ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងមានអ្នកទស្សនារាប់លាននាក់ ពេលនេះឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ កាលពីថ្ងៃអាទិត្យទី ២៤ កញ្ញា ឆ្នាំ ២០២៣ នេះ។ គ្រូបង្វឹកដ៏មានឥទ្ធិពលទាំង ៤ រូប នៅសល់សមាជិកក្នុងក្រុម ដែលជាបេក្ខជនជើងខ្លាំងក្នុង ១ក្រុមមានតែ ២រូបប៉ុណ្ណោះ ហើយក្នុងចំណោមបេក្ខជនទាំង ៨រូប មានតែ ៤រូប ដែលទទួលបានការគាំទ្រខ្លាំងជាងគេពីទស្សនិកជន នឹងទទួលបានឱកាសមាសទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមយកពានរង្វាន់។
យ៉ាងណាមិញបើយើងតាមដាមតាំងពីវគ្គ Blind Audition រហូតមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ មានបេក្ខជនឆ្នើមៗ ពូកែៗ ជាច្រើនរូប បានយកសំឡេង និងសមត្ថភាពមកប្រជែងគ្នា ដើម្បីឆក់យកបេះដូងគ្រូបង្វឹក ឆ្លងពីមួយវគ្គទៅមួយវគ្គ រហូតមកដល់វគ្គដែលទស្សនិកជនមានសិទ្ធិជ្រើសរើសបោះឆ្នោតដល់បេក្ខជន ដែលពួកគេគាំទ្រ ហើយមកដល់ពេលនេះ បេក្ខជនចុងក្រោយ 4រូប របស់ The Voice Cambodia រដូវកាលទី3 រួមមាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.បេក្ខនារី គឹម សុវណ្ណ
គឹម សុវណ្ណ ជាបេក្ខនារីដែលស្ថិតនៅក្នុងក្រុមគ្រូបង្វឹកដ៏មានឥទ្ធិពល ឱក សុគន្ធកញ្ញា កំពុងមានប្រជាប្រិយភាពខ្លាំង និងអាចខាបយកដួងចិត្តអ្នកគាំទ្រ អាចឆ្លងផុតដោយសារសំឡេងគាំទ្រ មកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។ សុវណ្ណ ផ្ទុះការគាំទ្រតាំងពី Blind Audition នៅពេលដែលនាងច្រៀងបទ “I Always Love You” ជាមួយសំឡេងដ៏មានថាមពល ដង្ហើមវែង និងចេះប្រើបច្ចេកទេសក្នុងការច្រៀងបានយ៉ាងល្អបំផុត។ ឆ្លងពីមួយវគ្គ ទៅមួយវគ្គ គឹម សុវណ្ណ តែងផ្លាស់ប្ដូរស្ទីលក្នុងការច្រៀងជាមួយបទចម្រៀងប្រភេទផ្សេងៗទៀត ក្រៅពីច្រៀងបទបរទេស ដែលធ្វើឱ្យទស្សនិកជន កាន់តែកត់សម្គាល់ទៅលើសមត្ថភាពរបស់នាង។
ជាក់ស្ដែងក្នុងវគ្គ Live Show សប្ដាហ៍ទី ៤ សុវណ្ណ បានច្រៀងបទ «ស្លាប់ក្នុងឧទ្យានទឹកភ្នែក» របស់កំពូលតារាចម្រៀង ពេជ្រ សោភា។ ថ្វីដ្បិតបទនេះមានការពិបាកខ្លាំង ដោយត្រូវប្រើអារម្មណ៍ឈឺចាប់បែបស្ងប់ស្ងាត់ ប្រសិនបើបេក្ខជនសមត្ថភាពមិនដល់ មិនអាចច្រៀងបទនេះបានល្អទេ ប៉ុន្តែ គឹម សុវណ្ណ ធ្វើបានល្អបំផុតក្នុងបទនេះ រហូតទទួលបានសារសំឡេងគាំទ្រច្រើនជាងគេក្នុងក្រុម និងអាចមានឱកាសមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។
២.បេក្ខជន សាល បាទី
បេក្ខជនសំឡេងផ្អែម ពោរពេញដោយទឹកដមរូបនេះវិញ គឺស្ថិតនៅក្នុងក្រុមគ្រូបង្វឹក ឆន សុវណ្ណារាជ មិនដែលធ្វើឱ្យទស្សនិកជនអស់សង្ឃឹមម្ដងណាឡើយ។ សាល បាទី តែងត្រូវបានគ្រូបង្វឹកដ៏មានឥទ្ធិពលទាំង ៤រូបសរសើរមិនដាច់ពីមាត់ស្ទើរគ្រប់វគ្គ ពិសេសពេលរូបគេមកដល់វគ្គ Live Show ទទួលបានការគាំទ្រកាន់តែច្រើនឡើងពីទស្សនិកជន តែងរង់ចាំការបង្ហាញសមត្ថភាពរបស់គេ។ បាទី ប្រៀបដូចជាគ្រាប់ពេជ្ររបស់ Coach សុវណ្ណារាជ កំពុងរះចិញ្ចែងចិញ្ចាញក្នុងកម្មវិធី ដោយសាររូបគេ មិនដែលធ្វើឱ្យភ្លាត់ស្នៀតម្ដងណាឡើយ រហូតត្រូវបានគ្រូបង្វឹកផ្សេងទៀតសរសើរថា គេច្រៀងដូចសំឡេងដែលថតរួចយកមកចាក់អ៊ីចឹង។
ក្នុងវគ្គ Live Show សប្ដាហ៍ទី៤ បាទីបានលើកយកបទ «សុំចែកបេះដូង» ដែលជាបទចម្រៀងដ៏ល្បីល្បាញរបស់ផលិតកម្មហង្សមាសមកប្រកួត និងធ្វើបានល្អខ្លាំង ជាមួយការដាក់អារម្មណ៍ និងការប្រុងប្រយ័ត្នលើបច្ចេកទេសច្រៀងបានយ៉ាងរលូន។ ទីបំផុត បាទី នៅតែត្រូវបានទស្សនិកជនបោះឆ្នោតគាំទ្រច្រើនជាងគេ និងអាចមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយសុវត្ថិភាព។
៣. បេក្ខនារី លឹម សេរីហាន់នីកា
ប្រជាប្រិយភាពរបស់បេក្ខនារីរូបនេះវិញ គឺលេចធ្លោខ្លាំងពេលបានបង្ហាញខ្លួនក្នុងវគ្គ Live Show សប្តាហ៍ទី1 តាមរយៈបទ «ក្តាមស្រែ» ។ បេក្ខនារី ដែលស្ថិតនៅក្នុងក្រុមគ្រូបង្វឹកដ៏មានឥទ្ធិពល ពេជ្រ សោភា រូបនេះ ទទួលការសរសើរមិនដាច់ពីមាត់ថារូបគេ ដូចជាត្រៀមខ្លួនបានល្អជាងកាន់តែខ្លាំងពីមួយសប្តាហ៍ទៅមួយសប្តាហ៍រហូតទទួលបានសំឡេងគាំទ្រ និងអាចមកដល់វគ្គផ្ដាច់ព្រ័ត្រដោយជោគជ័យ។
៤.បេក្ខជន សួន សុវណ្ណចន្នី
ថ្វីបើនេះជាលើកទី2 ដែលបេក្ខជនរូបនេះ ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ក៏ពិតមែន ប៉ុន្តែ សួន សុវណ្ណចន្នី ហាក់ត្រៀមខ្លួន និងអភិវឌ្ឍន៍សមត្ថភាពបានយ៉ាងល្អពីមួយវគ្គទៅមួយវគ្គ។ ចន្នី តែងបង្ហាញសមត្ថភាពដ៏លេចធ្លោជាមួយបទចម្រៀងប្រភេទផ្សេងៗគ្នា។ បេក្ខជនវ័យ សួន សុវណ្ណចន្នី ទទួលបានការគាំទ្រដាច់គេក្នុងក្រុមរាល់សប្តាហ៍រហូតឆ្លងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]