យល់ដឹង៖ ឪពុកម្ដាយសម័យថ្មីតែងតែចង់ឲ្យកូនៗរបស់ខ្លួន មានចំណេះដឹងខ្ពស់ យល់ដឹងរឿងជាច្រើន ដើម្បីមានអនាគតល្អតទៅថ្ងៃមុខ ទើបឪពុកម្ដាយខ្លះ ចង់ឲ្យកូនចេះបានច្រើនភាសា ដូចជា អង់គ្លេស ឬភាសាចិន បន្ថែមពីលើភាសាខ្មែរដែលជាភាសាជាតិ និងចង់បង្វឹកកូនឲ្យចាប់ភាសាបានកាន់តែឆាប់ បន្ថែមពីលើការបង្រៀននៅសាលា។
ដើម្បីឲ្យឆាប់ចាប់បាន ការរៀនភាសាគឺត្រូវការឲ្យកូនៗរៀនពីតូចទៅដើម្បីឲ្យពួកគេកាន់តែនិយាយបានល្អពេលធំឡើង ហើយបើសិនជាអ្នកចង់ឲ្យកូនៗ ឆាប់ចាប់ភាសាបាន គឺត្រូវអនុវត្តន៍តាមវិធីខាងក្រោម៖
១. និយាយភាសានោះជាមួយកូនៗនៅឯផ្ទះ
បើសិនជាអ្នកអាចនិយាយភាសាដែលកូនកំពុងរៀនបានដែរ សូមចាប់ផ្ដើមយកវាមកនិយាយជាមួយគេនៅផ្ទះ ចាប់ផ្ដើមពីកិច្ចការតូចៗទៅដូចជានិយាយគ្នាលេង ឬពេលញ៉ាំអាហារជាដើម ដែលហ្វឹកហាត់ឲ្យបានកាន់តែច្រើនកាន់តែល្អ។ កាលពីដំបូងៗ អ្នកអាចនឹងមានអារម្មណ៍អៀនខ្មាសឬមិនស៊ាំមាត់ តែពេលនិយាយយូរៗទៅ គឺនឹងចាប់ផ្ដើមស៊ាំហើយ។ ប៉ុន្តែបើសិនអ្នកមិនចេះនិយាយភាសាដែលកូនកំពុងរៀនទេ គឺអ្នកគួរជួលគ្រូមកហ្វឹកហាត់នៅផ្ទះ។
២. បង្រៀនឲ្យកូនច្រៀងជាភាសានោះ
ការច្រៀងនិងរាំ គឺជាសកម្មភាពដ៏សប្បាយរីករាយមួយដែលកូនៗចូលចិត្តណាស់ ដូច្នេះអ្នកត្រូវឆ្លៀតឱកាសនោះ បង្រៀនកូនច្រៀងជាភាសាមួយនោះ ដោយចាក់វាឮៗ ហើយឲ្យកូនរៀនច្រៀងតាម។
៣. រៀនភាសាបន្ថែមតាមរយៈការមើលរឿងភាគតុក្កតា
ការមើលរឿងតុក្កតាមិនត្រឹមតែធ្វើឲ្យកូនៗរបស់អ្នករីករាយប៉ុណ្ណោះទេ តែក៏អាចឲ្យពួកគេឆាប់ចាប់បានផ្នែកភាសាផងដែរ ដោយអ្នកត្រូវជ្រើសរើសយកតុក្កតាណាដែលនិយាយជាភាសាដែលកូនអ្នកកំពុងរៀន។ បើសិនកូនអ្នកស្ដាប់មិនយល់ត្រង់ឃ្លានោះ សាវាឡើងវិញហើយអ្នកត្រូវបង្គាប់ឲ្យគេនិយាយតាម។
៤. បិទរូបឬផ្ទាំងអក្សរពាក់ព័ន្ធនឹងភាសានោះនៅលើជញ្ជាំងផ្ទះ
ក្រៅពីការស្ដាប់ចម្រៀងនិងមើលរឿង អ្នកត្រូវធ្វើឲ្យភាសានោះអាចមើលឃើញដោយភ្នែកនៅផ្ទះផ្ទាល់តែម្ដង ដូចជាការបិទអក្សរក្រមរបស់ភាសានោះនៅលើជញ្ជាំងផ្ទះ និងពាក្យស្លោកផ្សេងៗជាដើម ដើម្បីឲ្យកូនៗឃើញរាល់ថ្ងៃ។
៥. បង្កើតសកម្មភាពសប្បាយៗដល់កូន
សូមអ្នកសង្កេតមើលថាកូនៗរបស់អ្នក ចូលចិត្តសកម្មភាពមួយណាឬមានចំណង់ចំណូលចិត្តលើរឿងអ្វី? បើសិនជាគេចូលចិត្តការលេងបិទពួន អ្នកអាចនាំគេលេងដោយនិយាយភាសានោះ ហើយរាប់លេខជាភាសានោះព្រោះការនាំពួកគេនិយាយភាសា នៅពេលពួកគេកំពុងធ្វើអីដែលពួកគេចូលចិត្ត គឺជួយឲ្យពួកគេមានគំនិតច្នៃប្រតិដ្ឋជាងមុន៕
ប្រភព៖: chalkacademy
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]