ស្នេហា៖ ការណាត់ជួបគ្នាគឺជាដំណាក់កាលដ៏សំខាន់មួយ ដែលមនុស្សពីរនាក់អាចសិក្សាស្វែងយល់ពីគ្នាមុននឹងឈានដល់ការសម្រេចចិត្តទាក់ទងគ្នា។ ការណាត់ជួបគ្នានេះអាចប្រព្រឹត្តិទៅនៅហាងកាហ្វេ ភោជនីយដ្ឋានឬកន្លែងនានា តាមចំណង់ចំណូលចិត្តរបស់អ្នកទាំងពីរ។
យ៉ាងណាមិញ ក្រៅពីត្រូវរៀបចំខ្លួនឲ្យស្អាតបាតហើយ អ្នកក៏ត្រូវគិតមុននិយាយស្ដី និងរៀបចំឫកពាឲ្យបានល្អផងដែរ ហើយខាងក្រោមនេះគឺជាប្រធានបទដែលអ្នកមិនគួរលើកយកមកជជែកពេលណាត់ជួបគ្នាថ្ងៃដំបូង៖
១. និយាយពីអតីតគូស្នេហ៍ច្រើនហួសហេតុពេក
វាអាចជារឿងល្អដែលដៃគូណាត់របស់អ្នកអាចស្វែងយល់ខ្លះៗពីប្រវត្តិនៃការណាត់ជួប ឬទំនាក់ទំនងគូស្នេហ៍ចាស់ៗរបស់អ្នក ប៉ុន្តែនោះក៏មិនបានន័យថាអ្នកត្រូវជជែកពីអតីតគូស្នេហ៍អ្នកច្រើនហួសហេតុផងដែរព្រោះវាអាចជាសញ្ញាណមួយថា អ្នកមិនទាន់កាត់ចិត្តពីអតីតគូស្នេហ៍របស់អ្នក។
២. សួរសំណួរប្លែកៗទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់គេ
ហាមដាច់ខាតសួរនាំគេពីរឿងផ្ទាល់ខ្លួនជ្រុល ដូចជាតើពេលណាអ្នកបានជួបជាមួយឪពុកម្ដាយគេជាដើម ដោយសារកាលៈទេសៈនេះគឺអ្នកនិងគេមិនទាន់ក្លាយជាសង្សារនឹងគ្នានោះទេ គឺគ្រាន់តែចេញដើរលេងដើម្បីមើលចិត្តគ្នា។
៣. និយាយពីរឿងទំនាក់ទំនងលើគ្រែ
ដៃគូណាត់ខ្លះ ចង់មានទំនាក់ទំនងផ្លូវកាយពេលណាត់ជួបគ្នាលើកដំបូង តែនោះក៏មិនបានមានន័យថា ឲ្យតែអ្នកទៅណាត់ជួបគេ គឺអ្នកត្រូវតែនិយាយពីរឿងទំនាក់ទំនងផ្លូវកាយនោះដែរ។
៤. រិះគន់អាហាររបស់គេ
ជាធម្មតា នៅពេលអ្នកណាត់ជួបគ្នានៅភោជនីយដ្ឋាន គឺម្នាក់ៗតែងតែកុម្ម៉ង់អាហារនៅលើតុរៀងខ្លួន ដូច្នេះទោះបីអ្នកមិនចូលចិត្តអាហារដែលដៃគូណាត់របស់អ្នកជ្រើសរើស ក៏មិនគួររិះគន់ប្រភេទអាហាររបស់គេដែរ។
៥. និយាយពីអាយុពីដៃគូណាត់
ប្រធានបទ អាយុអាចជារឿងធម្មតាសម្រាប់អ្នក តែសម្រាប់អ្នកដទៃខ្លះគឺ ការនិយាយពីអាយុរបស់គេគឺមិនសមរម្យឡើយ ដូចគេនិយាយថាគេមុខចាស់ជាងអាយុ ឬអាយុក្មេងពេក ឬចាស់ពេកជាដើម។
៦. កុំគិតអវិជ្ជមានពេក
ពេលវេលាណាត់ជួបគឺជាពេលដែលអ្នកទាំងពីរត្រូវនិយាយពីខ្លួនឯង អ៊ីចឹងហើយអ្នកមិនត្រូវពាំនាំគំនិតអវិជ្ជមានជាប់ខ្លួន រិះគន់នេះរិះគន់នោះតាំងពីអ្នករត់តុ អាហារ និងបរិយាកាស។ ទោះអ្នកមិនពេញចិត្តក៏លាក់វាទុកក្នុងខ្លួន។
៧. រិះគន់ពីប្រវត្តិស្នេហារបស់គេ
ពេលដែលដៃគូណាត់របស់អ្នកនិយាយពីប្រវត្តិនៃស្នេហារបស់គេ ហើយអ្នកយល់ឃើញថាទំនាក់ទំនងខ្លះគឺគេជាអ្នកខុស ក៏អ្នកមិនគួរបញ្ចេញសម្ដីរិះគន់ ឬបង្ហាញការមិនពេញចិត្តនោះដែរ ព្រោះនេះគឺជាការសម្រេចចិត្តរបស់គេ៕
ប្រភព៖: purewow
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]