យល់ដឹង៖ ជំងឺបាក់ទឹកចិត្ត ជាជំងឺផ្លូវអារម្មណ៍ ដែលធ្វើឲ្យអ្នកបាត់បង់ចំណង់ចំណូលចិត្តទៅលើសកម្មភាពនានាប្រចាំថ្ងៃ សូម្បីតែការទទួលទានអាហារ ឬការគេង ហើយក៏មានគំនិតថាការរស់នៅរាល់ថ្ងៃពិតជាគ្មានតម្លៃ ដោយអ្នកខ្លះក៏ចង់បញ្ចប់ជីវិតខ្លួនឯងផងដែរ។
យើងមិនគួរចាត់ទុកថា ជំងឺបាក់ទឹកចិត្តជារឿងធម្មតាទេ និងត្រូវចូលរួមក្នុងសហគមន៍ក្នុងការចែករំលែកក៏ដូចជាធ្វើឲ្យមនុស្សជុំវិញខ្លួនយល់ដឹង កាន់តែខ្លាំងពីជំងឺនេះ។ យ៉ាងណាមិញ មនុស្សដែលមានជំងឺបាក់ទឹកចិត្តពុំសូវចង់រៀបរាប់ពីអារម្មណ៍ប្រាប់ទៅនរណាម្នាក់ទេដោយសារខ្លាចទទួលបានពាក្យចម្អកឡកឡាយត្រឡប់មកវិញ ដូច្នេះសញ្ញាណទាំងនេះសុទ្ធតែបញ្ជាក់ថាមិត្តភក្តិអ្នក គ្រួសារអ្នក បងប្អូនអ្នក ឬមនុស្សជាទីស្រលាញ់របស់អ្នកកំពុងស្ពាយជំងឺនេះជាប់ខ្លួនតែលាក់បាំងមិនប្រាប់អ្នកណា៖
១. ដកខ្លួនចេញពីការសិក្សា ឬការងារ
បើសិនជាភ្លាមៗ អ្នកសង្កេតឃើញថាមនុស្សជិតស្និទ្ធរបស់អ្នកម្នាក់នោះស្រាប់តែបញ្ឈប់ការសិក្សា លែងមកសាលា ឬឈប់បំពេញការងារទាន់ហន់ដោយគ្មានមូលហេតុច្បាស់លាស់ នោះអាចជាសញ្ញាណមួយបញ្ជាក់ថាគេកំពុងកើតជំងឺបាក់ទឹកចិត្ត ព្រោះជំងឺនេះធ្វើឲ្យមនុស្សបាត់បង់ចំណូលចិត្តទៅលើការបំពេញការងារអ្វីមួយ គឺមិនចង់ធ្វើអ្វីទាំងអស់។
២. ទទួលទានអាហារតិចពេក ឬច្រើនពេក
អ្នកសង្កេតឃើញថាគេម្នាក់នោះរាងទទួលទានបាយឬម្ហូបតិចជាងមុន ឬច្រើនជាងមុន មើលទៅខុសធម្មតា ហើយ មិនមានចំណង់ញ៉ាំអាហារដែលគេចូលចិត្តដូចកាលពីមុន ហើយអ្នកក៏ឃើញថាគេស្គមស្រកសាច់ជាងមុនទៅទៀត ប៉ុន្តែករណីខ្លះការឡើងទម្ងន់ក៏អាចជាសញ្ញាណនៃជំងឺបាក់ទឹកចិត្តដែរ គឺបុគ្គលនោះព្យាយាមកាត់បន្ថយការគិតច្រើនមកគិតរឿងញ៉ាំវិញ ធ្វើឲ្យយូរៗទៅឡើងទម្ងន់។
៣. មានបញ្ហារឿងដំណេក
មនុស្សពេញវ័យជាង៨០ភាគរយ សុទ្ធតែមានបញ្ហាទាក់ទងនឹងដំណេកមិនថា គឺគេងមិនលក់ ដែលយូរៗទៅក្លាយជាទម្លាប់ប្រចាំ ដូច្នេះបើសិនមិត្តរបស់អ្នក ឬមនុស្សសំខាន់របស់អ្នក ត្អូញត្អែររឿងមានបញ្ហាដំណេកគឺគេអាចនឹងស្ពាយជំងឺនេះជាប់ខ្លួនហើយ។
៤. លាក់អារម្មណ៍ខ្លួនឯង
មនុស្សបាក់ទឹកចិត្តភាគច្រើនមិនចង់បង្ហើបប្រាប់ពីស្ថានភាពខ្លួនទៅអ្នកណាទេ ព្រោះមិនចង់ឲ្យគេមើលមកខ្លួនថាគួរឲ្យអាណិត ខ្លះទៅក៏មិនចង់ឮពាក្យសើចចម្អក ឬពាក្យមាក់ងាយពីមនុស្សជុំវិញដោយសារចាស់ៗមួយចំនួន តែងតែគិតថាជំងឺបាក់ទឹកចិត្តគឺជារឿងកំប្លែងទៅវិញ។ ដូច្នេះហើយទើបពួកគេតែងតែព្យាយាមលាក់បាំងអារម្មណ៍ខ្លួនឯង ឬក្លែងធ្វើជាញញិមសើចក្អាកក្អាយ សប្បាយរីករាយជាងធម្មតា ដែលមើលទៅខុសប្លែកខ្លាំង។
៥. គ្មានកម្លាំងកំហែង
អ្នកសង្កេតឃើញថាគេមានផ្ទៃមុខស្លេកស្លាំង គ្មានថាមពលក្នុងខ្លួនសោះ ធ្វើអីបន្តិចបន្តួចក៏ឆាប់នឿយហត់។ ភាពនឿយហត់នេះមិនមែនមកពីផ្លូវកាយតែមួយមុខទេ តែមកពីផ្លូវចិត្តផងដែរ ព្រោះមនុស្សដែលមានជំងឺបាក់ទឹកចិត្ត តែងតែគិតថាការងារតូចតាច ក៏ជាបញ្ហាធំដុំដែរ គឺពួកគេមិនអាចមានកម្លាំងធ្វើបានទេ។
៦. ធ្វើការច្រើនពេក
ជាធម្មតា ម្នាក់នោះមិនសូវចូលចិត្តធ្វើការងារច្រើនទេ តែសុខចិត្តក៏ងាកមកបំពេញការងារយ៉ាងសកម្មនិងលើសម៉ោងរាល់ថ្ងៃ គឺមើលទៅដូចជាហួសហេតុខ្លាំងពេក ដែលនោះក៏ជាសញ្ញាណបញ្ជាក់ថាគេអាចនឹងមានជំងឺបាក់ទឹកចិត្តដែរ ដោយសារតែមនុស្សខ្លះខិតខំយកការងារឬកិច្ចការសាលាមកបាំងមុខ ដើម្បីទាញខ្លួនឯងមិនឲ្យគិតពីអារម្មណ៍តប់ប្រមល់ក្នុងខ្លួន៕
ប្រភព៖: obgynnebraska
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]