យល់ដឹង៖ កើតមកជាមនុស្សតែងតែប្រាថ្នាចង់មានមិត្តច្រើន ទៅណាមកណាឲ្យគេស្រលាញ់គេអាណិតច្រើន និងមានមនុស្សរាប់អានច្រើន ប៉ុន្តែពេលខ្លះអ្នកជាមនុស្សស្ងៀមស្ងាត់ពេក មិនសូវចេះនិយាយ មិនសូវចេះចូលសង្គម ទើបមិនសូវមានមិត្តច្រើន។
យ៉ាងណាមិញ អ្នកក៏អាចចាប់ផ្ដើមបើកចិត្តនិងផ្លាស់ប្ដូរចរិតខ្លះរបស់ខ្លួនឯងនោះដែរ ដើម្បីទាក់ទាញឲ្យមនុស្សល្អៗចូលមកក្នុងជីវិតកាន់តែច្រើន៖
១. កុំនិយាយកាច់កុងច្រើនពេក
នៅពេលអ្នកនិយាយទៅកាន់នរណាម្នាក់ កុំព្យាយាមនិយាយច្រើនហួសប្រមាណ ឬប្រើប្រាស់ភាសាមិនសូវសមរម្យ ឬនិយាយមិនសូវច្បាស់លាស់ គឺធ្វើយ៉ាងណានិយាយមួយៗឲ្យងាយយល់ ដើម្បីឲ្យពួកគេយល់ពីអ្វីដែលយើងចង់និយាយនាលើកដំបូងតែម្ដង។ អ្នកក៏ត្រូវប្រើប្រាស់ភាសាទន់ភ្លន់រាបសារ មើលទៅចិត្តត្រជាក់ នោះគ្រប់គ្នានឹងចូលចិត្តអ្នក។
២. គោរពអ្នកដទៃ
មិនថាអ្នកមានឋានៈទាបជាងអ្នកឬមិនសូវមានធនធានដូចអ្នក គឺអ្នកមិនត្រូវមិនផ្ដល់ការគោរពចំពោះអ្នកដទៃទេ។ មនុស្សទាំងអស់ក្នុងលោកសុទ្ធតែមានតម្លៃរបស់ពួកគេ ដូច្នេះអ្នកត្រូវគោរពមនុស្សជុំវិញខ្លួន ឃើញចាស់លើកដៃសំពះជម្រាបសួរ ឃើញក្មេងក៏រួសរាយសួរនាំ តែមិនមើលងាយ មិនប្រើប្រាស់ភាសាដូចគេមិនដល់យើងជាដើម។
អ្នកក៏ត្រូវគោរពពេលវេលាផងដែរ គេណាត់ម៉ោងប៉ុន្មាន ត្រូវមកម៉ោងប៉ុណ្ណោះដើម្បីសម្ដែងការគោរព។
៣. ដឹងថាពេលណាត្រូវឈប់និយាយ ហើយស្ដាប់គេវិញ
អ្នកមិនត្រូវនិយាយកាត់នរណាម្នាក់ នៅពេលគេនិយាយពីខ្លួនគេឬបញ្ហាខ្លួនគេនោះឡើយ គឺត្រូវត្រងត្រាប់ស្ដាប់ ហើយបើសិនគេមិនសួរយោបល់ពីអ្នកទេ កុំផ្ដល់យោបល់ឬកុំឆ្លើយឲ្យសោះ តែបើសិនជាគេចង់បានយោបល់ពីអ្នក អ្នកគួរតែបញ្ចេញយោបល់។ អ្នកក៏ត្រូវធ្វើជាអ្នកស្ដាប់ដ៏ល្អ ផងដែរដើម្បីបង្ហាញថា អ្នកខ្វល់ខ្វាយពីគេ។
៤. គិតឲ្យមែនទែនទៅលើការប្រើប្រាស់កាយវិការ
ការប្រើប្រាស់កាយវិការទៅកាន់អ្នកដទៃគឺពិតជាសំខាន់ តែត្រូវគេមើលរំលងនៅពេលប្រាស្រ័យទាក់ទងគ្នា ដូច្នេះមុននឹងនិយាយជាមួយនរណាម្នាក់ សូមរក្សាកាយវិការឲ្យសមសួន កុំច្រឡើសបើស កុំប៉ះពាល់គេដោយមិនចាំបាច់។
៥. យកអាសារមនុស្សជុំវិញខ្លួន
ការយកអាសារមនុស្សជុំវិញ ជាទង្វើមួយដែលបង្ហាញពីទឹកចិត្តដែលអ្នកមានចំពោះគេ តែក៏មិនមែនមានន័យថាអ្នកត្រូវយកអាសារមនុស្សរហូតដែរ។ បើសិនជាអ្នកឃើញអ្នកជិតខាងកាន់របស់ធ្ងន់ហើយគាត់ជាមនុស្សចាស់ជរា ជួយលើក ឬជួយយួរ បើសិនជាឃើញស្ត្រីមានផ្ទៃពោះមានបញ្ហានៅតាមផ្លូវ ជួយជូនទៅមន្ទីរពេទ្យឬតេទៅសាច់ញាតិ ឬពេលឃើញកុមារដើរឆ្លងថ្នល់ម្នាក់ឯង គួរតែជួយជូនឆ្លងថ្នល់... ទង្វើអស់ទាំងនេះជាទង្វើតូចតាចមែនតែស្ដែងឲ្យគេឃើញដល់ទឹកចិត្តរបស់អ្នក។
៦. ចិត្តល្អ
មនុស្សល្អនៅនឹងចិត្តនេះឯង សូមអ្នកបើកចិត្តឲ្យទូលាយ កុំចិត្តចង្អៀត មើលពិភពលោកក្នុងផ្លូវអាក្រក់។ អ្នកត្រូវតែចិត្តល្អដាក់មនុស្សជុំវិញខ្លួន តែក៏មិនមែនមានន័យថាអ្នកត្រូវចិត្តល្អសូម្បីពេលអ្នកដទៃកេងប្រវ័ញ្ចអ្នកឡើយ។
៧. ធ្វើជាខ្លួនឯង
កត្តាសំខាន់បំផុត គឺធ្វើជាខ្លួនឯង កុំប្រឹងពុតត្បុត កុំប្រឹងសម្ដែងជាអ្នកដទៃ ព្រោះមនុស្សរាប់អានគ្នា ត្រូវការភាពស្មោះត្រង់រវាងគ្នានឹងគ្នា ដូច្នេះអ្នកមិនអាចបង្កើតមិត្តបានច្រើននោះឡើយ បើសិនជាអ្នកមិនធ្វើជាខ្លួនឯង៕
ប្រភព៖: betterup
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]