ស្នេហា៖ ធ្លាប់ទេពេលដែលសុខៗមិត្តភក្តិស្និទ្ធស្នាលរបស់អ្នក ផ្លាស់ប្ដូរទាំងស្រុងពេលដែលគេមានស្នេហា ឬមានគូស្នេហ៍? កាលពីមុន គេទៅណាមកណាជាមួយអ្នកតែពេលមានគូស្នេហ៍ប៉ឹប ក៏ឈប់ខ្វល់ខ្វាយពីអ្នក និងផ្លាស់ប្ដូរចរិតទាំងស្រុងគឺមិនថាធ្វើអី គឺមិត្តម្នាក់នោះតែងតែគិតដល់គូស្នេហ៍របស់គេមុនអ្នកជានិច្ច។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការពិតទៅវាជារឿងធម្មតាទេដែល មិត្តពីរនាក់រាងឃ្លាតឆ្ងាយពីគ្នា ពេលមិត្តម្នាក់ក្នុងចំណោមនោះមានគូស្នេហ៍ ដោយសារតែគេគិតថា អារម្មណ៍ស្នេហានិងក្ដីស្រលាញ់បែបគូស្នេហ៍គឺជាអារម្មណ៍មួយដ៏សំខាន់ជាងការស្រលាញ់បែបមិត្តភក្តិ។ យោងតាមការស្រាវជ្រាវពីលោក Robin Dunbar នៃសាកលវិទ្យាល័យ Oxford បានបង្ហើបថា អ្នកតែងតែបាត់បង់មិត្តយ៉ាងហោចណាស់ពីរនាក់ពេលអ្នកមានទំនាក់ទំនងស្នេហា។

យ៉ាងណាមិញ បើសិនជាមិត្តរបស់អ្នកភ្លេចខ្វល់ពីអ្នកពេលគេមានដៃគូស្នេហា ខាងក្រោមនេះជាអ្វីដែលអ្នកគួរធ្វើ៖ ១. បណ្ដោយគេទៅ

បើសិនជាមិត្តរបស់អ្នកទើបតែទាក់ទងជាមួយគូស្នេហ៍គេ សូមបណ្ដោយឲ្យពួកគេបានចំណាយពេលជាមួយគ្នាចុះព្រោះគូស្នេហ៍ថ្មីថ្មោងតែងតែល្អូកល្អឺន បេះមិនដាច់បែបនេះឯង ជាពិសេសអំឡុងពេលទាក់ទងគ្នាដំបូងៗ ដែលគេហៅថា Honeymoon Phase នេះឯង។ ជួនកាល មិត្តរបស់អ្នកគ្រាន់តែរំភើបខ្លាំងដែលមានគូស្នេហ៍ ហើយបើទាក់ទងគ្នាយូរៗទៅ គេអាចនឹងងាកមកខ្វល់ខ្វាយពីអ្នកនិងចំណាយពេលជាមួយអ្នកដូចដើមវិញ។

រូបភាពតំណាង

២. ធ្វើជាមិត្តរបស់គូស្នេហ៍មិត្តភក្តិអ្នក

អ្នកអាចនឹងចាប់ផ្ដើមមានអារម្មណ៍ថាច្រណែនបុរសឬនារីម្នាក់នោះ ដោយសារតែមិត្តរបស់អ្នកចំណាយពេលជាមួយគេច្រើន ដូច្នេះវិធីដោះស្រាយដែលល្អគឺចួបជាមួយបុរសឬនារីម្នាក់នោះ ហើយយកគេធ្វើជាមិត្តដែរ ឬរក្សាទំនាក់ទំនងឲ្យបានល្អ ដូច្នេះ មិត្តអ្នកនឹងកាន់តែរីករាយពេលមិត្តខ្លួននិងគូស្នេហ៍ខ្លួនចុះសម្រុងគ្នាល្អ។

រូបភាពតំណាង

៣. កុំនិយាយអាក្រក់ពីគូស្នេហ៍របស់មិត្តអ្នក

នៅពេលខ្លះ មិត្តអ្នកនិងគូស្នេហ៍មានជម្លោះខ្លាំងរហូតដល់ថ្នាក់បែកបាក់គ្នា ប៉ុន្តែអ្វីដែលអ្នកមិនគួរធ្វើនាពេលនោះគឺនិយាយអាក្រក់ពីបុរសឬនារីម្នាក់នោះ។ ហេតុផលគឺ មិត្តរបស់អ្នកនិងបុរសឬនារីម្នាក់នោះ អាចនឹងត្រូវគ្នាវិញ ដូច្នេះបើអ្នកនិយាយអាក្រក់ពីគេ ទំនាក់ទំនងអ្នកនិងមិត្តអ្នកកាន់តែប្រេះស្រាំ។ មិត្តរបស់អ្នកប្រាកដជាគិតថាអ្នកមិនគាំទ្រទំនាក់ទំនងរបស់ពួកគេទេនិងចាប់ផ្ដើមដកខ្លួនចេញពីអ្នក។

៤. បង្វែរចំណាប់អារម្មណ៍មកលើអ្វីផ្សេង

បើសិនជាមិត្តអ្នកលែងខ្វល់ខ្វាយពីអ្នក សូមអ្នកបង្វែរចំណាប់អារម្មណ៍មករកអ្វីថ្មីៗធ្វើ ដើម្បីបង្កើតភាពរីករាយដល់ខ្លួនឯង ដូចជាស្វែងរកចំណង់ចំណូលចិត្តថ្មីៗ ស្វែងរកនិងចួបជុំមិត្តភក្តិថ្មីៗ ជាដើមដែលអ្នកក៏អាចមានឱកាសបានចួបជាមួយគូស្នេហ៍ផងដែរ។ ការមានគូស្នេហ៍នៅពេលមិត្តអ្នកមានគូស្នេហ៍ដែរ គឺអាចធ្វើឲ្យអ្នកបានស្វែងយល់ច្បាស់ពីអារម្មណ៍របស់គេនិងអាចចំណាយពេលទៅដើរលេងទាំងក្រុងបែប Double Date ផងដែរ។

រូបភាពតំណាង

៥. រៀបគម្រោងចេញទៅខាងក្រៅជាមួយគ្នា

កាលណាដែលមិត្តអ្នកមានគូស្នេហ៍គឺគេមិនទំនេររហូតទេ ដូច្នេះបើអ្នកចង់ចេញទៅណាជាមួយគេ សូមរៀបគម្រោងជាមួយគ្នាឲ្យបានច្បាស់លាស់ដោយសំណូមពរមិនឲ្យមិត្តអ្នកយកគូស្នេហ៍របស់គេមកទេ។

៦. បើកចិត្តនិយាយជាមួយមិត្តអ្នក

បើសិនជាអ្នកអនុវត្តវិធីខាងលើអស់ហើយ តែនៅមិនបានផល គឺដល់ពេលដែលអ្នកត្រូវជជែកមុខទល់មុខជាមួយមិត្តរបស់អ្នកហើយ។ អ្នកគួរតែនិយាយជាមួយមិត្តអ្នកពីអារម្មណ៍របស់អ្នក និងសំណូមពរឲ្យមិត្តអ្នកងាកមកចំណាយពេលជាមួយអ្នកខ្លះ៕  

ប្រភព៖: glamourmagazine

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]