យល់ដឹង៖ គ្មានអ្នកណាចង់ក្លាយជា Single Mom ឬម្ដាយដែលចិញ្ចឹមកូនម្នាក់ឯងដោយគ្មានស្វាមីនិងបុរសជាឪពុករបស់កូនចាំមើលថែនោះទេ ប៉ុន្តែកាលៈទេសៈខ្លះបង្ខំឲ្យអ្នកត្រូវតែដើរដល់ផ្លូវបែបនេះ។ ថាចិញ្ចឹមកូនម្នាក់ដោយមានទាំងឪពុកនិងម្ដាយវាលំបាកហើយ ប៉ុន្តែពេលមានតែម្ដាយ គ្មានឪពុកចាំជួយមើលថែបែបនេះ បន្ទុកទាំងអស់ធ្លាក់ទៅលើអ្នកម្ដាយដែលជា Single Mom។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាគន្លឹះខ្លះៗសម្រាប់អ្នកម្ដាយចិញ្ចឹមកូនម្នាក់ឯង៖

១. ថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នក

មុននឹងឈានចូលដល់ការមើលថែកូន អ្នកជាម្ដាយត្រូវតែប្រាកដចិត្តថាខ្លួនឯងមានផ្លូវចិត្តរឹងមាំ ព្រោះការចិញ្ចឹមកូនតែម្នាក់ឯងគឺពិតជានឿយហត់ណាស់ ហើយអ្នកមានការងារត្រូវធ្វើខាងក្រៅទៀត ដូច្នេះអ្នកត្រូវតែតាមពិនិត្យមើលស្ថានភាពផ្លូវចិត្ត។

២. ថែរក្សាសុខភាពរាងកាយ

អស់ពីសុខភាពផ្លូវចិត្ត សុខភាពរាងកាយក៏សំខាន់ណាស់ដែរ ដោយសារតែអ្នកមិនអាចឈឺរហូតទេ ព្រោះមានកូនត្រូវមើលថែ។ ដើម្បីរក្សាសុខភាពឲ្យរឹងមាំ ត្រូវហាត់ប្រាណឲ្យបានជាប់លាប់ និងទទួលទានបន្លែនិងផ្លែឈើមានជីវជាតិ ដើម្បីអាចបំពេញកាតព្វកិច្ចរបស់អ្នកជា Single Mom ។

រូបភាពតំណាង

៣. ទុកដាក់ប្រាក់កាក់ឲ្យបានល្អ

 ជា Single Mom អ្នកត្រូវតែពូកែខាងសន្សំប្រាក់ ព្រោះគ្មានចំណូលពីអ្នកជាឪពុកសម្រាប់ទ្រទ្រង់ការមើលថែកូននោះឡើយ។ អ្នកត្រូវចេះបែងចែកប្រាក់កាក់ ហើយត្រូវកត់ត្រាការចំណាយប្រចាំថ្ងៃដើម្បីតាមដានការចំណាយរបស់អ្នក។ ការចំណាយណាដែលអ្នកគិតថាមិនចាំបាច់ ត្រូវគូសវាចោល ដើម្បីឲ្យអ្នកសល់ប្រាក់ខ្លះ។ អ្នកក៏មិនត្រូវភ្លេចរក្សាទុកប្រាក់សម្រាប់ទិញទឹកដោះគោ ខោទឹកនោម ឬក៏ប្រាក់បម្រុងនៅពេលកូនឈឺជាដើម។

៤. ជជែកនិងបង្កើតមិត្តជាមួយ Single Mom ដូចគ្នា

គ្មានអ្នកណាអាចយល់ពីទុក្ខលំបាករបស់អ្នកដូច Single Mom ដូចគ្នាទេដូច្នេះ អ្នកគួរតែចូលរួមជាមួយសហគមន៍សម្រាប់អ្នក Single Mom ឬក៏បង្កើតមិត្តៗដែលជា Single Mom ដូចគ្នា ដើម្បីអាចលើកទឹកចិត្តគ្នាទៅវិញទៅមក និងដោះដូរយោបល់ក៏ដូចជាបទពិសោធន៍។

៥. បង្កើតជាទម្លាប់រាល់ថ្ងៃ

ការមិនមានរៀបចំកាលវិភាគនៃសកម្មភាពរាល់ថ្ងៃ អាចធ្វើឲ្យអ្នកវឹកវរខ្លាំង ដូច្នេះអ្នកគួរតែបង្កើតជាទម្លាប់ជាមួយកូនអ្នក។ អ្នកត្រូវកំណត់ថាអ្នកភ្ញាក់ម៉ោងណាហើយកូនអ្នកភ្ញាក់ម៉ោងណា ញ៉ាំអាហារពេលព្រឹកនាម៉ោងប៉ុន្មាន ហើយកូនអ្នកត្រូវងូតទឹកនៅម៉ោងប៉ុន្មាន... ជាដើម។ ធ្វើបែបនេះអាចឲ្យអ្នកសន្សំសំចៃពេលវេលា។

រូបភាពតំណាង

៦. ប្រដៅកូនពីក្មេង

ដោយសារតែអ្នកចិញ្ចឹមកូនម្នាក់ឯង ទើបវាល្អណាស់ដែលអ្នកអាចពត់ដែកទាន់នៅក្ដៅ (ប្រដៅកូនទាន់កូននៅក្មេង) ដោយមិនតាមចិត្តកូនពេក និងមានច្បាប់ទម្លាប់ត្រឹមត្រូវដើម្បីឲ្យកូនរបស់អ្នកធំឡើងក្លាយជាក្មេងស្ដាប់បង្គាប់ មិនច្រឡើសបើស។ លើសពីនេះទៅទៀត អ្នកក៏ត្រូវចំណាយពេលមើលថែ ជជែក និងនិយាយប្រាប់កូនពីក្ដីស្រលាញ់របស់អ្នកផងដែរ ដើម្បីឲ្យគេដឹងថាអ្នកស្រលាញ់គេខ្លាំង ដែលធ្វើឲ្យទំនាក់ទំនងម្ដាយកូនស្អិតរមួត។

រូបភាពតំណាង

៧. គិតវិជ្ជមានជានិច្ច ជា Single Mom

អាចជាការប្រកួតប្រជែងមួយ ហើយអ្នកនឹងចួបឧបសគ្គច្រើនក្នុងជីវិត ប៉ុន្តែអ្នកត្រូវចាំថា ជីវិតត្រូវតែដើរទៅមុខ អ្នកខំថ្ងៃនេះនឹងបានផលនាថ្ងៃណាមួយ ដូច្នេះសូមគិតវិជ្ជមាន និងទទួលយកនិងស្រលាញ់ជីវិតខ្លួនឯង ហើយកុំព្យាយាមយកជីវិតអ្នកនិងកូនអ្នកទៅប្រៀបធៀបនឹងកូនដែលមានគ្រួសារពេញលេញ។ បើសិនជាអ្នកក្រៀមក្រំខ្លាំង សូមស្វែងរកការពិភាក្សាពីមិត្តភក្ដិ បងប្អូន ឬឪពុកម្ដាយ៕  

ប្រភព៖: parent

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]