ស្នេហា៖ ទំនាក់ទំនងស្នេហានីមួយៗមិនត្រឹមតែទាមទារឲ្យ គូស្នេហ៍ផ្ដល់ក្ដីស្រលាញ់និងភាពស្មោះស្ម័គ្រទេ តែក៏ត្រូវមើលលើភាពស័ក្តិសមផងដែរ និងគោលគំនិតថាត្រូវគ្នាដែរឬអត់ដែរ។ អ្នកមិនអាចរស់នៅជាមួយគ្នាបានយូរអង្វែងទេ បើសិនមានតែក្ដីស្រលាញ់តែគ្មានទស្សនៈនិងគំនិតណាមួយដូចគ្នាទាល់តែសោះ ព្រោះក្ដីស្រលាញ់ឆាប់នឹងសាបរលាបណាស់ ការយល់ចិត្តនិងគោរពគ្នាទៅវិញទេដែលជួយចងភ្ជាប់គ្នាឲ្យចំណងរឹងមាំ។
យ៉ាងណាមិញ បើសិនអ្នកនិងគូស្នេហ៍ជួបស្ថានភាពអស់ទាំងនេះគឺអ្នកគួរតែបែកគ្នាជាមួយគេទៅ៖
១. មានគោលដៅនាពេលអនាគតខុសគ្នា
អ្នកទាំងពីរស្រលាញ់គ្នាណាស់ តែម្នាក់ៗបែរជាមានគោលដៅនាពេលអនាគតខុសគ្នា គឺគួរតែបែកគ្នាចុះ។ ឧទាហរណ៍ គូស្នេហ៍របស់អ្នកមិនចង់បានកូន មិនចង់ជាប់ចំណង ចង់ទាក់ទងអ្នកជារឿយៗ ដោយផ្ដោតលើមុខជំនួញរបស់គេ តែអ្នកវិញចង់រៀបការឲ្យច្បាស់លាស់ ចង់សាងគ្រួសារ ចង់មានបុត្រ នោះគឺស្មើនឹងគោលដៅអ្នកនិងគេមិនត្រូវគ្នាហើយ ដូច្នេះអ្នកគួរតែបញ្ឈប់ទំនាក់ទំនងនេះ ព្រោះដល់ចំណុចណាមួយ អ្នកនិងគេនឹងលែងត្រូវរ៉ូវគ្នាហើយ។
២. អ្នកលះបង់ដើម្បីគេច្រើនពេក
ពិតណាស់ គេថាស្នេហាគឺជាការលះបង់ ប៉ុន្តែអ្នកក៏មិនគួរមកអង្គុយលះបង់សឹងតែគ្រប់យ៉ាងក្នុងជីវិតអ្នក ដើម្បីតែគេនោះឡើយ។ អ្នកត្រូវយល់ច្បាស់ពីតម្លៃខ្លួនឯង មិនធ្វើឲ្យខ្លួនឯងសម្របតាមគេរហូត និងព្យាយាមបំពេញចំណង់របស់គេលើរឿងជាច្រើនរហូតបាត់បង់ភាពជាខ្លួនឯង។ ស្នេហាមិនអាចទៅមុខឡើយ បើមានភាគីតែម្ខាងដែលជាអ្នកលះបង់។
៣. អ្នកមិនអាចធ្វើអីដោយខ្លួនឯងបាន
ពេលគ្មានគេ ការមានគេនៅក្បែរធ្វើឲ្យអ្នកកក់ក្ដៅ ធ្វើឲ្យអ្នកសប្បាយចិត្ត តែក៏មិនគួរដល់ថ្នាក់ស្រលាញ់បាត់មុខគេមិនបាននោះដែរ រហូតដល់អ្នកមិនអាចធ្វើអីដោយខ្លួនឯងបានពេលគ្មានគេនៅក្បែរ។ ទង្វើបែបនេះគឺមានន័យថាអ្នកកំពុងបំផ្លាញខ្លួនឯង ហើយអ្នកក៏បាត់បង់ឯករាជ្យភាពដែរ។ អ្នករស់នៅគឺដើម្បីតែគេ ចំណាប់អារម្មណ៍អ្នកក៏ស្ថិតនៅលើគេទាំងអស់ គេចូលចិត្តអីអ្នកក៏ព្យាយាមចូលចិត្តតាមគេដែលធ្វើឲ្យអ្នកមើលទៅដូចជាមនុស្សគ្មានម្ចាស់ការលើខ្លួនឯង។
៤. អត់មាននរណាម្នាក់ព្រមដកថយ
ទំនាក់ទំនងស្នេហាមិនប្រាកដថាស្រស់ស្អាតរហូតទេ ពេលខ្លះក៏មានជម្លោះ មានរឿងខ្វែងគំនិតគ្នា ដូច្នេះវាសំខាន់ណាស់ដែលម្នាក់ៗព្រមថយមួយជំហាន ដើម្បីបំពេញសេចក្ដីត្រូវការរបស់ម្នាក់ទៀតទោះបីមានគំនិតខុសគ្នាយ៉ាងណាក៏ដោយ។ បើសិនជាគូស្នេហ៍អ្នកមិនព្រមថយមួយជំហានដល់អ្នក គិតតែចង់ឈ្នះ ចង់គ្រប់គ្រងលើអ្នកឲ្យខានតែបាន នោះអ្នកគួរតែឈប់ទាក់ទងគ្នាទៅ។
៥. មានអារម្មណ៍ថាស្នេហានេះទៅណាមិនរួច
ពេលខ្លះ អ្នកទាក់ទងគេយូរៗទៅក៏ឃើញថាស្នេហានេះមិនរីកចម្រើន ឬគ្មានអនាគតសោះ ស្រលាញ់គ្នាយូរហើយគឺនៅតែប៉ុណ្ណឹង គ្មានការផ្លាស់ប្ដូរ គ្មានការរៀបចំពីគម្រោងអនាគតច្បាស់លាស់ដូច្នេះគំនិតល្អគឺអ្នកគួរតែបញ្ចប់ទំនាក់ទំនងជារឿងល្អបំផុត៕
ប្រភព៖: bustle
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]