ភ្នំពេញ៖ ABA ដែល​ជាធនាគារ​ពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា ត្រូវ​បាន​ទទួល​ស្គាល់​ជា ធនាគារ​ឌីជីថល​ឆ្នើម​បំផុត​នៅ​កម្ពុជា ឆ្នាំ ២០២៣ ពី ទស្សនា​វដ្ដី International Finance ដែល​ជា​ទស្សនា​វដ្ដី​ហិរញ្ញ​វត្ថុ និង​ពាណិជ្ជ​កម្ម​លំដាប់​កំពូល ដែល​មាន​ទី​ស្នាក់​ការ​នៅ​ចក្រ​ភព​អង់គ្លេស។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពាន​រង្វាន់​ដ៏​មាន​កិត្យានុ​ភាព​នេះ បង្ហា​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ធនាគារ​ជា​បន្ដ​បន្ទាប់​ចំពោះ​នវានុ​វត្តន៍ មុខ​ងារ​ដ៏​ល្អ​ឯក​នៃ​ដំណោះ​ស្រាយ​របស់​ខ្លួន ផ្ទៃ​អន្ដរ​កម្ម​ងាយ​ស្រួល​ប្រើ និង​ទំនាក់​ទំនង​អតិថិ​ជន​ដ៏​រឹង​មាំ​នៅ​ក្នុង​ប្រតិ​បត្តិការ​ធនាគារ​ឌីជីថល​របស់​ខ្លួន។ គុណ​សម្បត្តិ​ទាំង​អស់​នេះ បាន​ធ្វើ​ឲ្យ ABA ក្លាយ​ជា​ធនាគារ​ផ្តល់​សេវា​ឌីជីថល​គ្មាន​គូ​ប្រៀប និង​ជា​អេប​លើ​ទូរ​ស័ព្ទ​ដៃ​ដ៏​ងាយ​ស្រួល​ប្រើ​បំផុត។

ជា​ផ្នែក​មួយ​នៃ​វឌ្ឍនភាព​សេវា​ធនាគារ​ឌីជីថល​នៅ​កម្ពុជា ថ្មីៗ​​នេះ ABA បាន​បោះ​ជំហាន​ទៅ​មុខ​បន្ថែម​ទៀត​ ដើម្បី​ផ្លាស់​ប្តូរ​ទីផ្សារ ដោយ​ក្នុង​នោះ រួម​មាន ការ​ដាក់​ដំណើរ​ការ​អេប ABA Mobile ជំនាន់​ថ្មី។ អេប​ថ្មី​នេះ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី ផ្តល់​នូវ​បទ​ពិសោធ​សេវា​ធនាគារ​កាន់​តែ​ប្រសើរ ស្រប​តាម​តម្រូវ​ការ​អតិថិជន។ អេប​នេះ អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​កែ​ប្រែ​រូប​រាង ឲ្យ​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន ជា​មួយ​ជម្រើស​ផ្ទាំង​វិចិត្រ ផ្ទៃ​អេក្រង់ និង​ម៉ូដ​ប៊ូតុង ដែល​អាច​រៀប​ចំ​បាន​តាម​ចំណូល​ចិត្ត។ ក្រៅ​ពី​នេះ អតិថិជន​ក៏​អាច​ប្ដូរ​ទំហំ​អក្សរ ឲ្យ​កាន់​តែ​ស្រួល​មើល​ជាង​មុន ព្រម​ទាំង​ប្ដូរ​ទៅ​មក​រវាង​ផ្ទៃ​ភ្លឺ និងផ្ទៃ​ងងឹត​ផង​ដែរ។

ធនាគារ មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​បណ្ដាញ​ទូទាត់ KHQR របស់​ខ្លួន ដោយ​ពាណិជ្ជករ​ទាំង​អនឡាញ និង​អ្នក​លក់​នៅ​ហាង​ផ្ទាល់​ជាង ៦០០,០០០ ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​ទូទាត់​បែប​ឌីជីថល​នេះ។

លើស​ពី​នេះ កម្ម​វិធី ABA Merchant app ដែល​ជា​ដំណោះ​ស្រាយ​ពេញ​លេញ សម្រាប់​អាជីវ​កម្ម​គ្រប់​ប្រភេទ​ក្នុង​ការ​ប្រមូល​ប្រាក់​ទូទាត់​បែប​ឌីជីថល និង​គ្រប់​គ្រង​អាជីវ​កម្ម​យ៉ាង​ងាយ​ស្រួល ក៏​មាន​កំណើន​​អ្នក​ប្រើប្រាស់​សកម្ម ៥៩% ​ក្នុង​ឆ្នាំ​កន្លង​ទៅ​ផង​ដែរ។

កំណើន​នេះ​នៅ​ក្នុង​​ផ្លែត​ហ្វមទូទាត់ QR របស់​ពាណិជ្ជករ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ធនាគារ​យើង ក្នុង​ការ​ផ្ដល់​ជូនអតិថិជន​នូវ​ជម្រើស​ទូទាត់​ងាយ​ស្រួល និង​មាន​ប្រសិទ្ធភាព។

ABA បន្ត​អភិវឌ្ឍ​ផ្លែត​ហ្វម ABA Business របស់​ខ្លួន ដែល​ផ្តល់​សេវា​ធនាគារ​អន​ឡាញ​កាន់​តែ​លឿន ប្រកប​ដោយ​នវានុ​វត្ត និង​សុវត្ថិ​ភាព សម្រាប់​ក្រុម​ហ៊ុន​នានា ជា​មួយ​នឹង​សេវា​កម្ម​ទូលំ​ទូលាយ និង​ពេញ​លេញ​ដែល​អាច​ប្រើ​បាន​គ្រប់​ពេល​វេលា និង​ទី​កន្លែង។

ផ្លែត​ហ្វម​នេះ ទទួល​បាន​នូវ​ការ​ពង្រឹង​សមត្ថ​ភាព​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ដែល​សុវត្ថិភាព​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​បំផុត។

ធនាគារ​ក៏​បាន​វិនិយោគ​យ៉ាង​ច្រើន​ទៅ​លើ ការ​ការ​ពារ​ហេដ្ឋា​រចនា​សម្ពន្ធ​ព័ត៌​មាន​វិទ្យា​របស់​ខ្លួន​ផង​ដែរ។ ABA ប្រើ​ប្រាស់​ដំណោះ​ស្រាយ និង​បច្ចេក​វិទ្យា​ពី​ក្រុមហ៊ុន​ផ្គត់​ផ្តង់​ប្រព័ន្ធ​សុវត្ថិភាព​លំដាប់​កំពូលៗ របស់​ពិភព​លោក ដើម្បី​ការ​ពារ​នឹង​ការ​គំរាម​កំហែង​តាម​អុីន​ធឺណិត​ដូច​ជា CyberArk, CrowdStrike, Cloudflare, Palo Alto Networks ។ ល។

ធនាគារ ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ពី​គុណ​ភាព ជា​មួយ​វិញ្ញា​បន​បត្រ បទ​ដ្ឋាន​សន្ដិ​សុខ​ទិន្នន័យ​ឧស្សាហ​កម្ម​កាត​ទូទាត់ (PCI DSS)ដែល​បញ្ជាក់​ថាធនាគារ​ផ្ដល់នូវ​សុវត្ថិ​ភាព​កម្រិត​ខ្ពស់​បំផុត សម្រាប់​ប្រតិ​បត្តិការ​អន​ឡាញ និង​ការ​ពារ​ទិន្នន័យ​សម្ងាត់​របស់​ម្ចាស់​កាត។

លោក Zokhir Rasulov នាយក​ឌីជីថល​ធនាគារ ABA បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន ក្នុង​ឱកាស​នេះ​ថា “យើង​ខ្ញុំ​មាន​កិត្តិយស ដែល​បាន​ទទួល​ពាន​រង្វាន់​ដ៏​មាន​កិត្យានុ​ភាព​ពី​ទស្សនា​វដ្ដី International Finance ។

“នៅ ABA យើង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​ក្លាយ​ជា​ធនាគារ​ឌីជីថល​នវានុ​វត្ត​ឈាន​មុខ​នៅ​កម្ពុជា ហើយ​ការ​ទទួល​ស្គាល់​នេះ កាន់​តែ​ជំរុញ​ឲ្យ​យើង​បន្ដ​កិច្ច​ការ​បន្ថែម​ទៀត​ ដើម្បី​ផ្ដល់​សេវា​ធនាគារ​ដ៏​ល្អ​បំផុត​ធ្វើ​ឲ្យ​​ជីវិត​រស់​នៅ​របស់​អតិថិជន​កាន់​តែ​ងាយ​ស្រួល”។

នៅ​ក្នុង​សំណេរ​ពាក់​ព័ន្ធ​នឹង​ពាន​រង្វាន់ បាន​បង្ហាញ​ពី​សមិទ្ធ​ផល​គួរ​ឲ្យ​កត់​សម្គាល់​របស់ ABA ក្នុង​វិស័យ​សេវា​ធនាគារ​ឌីជីថល ដោយ​ខាង​ទស្សនា​វដ្ដី បាន​អធិប្បាយ​ថា “ធនាគារ ABA ទទួល​បាន​ពាន​រង្វាន់​កំពូល​នេះ សម្រាប់​គុណ​ភាព​សេវា​កម្ម, នវានុ​វត្តន៍, មុខ​ងារ, ផ្ទៃ​អន្ដរ​កម្ម​ងាយ​ស្រួល​ប្រើ, សេវា​បម្រើ​អតិថិជន និង​ទំនាក់​ទំនង​អតិថិជន ដែល​ធនាគារ​បាន​នាំ​យក​ទៅ​ក្នុង​សេវា​ធនាគារ​ឌីជីថល​របស់​ខ្លួន”។

“ធនាគារ ទទួល​បាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​ការ​ទូទាត់​អនឡាញ និង​បាន​អនុ​វត្ត​វិធាន​ការ​ពង្រឹង​សុវត្ថិ​ភាព​សម្រាប់​អតិថិជន​របស់​ខ្លួន។ ចំនួន​ប្រតិ​បត្តិ​ការ​ពី​ឆ្នាំ ២០២១ ដល់ ២០២២ ដែល​ធ្វើ​ឡើង​តាម ABA Mobile បាន​កើន​ឡើង។ ពាន​រង្វាន់​នេះ បាន​បង្ហាញ​ពី​ជំហរ​របស់ ABA ក្នុង​នាម​ជា​ធនាគារ​ឈាន​មុខ ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញ​វត្ថុ​របស់​កម្ពុជា”។

ABA នៅ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា និង​អនុ​វត្ត​ដំណោះ​ស្រាយ​តាម​បែប​ទំនើប ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​របស់​ខ្លួនប្រកប​ដោយ​ភាព​ងាយ​ស្រួល និង​សុវត្ថិ​ភាព។

តាម​រយៈ​ការ​វិនិយោគ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ទិដ្ឋភាព​ធនាគារ​ឌីជីថល ABA មាន​គោល​បំណង​លើក​កម្ពស់​បរិយា​បន្ន​ហិរញ្ញ​វត្ថុ និង​រួម​ចំណែក​ដល់​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា។

លោក​អ្នក​អាច​ទាក់​ទង​មក ABA គ្រប់​ពេល​វេលា 24/7 តាម​លេខ ១ ៨០០ ២០៣ ២០៣ (ឥត​គិត​ថ្លៃ​សម្រាប់​ការ​ហៅ​ក្នុង​ប្រទេស​កម្ពុជា)។

អំពីធនាគារ ABA

 ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 និង 2022 របស់ធនាគារជាតិនៃកម្ពុជា។

ជាមួយបណ្ដាញសាខាចំនួន 85,​​ ទីតាំងស្វ័យសេវា 41, ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 1400+ នៅទូ​ទាំង​ប្រទេស​,​ សេវា​ធនាគារ​អន​ឡាញ​ និងកម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ បានធ្វើ​ឲ្យ​ធនាគារ​ ABA​ អាច​បម្រើ​អតិថិជន​​ដល់ 3 លាន ​ជាមួយ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​។

 ភាគទុនិកដ៏ធំរបស់ ABA គឺជា ធនាគារជាតិកាណាដា ដែលជាធនាគារដ៏ធំលំដាប់ទី 6 ​នៅកាណាដា និង​នាំមុខគេនៅខេត្តកេប៊ិច។

អំពីទស្សនាវដ្ដី International Finance

International Finance គឺជាទស្សនាវដ្តីហិរញ្ញវត្ថុ និងវិភាគអាជីវកម្មលំដាប់កំពូល ដែលត្រូវបានបោះពុម្ពផ្សាយដោយ International Finance Publications Ltd របស់ចក្រភពអង់គ្លេស។

ជាមួយនឹងការផ្តោតលើទីផ្សារថ្មីៗ International Finance ផ្តល់នូវព័ត៌មាន ការវិភាគ និងការអត្ថាធិប្បាយពីអ្នកជំនាញមកពីវិស័យផ្សេងៗគ្នា អ្នករួមចំណែក និងអ្នកនិពន្ធជាដើម។

ក្រុមនិពន្ធនាយក បានលើកឡើងអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងធុរកិច្ចសំខាន់ៗ ហើយបានចូលរួម, ផ្តល់ព័ត៌មាន និងប្រមូលផ្ដុំអ្នកដឹកនាំអាជីវកម្ម, អ្នកធ្វើការសម្រេចចិត្ត, វិនិយោគិន និងក្រុមហ៊ុននៅក្នុងទីផ្សារសំខាន់ៗជាមួយនឹងខ្លឹមសារជាក់ស្តែងប្រចាំថ្ងៃ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]