យល់ដឹង៖ ជាឪពុកម្ដាយគេ អ្នកមិនត្រឹមតែមើលថែកូនលើផ្លូវកាយទេ តែក៏ត្រូវយកចិត្តទុកដាក់ឃ្លាំមើលផ្លូវចិត្តរបស់កូនៗផងដែរ ព្រោះជំងឺបាក់ទឹកចិត្តគឺជាជំងឺមួយដែលកើតឡើងយ៉ាងស្ងៀមស្ងាត់ តែក៏អាចឆក់យកជីវិតរបស់កូនៗបានផងដែរ បើសិនមិនបានទទួលការព្យាបាលត្រឹមត្រូវ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើសិនមួយរយៈនេះ អ្នកសង្កេតឃើញថាកូនៗរបស់អ្នកចូលចិត្តនៅម្នាក់ឯង មិនសូវនិយាយស្ដី បាត់បង់ចំណង់ចំណូលចិត្តលើរឿងដែលគេធ្លាប់ចូលចិត្តធ្វើ មានបញ្ហារឿងទទួលទានអាហារឬដំណេក ហើយមានគំនិតចង់បញ្ចប់ជីវិតខ្លួនឯងគឺនោះជាសញ្ញាណនៃជំងឺបាក់ទឹកចិត្តហើយ។ ក្នុងនាមជាឪពុកម្ដាយ នេះជាអ្វីដែលអ្នកគួរតែធ្វើ៖

១. ហាមដាច់ខាតស្ដីបន្ទោស ឬចម្អកកូន

ចាស់ៗជំនាន់មុនភាគច្រើនមើលរំលងលើជំងឺផ្លូវចិត្ត ទើបពេលឃើញកូនមានជំងឺនេះក្នុងខ្លួន ក៏បែរជាស្ដីបន្ទោស ដាក់បន្ទុក យកកូនទៅប្រៀបធៀបនឹងក្មេងដទៃ ឬចម្អកឡកឡាយកូនជាដើម។ អ្នកមិនត្រូវធ្វើរឿងអស់ទាំងនេះដាច់ខាត ព្រោះគ្មានអ្នកណាចង់ស្ពាយជំងឺបាក់ទឹកចិត្តតាមខ្លួននោះទេ ហើយក៏ចៀសវាងការប្រើសម្ដីធំសម្ដីតូចដាក់កូនផងដែរ។

២. មានការអត់ធ្មត់

ពេលអ្នកដឹងថាកូនកំពុងមានបញ្ហាផ្លូវចិត្ត អ្នកជាឪពុកម្ដាយតែងតែចង់សួរនាំ ប៉ុន្តែបើសិនជាសួរនាំហើយ គេមិនចង់ប្រាប់ គួរតែប្រើភាពអត់ធ្មត់រង់ចាំ មិនមែនជជីកសួរកូនដោយប្រើសំឡេងខ្លាំងៗទេ។ បើសិនជាអ្នកបង្ហាញភាពខឹងសម្បារ ឬមិនសប្បាយចិត្ត កូនរបស់អ្នកនឹងកាន់តែគិតថាពួកគេមិនគួរប្រាប់រឿងនោះដល់អ្នក។

រូបភាពតំណាង

៣. ធ្វើជាអ្នកស្ដាប់ដ៏ល្អ

 ពេលកូនៗពិបាកចិត្ត គេតែងតែគិតថាមានតែឪពុកម្ដាយគេទេដែលអាចផ្ដល់ជាមតិយោបល់ល្អៗដល់គេបាន ដូច្នេះអ្នកមិនគួរបង្ខំឲ្យពួកគេនិយាយចេញមកទេ គឺគ្រាន់តែអង្គុយរង់ចាំពួកគេនិយាយចេញមកដោយខ្លួនឯងដើម្បីកុំឲ្យមានសម្ពាធ ហើយពេលគេនិយាយ សូមធ្វើជាអ្នកស្ដាប់ដ៏ល្អម្នាក់ ដែលការធ្វើបែបនេះនាំឲ្យកូនៗកាន់តែទុកចិត្តអ្នក។

៤. បណ្ដោយពួកគេឲ្យដោះស្រាយរឿងនោះដោយខ្លួនឯង ជាឪពុកម្ដាយ អ្នកតែងតែចង់ដោះស្រាយបញ្ហានោះដល់កូន តែក្នុងករណីនេះ ក្មេងវ័យជំទង់ជិតឈានចូលដល់មនុស្សពេញវ័យតែងតែចង់ដោះស្រាយវាដោយខ្លួនឯង ដូច្នេះសូមផ្ដល់អាទិភាពដល់ពួកគេ ហើយងាកមកលើកទឹកចិត្តពួកគេឲ្យបានច្រើនវិញ។ បើសិនគេប្រាប់អ្នកថាគេកំពុងពិបាកចិត្តណាស់ ប្រាប់គេថាអ្នកយល់ និងឱបគេដើម្បីលួងលោម។

រូបភាពតំណាង

៥. គាំទ្រកូន

ជំងឺបាក់ទឹកចិត្តធ្វើឲ្យកូនៗមិនសូវចង់រៀនសូត្រ ដែលនាំឲ្យលទ្ធផលការសិក្សារក៏អន់ថយតាមនោះ តែក្នុងនាមអ្នកជាឪពុកម្ដាយគឺត្រូវតែបន្តគាំទ្រលើកទឹកចិត្តកូន កុំព្យាយាមដាក់បន្តុកឬដាក់សម្ពាធពួកគេ និងរឹតចំណងទំនាក់ទំនងជាមួយគេតាមរយៈកាយវិការដូចជាការឱបឬការថើប។ ពេលខ្លះ អ្នកអាចមានអារម្មណ៍ហត់ចិត្តនឹងកូនដែលជួយខ្លួនឯងសឹងតែមិនបាន តែត្រូវចាំថា សូម្បីកិច្ចការងារតូចៗក៏កូនៗដែលមានជំងឺនេះមិនអាចធ្វើខ្លួនឯងបានដែរ។

៦. នាំកូនទៅទទួលការព្យាបាល

បើសិនកូនអ្នកនៅតែមិនអាចជួយខ្លួនឯងបាន ឬរត់មកសុំជំនួយពីអ្នក អ្វីដែលអ្នកត្រូវធ្វើគឺនាំគេទៅទទួលការព្យាបាលនៅមន្ទីរពេទ្យឯកទេសខាងផ្លូវចិត្ត។ ការព្យាបាលជំងឺផ្លូវចិត្តមានច្រើនប្រភេទ ដូច្នេះអ្នកត្រូវនាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលការព្យាបាលដ៏ត្រឹមត្រូវ។ ប៉ុន្តែបើសិនកូនអ្នកបដិសេធមិនចង់ទៅទទួលការព្យាបាល កុំបង្ខំចិត្តពួកគេអី តែនៅចាំគាំទ្រនិងលើកទឹកចិត្តកូនព្រោះជំងឺនេះអាចធ្វើឲ្យចរិតរបស់កូនអ្នកម្ដងក្ដៅម្ដងត្រជាក់ អារម្មណ៍ប្រែប្រួលមិនទៀងទើបអ្នកជាឪពុកម្ដាយត្រូវតែកុំដាក់សម្ពាធទៅលើកូន៕  

រូបភាពតំណាង

ប្រភព៖: webmd

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]