយសារតែមានការបង្ខិតបង្ខំជាដើម ដូច្នេះអ្នកត្រូវតែតាំងចិត្តខ្លួនឯងថាអ្នកនឹងជម្រាបរឿងនេះដល់ឪពុកម្ដាយមែន។

រូបភាពតំណាង

៣. មិនចាំបាច់ប្រាប់ទាំងឪពុកនិងម្ដាយក្នុងពេលជាមួយគ្នាទេ

បើសិនអ្នកមិនចង់ប្រឈមជាមួយទាំងឪពុកនិងម្ដាយក្នុងពេលតែមួយ អ្នកគួរតែជជែកជាមួយអ្នកណាដែលអ្នកមានអារម្មណ៍កក់ក្ដៅអាចនិយាយជាមួយបាន ដូចជាម្ដាយរបស់អ្នកជាដើម។ ការធ្វើបែបនេះគឺចៀសវាងកុំឲ្យមានភាពរកាំរកូស ឬឪពុកម្ដាយអ្នកសហការគ្នាស្ដីបន្ទោសឬដាក់បន្ទុកលើអ្នក។

៤. ជ្រើសរើសពេលវេលា និងទីកន្លែង ឲ្យសមរម្យ

ក្នុងន័យនេះ អ្នកគួរតែជ្រើសរើសពេលវេលាដែលត្រូវជម្រាបពួកគាត់ឲ្យបានសមរម្យទាំងសម្រាប់អ្នកនិងសម្រាប់លោកទាំងពីរ។ ចៀសវាងការនិយាយនៅពេលញ៉ាំអាហារ ព្រោះនេះជាប្រធានបទរសើប ហើយអាចនឹងធ្វើឲ្យឪពុកម្ដាយរបស់អ្នកមានអារម្មណ៍មិនសូវល្អ រហូតមិនទទួលទានបាយ។ អ្នកអាចជ្រើសរើសទីតាំងណាមួយដែលស្ងប់ស្ងាត់ មានតែអ្នកនិងឪពុកម្ដាយ បញ្ចៀសការរំខានពីខាងក្រៅ។

រូបភាពតំណាង

៥. ឲ្យច្បាស់ថាអ្នកព្រមឲ្យអ្នកផ្សេងដឹងពីរឿងនេះឬអត់

អ្នកត្រូវប្រាកដចិត្តថា អ្នកអាចទទួលយកបាន បើសិនជាពេលប្រាប់ឪពុកម្ដាយរបស់អ្នកហើយគឺពួកគាត់អាចនឹងយករឿងនេះទៅប្រាប់សមាជិកគ្រួសារទាំងមូល ឬសាច់ញាតិរបស់អ្នក ដូច្នេះសូមអ្នកត្រៀមខ្លួនឲ្យបានល្អ។

៦. អ្នកមិនត្រូវការការអនុញ្ញាតពីឪពុកម្ដាយអ្នកទេ

កុំរំពឹងពីចម្លើយរបស់ឪពុកម្ដាយអ្នកពេក និងកុំបាក់ទឹកចិត្តបើសិនលោកទាំងពីរមិនទាន់បើកចិត្តទទួលយក។ ការដែលអ្នកប្រាប់ឪពុកម្ដាយអ្នកថាអ្នកស្រលាញ់ភេទដូចគ្នានោះគឺគ្រាន់តែជាការជូនដំណឹង មិនបានសុំការអនុញ្ញាតទេ។ ជីវិតអ្នកជារបស់អ្នក គឺអ្នកមានសិទ្ធិសេរីភាពគ្រប់យ៉ាង ដូច្នេះចូររស់នៅជាខ្លួនឯងនិងទទួលស្គាល់ខ្លួនឯង!

រូបភាពតំណាង

៧. ណែនាំពួកគាត់ឲ្យស្គាល់ពីសហគមន៍ LGBTQ+

ជួនកាល ឪពុកម្ដាយរបស់អ្នកមិនសូវដឹងពីសហគម៍ LGBTQ+ ឬសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ដូច្នេះអ្វីដែលអ្នកគួរធ្វើគឺ ណែនាំឬបង្រៀនពួកគាត់ឲ្យស្វែងយល់ពីសហគមន៍មួយនេះ ដើម្បីឲ្យផ្នត់គំនិតរបស់ពួកគាត់ចាប់ផ្ដើមបើកទទួលយកវា៕  

ប្រភព៖: ditchthelabel

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]