យល់ដឹង៖ ជាការពិតណាស់ ពិធីបុណ្យភ្ជុំបិណ្ឌ និង ពិធីបុណ្យកាន់បិណ្ឌ គឺជាទំនៀមទម្លាប់ដែលប្រជាជនខ្មែរមានជំនឿតាំងពីបុរាណកាល មកដល់បច្ចុប្បន្នក៏នៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន។ ចំពោះនៅថ្ងៃពិធីបុណ្យកាន់បិណ្ឌ គឺតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែដដែលនេះ។

បើយោងតាមទំនៀមទម្លាប់នៃបុណ្យកាន់បិណ្ឌនេះ គឺប្រជាពលរដ្ឋនាំគ្នាដាក់វេនគ្នា ធ្វើចង្ហាន់ប្រកេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅឯវត្តអារាម។ ចំណែកឯ ជំនឿមួយទៀតដែលគេតែងតែប្រារព្ធធ្វើជារៀងរាល់ថ្ងៃបុណ្យកាន់បិណ្ឌនេះ គឺជា ការបោះបាយបិណ្ឌ ឧទ្ទិសកុសលដល់ជីដូនជីតាសាច់ញាតិដែលបានចែកឋានទៅនៅឋានទេវលោក។

ជាមួយគ្នានេះ ការបោះបាយបិណ្ឌ គឺចាប់ពីផ្ដើមពីម៉ោង៤ទាបភ្លឺ មនុស្សម្នារនាំគ្នាធ្វើបាយបិណ្ឌ ឬ មាននំចំណីទៅតាមការចាត់ចែងរបស់ខ្លួន ដើម្បីរៀបចំដាក់លើចានម្នាក់មួយចាន យកទៅវត្ត ដើម្បីធ្វើការបោះបាយបិណ្ឌនេះ។ ដោយឡែក បច្ចុប្បន្ននេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋ ក៏ដូចជាយុវវ័យ មិនមានការនិយមនាំគ្នាទៅបោះបាយបិណ្ឌ ដូចពីមុនទៀតនោះឡើយ។

ទន្ទឹមនឹងសម័យបច្ចេកវិទ្យាទំនើបនេះទៀតផងនោះ យុវវ័យហាក់ដូចជាមិនយកចិត្តទុកដាក់ចំពោះអំបិយជំនឿ ទំនៀមទម្លាប់ ការក្រោកពីព្រលឹម ដើម្បីធ្វើការបោះបាយបិណ្ឌនោះឡើយ។ ជាពិសេស នៅក្នុងការបោះបាយបិណ្ឌនេះ គឺមិនមែនតម្រូវឲ្យមនុស្សគ្រប់គ្នាត្រូវគោរពតាមនោះទេ បើយោងតាមព្រះពុទ្ធសាសនា គឺគ្មានការបោះបាយបិណ្ឌនោះទេ ដោយពិធីនេះ ទើបតែកើតមកក្រោយទៅតាមជំនឿ និង រឿងព្រេងពីបុរាណ្យប៉ុណ្នោះ។

លើសពីនោះទៅទៀត យុវវ័យសម័យឌីជីថល មានការពិចារណាខ្ពស់ វិទ្យាសាស្ត្រនិយម មិនងាយនឹងជឿលើអបិយជំនឿដែលពួកគេមើលមិនឃើញនោះទេ ហើយដែលសំខាន់ វាក៏មិនខុសអីដែរ ដែលអ្នកចង់ទៅបោះបាយបិណ្ឌ ឬអ្នកមិនទៅបោះ។

ម៉្យាងទៀត ពួកគេគិតថា ការយកចង្ហាន់ទៅវត្តក្នុងថ្ងៃបុណ្យកាន់បិណ្ឌ ក៏ជាការឧទ្ទិសកុសលផលបុណ្យដល់បុព្វបុរសដូនតាញាតិកាទាំង២សណ្ដានផងដែរ។ ដូច្នេះ ការបោះបាយបិណ្ឌ ចំពោះយុវវ័យសម័យនេះ គឺពួកគេមិនសូវមានជំនឿទៅលើពពួកប្រេតនោះទេ។

ហើយពួកគេផ្ដល់ភាពសំខាន់ដល់ការគេងបានគ្រប់គ្រាន់ មិនចាំបាច់ងើបពីព្រឹកព្រលឹមពេកនោះទេហើយដែលសំខាន់ទៅទៀតនោះ យុវវ័យសម័យបច្ចុប្បន្ន ផ្ដោតទៅលើការជួបជុំសាច់ញាតិមានជីវិតនៅឡើយ ដែលនៅរងចាំពួកគេនៅឯស្រុកកំណើតជាជាងសាច់ញាតិដែលស្លាប់ទៅហើយ៕
អត្ថបទដោយ៖ Min



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]