យល់ដឹង៖ អាយុចូលដល់ក្បាលលេខ៣ មិនមែនមានតែផ្ទៃមុខនិងស្បែករបស់អ្នកទេដែលចាប់ផ្ដើមមានស្នាមជ្រួញ ជីវិតរបស់អ្នកក៏ចួបនឹងរឿងជាច្រើនរហូតប្រមូលបានបទពិសោធន៍ក្រាស់ក្រែលមកហើយដែរ។
ដោយឡែក មេរៀនជីវិតខ្លះគឺអ្នកនៅតែមិនបានដឹង មិនបានសិក្សាជ្រៅជ្រះ ដូច្នេះខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែធ្វើនៅពេលអាយុចូលដល់ក្បាលលេខ៣៖
១. ចាប់ផ្ដើមសន្សំប្រាក់សម្រាប់ជីវិតចូលនិវត្តន៍
នៅអាយុក្បាលលេខ២ អ្នកចូលចិត្តចំណាយប្រាក់ទិញរបស់ដែលអ្នកចង់បាន ឬចាយប្រាក់ខ្ជះខ្ជាយពេក ដូច្នេះចូលដល់ក្បាលលេខ៣ អ្នកគួរតែចាប់ផ្ដើមសន្សំប្រាក់ទុកបម្រុងសម្រាប់ជីវិតនៅពេលចាស់ទៅរបស់អ្នក បន្ទាប់ពីអ្នកបាត់បង់ការងារ ឬចូលនិវត្តន៍។
២. ផ្ដល់ភាពសំខាន់ដល់សុខភាព
សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត គួរតែត្រូវបានយកចិត្តទុកដាក់ ព្រោះមកដល់វ័យនេះ រាងកាយរបស់អ្នករាងចុះខ្សោយហើយ ដូច្នេះសូមហាត់ប្រាណជាប្រចាំ មិនថារត់ ហែលទឹក ដើរ ឬលេងកីឡាផ្សេងៗទៀត ព្រមទាំងទទួលទានអាហារសម្បូរជីជាតិ កាត់បន្ថយឬឈប់ផឹកភេសជ្ជៈមានជាតិផ្អែមឬភេសជ្ជៈប៉ូវកម្លាំងនានាជាដើម។ អ្នកក៏គួរតែស្ដាប់ធម៌អប់រំចិត្ត ទៅសមាធិដើម្បីស្វែងរកសេចក្ដីសុខផ្នែកផ្លូវចិត្ត។
៣. ដឹងពីចរិតពិតរបស់មិត្តក្បែរខ្លួនអ្នក
ដល់អាយុនេះហើយ ត្រូវចេះស្វែងយល់និងវិភាគពីមិត្តព្រមទាំងមនុស្សជុំវិញខ្លួន បើសិនមិត្តនោះល្អ មិត្តនោះនាំឲ្យអ្នកចម្រុងចម្រើន គួររក្សាទុកគេក្បែរខ្លួន តែបើមិត្តនោះទាញអ្នកទៅប្រព្រឹត្តិអំពើមិនគប្បីនិងខុសឆ្គង ល្មមដល់ពេលអ្នកកាត់គេចេញពីជីវិតហើយ។ ក្នុងវ័យនេះ អ្នកមិនចាំបាច់រាប់មិត្តច្រើនទេគឺស៊ូមានមិត្តតិចតែជាមិត្តមានគុណភាព។ ៤. អ្នកមិនអាចមានអ្វីគ្រប់យ៉ាងទេ អ្នកត្រូវចងចាំថាភាគជោគជ័យមិនអាចរត់មករកអ្នកគ្រប់ជ្រុងនោះឡើយ ហើយពេលខ្លះអ្នកក៏មិនបានសម្រេចសមិទ្ធផលណាមួយដែលអ្នកគ្រោងនឹងធ្វើកាលពីអាយុ២០ឆ្នាំនោះដែរ ដូច្នេះអ្នកមិនគួរអាក់អន់ចិត្តអ្វីទេនិងត្រូវរៀនទទួលយក នោះជីវិតអ្នកនឹងរីករាយ។ អ្នកមិនអាចមានផ្ទះ មានឡាន មានគូស្នេហ៍ស្មោះត្រង់ មានប្រាក់ មានការងារស្តុកស្តម្ភ សម្រេចគ្រប់យ៉ាងក្នុងជីវិតក្នុងពេលតែមួយទេ។ ភាពជោគជ័យខ្លះ គោលដៅខ្លះមិនមែនសម្រាប់គ្រប់គ្នានោះឡើយ។
៥. អ្នកនៅអាចប្រថុយដើម្បីផ្លាស់ប្ដូរស្ថានភាពខ្លួនឯង
ក្នុងពេលតែមួយ បើអ្នកសម្លឹងឃើញគោលដៅថ្មីណាមួយដែលអ្នកចង់សម្រេចឲ្យបាន អ្នកគួរតែចាប់ផ្ដើមប្រថុយដើម្បីផ្លាស់ប្ដូរស្ថានភាពនាពេលឥឡូវនេះ ព្រោះភាពជោគជ័យមិនកំណត់អាយុនោះឡើយ។ អ្នកអាចចាកចេញពីជីវិតអ្នកនាពេលបច្ចុប្បន្នហើយផ្លាស់ប្ដូរវា បើសិនជាអ្នកចង់។ ជីវិតអ្នកជារបស់អ្នក អ្នកមានសេរីភាពគ្រប់យ៉ាងក្នុងការសម្រេចចិត្ត។
៦. ដើរកម្សាន្តឲ្យបានច្រើនតាមដែលអាចធ្វើបាន
ការដើរកម្សាន្តធ្វើឲ្យអ្នកយល់ដឹងបានច្រើនជាងមុន និងគិតគូបានវែងឆ្ងាយ អ៊ីចឹងហើយ អ្នកគួរតែចាប់ផ្ដើមដើរកម្សាន្តមិនថាក្នុងប្រទេស ឬក្រៅប្រទេស ឲ្យបានច្រើន ដើម្បីស្វែងយល់ពីជីវិត សម្លឹងមើលរកច្រកបណ្ដាក់ទុន ឬគ្រាន់តែផ្ដល់ភាពរីករាយមកឲ្យខ្លួនអ្នក។
៧. គេងឲ្យបានទៀងទាត់ និងគ្រប់គ្រាន់
ជាទូទៅមនុស្សចូលដល់វ័យនេះគឺគិតច្រើន និងភាគច្រើនសម្បទារាងកាយរាងចុះខ្សោយជាងកាលនៅ២០ឆ្នាំ ដូច្នេះការគេងគឺពិតជាមានសារៈសំខាន់ដើម្បីថែរក្សាសុខភាពរបស់អ្នក។ អ្នកគួរតែរៀបកាលវិភាគចូលគេងឲ្យបានទៀងទាត់ និងត្រូវប្រាកដចិត្តថាអ្នកគេងឲ្យបានគ្រប់។
៨. ថែរក្សសុខភាពស្បែក
ការថែរក្សាសុខភាពស្បែក ក៏សំខាន់ណាស់ដែរ ព្រោះនៅវ័យនេះ ផ្ទៃមុខនិងស្បែករបស់អ្នកចាប់ផ្ដើមមានស្នាមជ្រួញ ឬយារធ្លាក់បណ្ដើរៗហើយ ដូច្នេះសូមកុំភ្លេចប្រើប្រាស់ផលិតផលស្តង់ដារដែលទទួលស្គាល់ដោយអ្នកជំនាញ សម្រាប់យកមកប្រើប្រាស់មិនថា គ្រីមលាបបណ្ដឹងស្បែកមុខ ហ្វូមលាងមុខ ក្រែមផ្ដល់សំណើម ឬឡេការពារកម្ដៅថ្ងៃ(ដែលអ្នកត្រូវតែលាបជារៀងរាល់ថ្ងៃ!)។
៩. កុំប្រៀបធៀបដំណើរជីវិតខ្លួនឯងនឹងអ្នកដទៃ
ដំណើរជីវិតរបស់មនុស្សម្នាក់ៗគឺខុសពីគ្នា មិនប្រាកដថាគេជោគជ័យនៅអាយុ២៥ហើយអ្នកត្រូវតែជោគជ័យឲ្យបានដូចគេនោះដែរ ដូច្នេះអ្នកមិនគួរយកដំណើរជីវិតខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃនោះទេ គួរតែរីករាយនឹងជីវិតខ្លួនឯងព្រោះមកដល់អាយុនេះហើយ អ្នកឆ្លងកាត់បទពិសោធន៍ជីវិតច្រើនខ្លាំងណាស់។
១០. គ្មានអ្នកណាដឹងថាពួកគេត្រូវធ្វើអីទេ
ចំណុចនេះ ក៏ជាអ្វីដែលអ្នកគួរយល់ថា មិនមែនមនុស្សគ្រប់គ្នានៅអាយុ៣០សុទ្ធតែដឹងច្បាស់ពីគោលដៅជីវិតខ្លួនឯងនោះទេ អ្នកខ្លះក៏នៅមិនទាន់មានគោលដៅច្បាស់លាស់ ខ្លះទៀតក៏នៅមិនទាន់ដឹងថាខ្លួនឯងចង់បានអី ដូច្នេះកុំអាក់អន់ស្រពន់ចិត្តនឹងខ្លួនឯង ឬគិតថាខ្លួនឯងមិនបានការបើសិនជាអ្នកស្វែងរកគោលដៅមិនទាន់ឃើញនៅអាយុប៉ុណ្ណេះ!
ប្រភព៖: thegentlemansjournal
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]