ភ្នំពេញ៖ លើសពីការបង្ហាញទេពកោសល្យ តែក្រុមជនពិការមួយក្រុម បានធ្វើឱ្យមនុស្សទូទាំងពិភពលោក កោតស្ញប់ស្ញែងជាខ្លាំង ចំពោះភាពតស៊ូ ភាពមោះមុត ជម្នះគ្រប់ឧបសគ្គ បើទោះបីជាកាយសម្បទារមិនគ្រប់លក្ខណៈដូចអ្នកដទៃ តែពួកគេមិនបោះបង់ខ្លួនឯង ព្រមទាំងអាចមានសមត្ថភាពពិសេសមកសម្ដែងលើវេទិកាលំដាប់ពិភពលោក Cambodia’s Got Talent រហូតទទួលបានប៊ូតុងមាសពី Judge ខាត់ សុឃីម។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមពិការ EpicEncounter មានសមាជិក ៦ រូប បុរស ៣នាក់ និងស្ត្រី ៣ នាក់ មានខ្លះពិការជើង ខ្លះទៀតពិការថ្លង់ បានសហការគ្នាយ៉ាងល្អ សម្ដែងរបាំសហសម័យជនពិការ លើឆាក Cambodia’s Got Talent រដូវកាលទី៣ ធ្វើឱ្យគណៈកម្មការ និងទស្សនិកជនទស្សនាភ្លឹកតែម្ដង។ ពួកគេទាំង ៦ នាក់ បានបង្ហាញពីភាពរហ័ស រហួន ភាពក្លៀវក្លារ នៅលើឆាក ដោយមិនមានភ្លាំងភ្លាត់ ឬខុសបច្ចេកទេសណាមួយនោះទេ ជាមួយនឹងឧបករណ៍របស់ជនពិការ មានរទេះរុញ និងឈើច្រត់ជាដើម។ ចំណុចនេះហើយ ទើបធ្វើឱ្យគណៈកម្មការទាំង ៤ រូប កោតសរសើរជាខ្លាំង ដែលពួកគេបានសហការគ្នាយ៉ាងល្អ ទោះបីមានអ្នកដែលមិនអាចស្ដាប់បានក្នុងក្រុមក៏ដោយ។

រូបភាព

ក្រោយចប់ការសម្ដែងក្រុមជនពិការខាងលើបានទទួលការកោតសរសើរជាខ្លាំងពីសំណាក់គណៈកម្មការទាំង ៤ រូប ជាពិសេសបានឆក់យកបេះដូងអ្នកនាង ខាត់ សុឃីម ឱ្យគោះប៊ូមាស ធ្វើឱ្យក្រុមពិការដ៏អស្ចារ្យមួយនេះ អាចឆ្លងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។ អ្នកនាង ខាត់ សុឃីម បានបង្ហាញអារម្មណ៍រំជួលចិត្តជាខ្លាំង នៅពេលដែលស្ដាប់មេក្រុមជនពិការរៀបរាប់ពីអត្ថន័យនៃការសម្ដែង។ ចំណុចមួយដែលធ្វើឱ្យគណៈកម្មការស្រីរូបនេះ ទ្រាំមិនគោះប៊ូតុងមិនបាននោះ គឺដោយសារ នេះមិនមែនគ្រាន់តែជាការបង្ហាញទេពកោសល្យប៉ុណ្ណោះទេ តែក្រុមពិការ EpicEncounter បានបង្ហាញជាគំរូមួយ ទៅដល់មនុស្សទូទាំងពិភពលោកថា «ប្រសិនបើអ្នកគិតថាជីវិតអ្នកលំបាក អស់សង្ឃឹម ចង់បោះបង់ ឬ អ្នកដែលមានបញ្ហាវិបត្តិផ្លូវចិត្ត ចង់គិតខ្លី សូមក្រឡេកមកមើលពួកគាត់ តើពួកគាត់តស៊ូប៉ុណ្ណាទាំងដែលមានរាងកាយមិនដូចមនុស្សដទៃតែនៅតែមានក្ដីសង្ឃឹម និងអាចមកបង្ហាញទៅកាន់ពិភពលោកថា ទោះបីពិការរាងកាយ តែពួកគេមិនពិការបេះដូងឡើយ»

រូបភាព

យ៉ាងណាមិញទស្សនិកជនក៏ដូចជាគណៈកម្មការទាំង ៤ រូប នឹងរង់ចាំមើលថាតើ នៅវគ្គផ្ដាច់ព្រ័ត្រក្រុមពិការ EpicEncounter នឹងលើកយកទម្រង់អ្វីមកសម្ដែងបន្តទៀត ហើយថាអាចយកឈ្នះបេះដូងមហាជន ដើម្បីមានឱកាសលើកពានដែរឬទេ?

រូបភាព

កម្មវិធី Cambodia’s Got Talent រដូវកាលទី៣ មានចាក់ផ្សាយរៀងរាល់ថ្ងៃសោរ៍ ម៉ោង ៨យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ហើយបងប្អូនទស្សនិកជនក៏អាចទស្សនាតាមរយៈការ Live នៅលើទំព័រហ្វេសប៊ុកផេក Cambodia’s Got Talent បានផងដែរ៕

រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]