យល់ដឹង៖ ការរស់នៅម្នាក់ឯងអាចនឹងស្ដាប់ទៅគួរឲ្យខ្លាច ប៉ុន្តែបើសិន យើងចេះចាត់ចែង និងមានវិធីសាស្ត្រក្នុងការបំបាត់ភាពឯកានិងធ្វើឲ្យខ្លួនឯងរីករាយ គឺ យើងមុខជាអាចបន្តរស់នៅម្នាក់ឯងដោយគ្មានកង្វល់។
យ៉ាងណាមិញ បើសិនជាអ្នកទើបតែចេញប្រឡូកក្នុងសង្គម និងត្រូវមករស់នៅម្នាក់ឯង ដើម្បីបន្តការសិក្សា ឬបំពេញការងារណាមួយឆ្ងាយពីផ្ទះរបស់អ្នក វិធីសាស្ត្រអាចជួយអ្នកបាន៖
១. ចេះនៅជាមួយខ្លួនឯង
ក្នុងន័យនេះគឺអ្នកត្រូវចេះបង្កើតភាពរីករាយដោយខ្លួនឯង បែបមិនចាំបាច់ទាល់តែមានអ្នកដទៃឬមិត្តភក្តិមិបង្កបរិយាកាសនោះឡើយ។ អ្នកត្រូវចេះរីករាយជាមួយភាពស្ងៀមស្ងាត់ និងបន្ស៊ាំខ្លួនឯងជាមួយភាពឯកា។
២. ស្វែងរកចំណង់ចំណូលចិត្តថ្មីៗ
ដើម្បីមិនធ្វើឲ្យអ្នកឯកា សាកល្បងស្វែងរកសកម្មភាពថ្មីៗដើម្បីធ្វើ ដើម្បីស្ទាបស្ទង់ថាតើអ្នកអាចរកឃើញចំណង់ចំណូលចិត្តថ្មីណាមួយដែរឬទេ?
៣. រក្សាទំនាក់ទំនងស្អិតរមួតជាមួយគ្រួសារ និង មិត្តភក្តិ
អ្នករស់នៅម្នាក់ឯងមែន តែក៏មិនមែនថាអ្នកត្រូវផ្ដាច់ការទាក់ទងជាមួយមនុស្សខាងក្រៅដែរ ដូច្នេះអ្នកត្រូវរក្សាទំនាក់ទំនងល្អជាមួយមិត្តភក្តិ ដើម្បីចាំជួយលើកទឹកចិត្តគ្នាទៅវិញទៅមក ឬអ្នកអាចបង្កើតមិត្តជាមួយមនុស្សដែលរស់នៅម្នាក់ឯងដែរដើម្បីចែករំលែកបទពិសោធន៍គ្នា។ ក្នុងនោះ អ្នកក៏ត្រូវខលទូរស័ព្ទទៅរកឪពុកម្ដាយរបស់អ្នកជារៀងរាល់សប្តាហ៍ដើម្បីឲ្យពួកគាត់ដឹងថា អ្នកមិនអីទេ។
៤. បង្កើតកាលវិភាគមួយខ្លួនឯង
អ្នកគួរតែមានការរៀបចំទុកដាក់ល្អ និងត្រូវបង្កើតកាលវិភាគមួយពីអ្វីដែលអ្នកត្រូវធ្វើ ចេះធ្វើកិច្ចការផ្ទះ បោសសម្អាតឲ្យបានស្អាត លាងចានឆ្នាំង និងសម្អាតបន្ទប់ទឹក ធ្វើយ៉ាងម៉េចឲ្យមានអនាម័យដើម្បីធ្វើឲ្យការរស់នៅរបស់អ្នកមានផាសុកភាព។
៥. ស្វែងរកលំនឹងរវាងការងារនិងការសម្រាក
ការរស់នៅម្នាក់ឯងលើកដំបូងអាចធ្វើឲ្យកាលវិភាគការងាររបស់អ្នកច្របូកច្របល់ខ្លាំង ដូច្នេះអ្នកគួរតែបែងចែកឲ្យដាច់រវាងម៉ោងការងារ ឬម៉ោងបំពេញការសិក្សា និងម៉ោងសម្រាករបស់អ្នក។
៦. សរសេរពីអារម្មណ៍របស់អ្នក
មានពេលខ្លះដែលអ្នកកើតទុក្ខ ឬមានអារម្មណ៍មិនល្អ ឬឯកាជាដើម ដូច្នេះកុំលាក់ទុក្ខក្នុងចិត្ត សូមយកប៊ិចមកសរសេរវាលើក្រដាសសៀវភៅពីអារម្មណ៍របស់អ្នក ដើម្បីរំសាយវាចេញមកខាងក្រៅបើសិនជាអ្នកមិនចង់ចែករំលែករឿងនេះ ជាមួយអ្នកដទៃ។
៧. រៀនបង្កើតមិត្តជាមួយអ្នកជិតខាង
ជាធម្មតាទេ ការបង្កើតមិត្តភាពជាមួយអ្នកជិតខាងនិងសហគមន៍របស់អ្នក ជារឿងដ៏ល្អនិងមានប្រយោជន៍ខ្លាំងណាស់ ព្រោះអ្នកមិនត្រឹមតែអាចបំបាត់ភាពឯកាដោយការទៅលេងផ្ទះរបស់ពួកគេនោះទេ គឺអ្នកក៏អាចសុំជំនួយពីពួកគេនាពេលមានអាសន្នផងដែរ។
៨. ថែរក្សាសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត
ការរស់នៅម្នាក់ឯង គឺមានន័យថាខ្លួនទីពឹងខ្លួន អ៊ីចឹងហើយវាសំខាន់ណាស់ដែលអ្នកត្រូវមើលថែសុខភាពរាងកាយខ្លួនឯង ដោយទទួលទានអាហារសម្បូរជីជាតិ ឬហាត់ប្រាណ ហើយការថែរក្សាសុខភាពផ្លូវចិត្តវិញគឺគួរតែហាត់សមាធិ៕
ប្រភព៖: rentcafe
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]