ស្នេហា៖ ទំនាក់ទំនងស្នេហា នាំភាពស្រស់បំព្រងមកកាន់ជីវិតរបស់មនុស្សម្នាក់ៗ តែក៏មានពេលខ្លះដែលស្នេហា ធ្វើឲ្យមនុស្សឈឺចាប់ខ្លាំងដែរ។ អ្នកត្រូវដឹងថា ទំនាក់ទំនងនីមួយៗគឺគូស្នេហ៍ត្រូវគោរព ខ្វល់ខ្វាយ ការពារ ស្រលាញ់និងឲ្យតម្លៃគ្នាទៅវិញទៅមក មិនមែនយើងធ្វើរឿងទាំងនោះដាក់គេតែម្ខាងនោះទេ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើសិនអ្នកចង់ដឹងថា ដៃគូរបស់អ្នកស្រលាញ់អ្នកពិតប្រាកដមែនឬក៏អត់ អ្នកគួរតែយល់ថា បើគេធ្វើរឿងខាងក្រោមនេះ គឺគេមិនស្រលាញ់អ្នកពិតមែនទេ៖

១. គេមិនប្រាប់រឿងសម្ងាត់ដល់អ្នក

បើសិនគេលាក់រឿងសម្ងាត់ណាមួយពីអ្នក នៅពេលដែលអ្នកសួរគេ គឺគេមិនស្រលាញ់អ្នកទេ ព្រោះមនុស្សស្រលាញ់គ្នាត្រូវការភាពស្មោះត្រង់ដល់គ្នា។ ការលាក់រឿងសម្ងាត់បែបនេះជារឿយៗ អាចធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្តទៅលើគេ ឈានដល់ទំនាក់ទំនងប្រេះស្រាំ។

រូបភាពតំណាង

២. គេមិនខ្វល់ពីអារម្មណ៍អ្នក

ជួនកាល ទង្វើខ្លះដែលគេធ្វើ គឺនាំឲ្យយើងឈឺចាប់ខ្លាំង ហើយយើងក៏ប្រាប់គេត្រង់ទៅត្រង់មក ពីអារម្មណ៍របស់យើងនិងសុំឲ្យគេកែប្រែដើម្បីយើង តែផ្ទុយទៅវិញក្រៅពីមិនព្រមកែប្រែហើយ គេនៅស្ដីបន្ទោសអ្នក ថាអ្នកដ្រាម៉ា អ្នកចេះតែគិតច្រើន អ្នករវើរវាយជាដើម។

៣. ធ្វើឲ្យអ្នកមានអារម្មណ៍ឯកា និងគ្មានទំនុកចិត្ត

 បើគេស្រលាញ់អ្នកមែន គេនឹងមិនធ្វើឲ្យអ្នកមានអារម្មណ៍ឯកាទេ គឺគេនឹងនៅក្បែរចាំលើកទឹកចិត្តអ្នក មិនបន្ទាបបន្ថោកកិត្តិយសរបស់អ្នក។ មួយវិញទៀត ទង្វើរបស់គេក៏គ្មានទំនុកចិត្ត គឺយកអ្នកទៅប្រៀបធៀបនឹងស្រីដទៃ រក្សាការណ៍សម្ងាត់ពីអ្នក លេងល្បែងស្នេហ៍បង្វិលក្បាលអ្នកជាដើម។

រូបភាពតំណាង

៤. គេមិនគោរពអ្នក

មនុស្សស្រលាញ់គ្នា ត្រូវតែគោរពគ្នាជាចាំបាច់ តែបើសិនគេមិនគោរពអ្នក គេតែងតែកុហកអ្នក គេមិនផ្ដាសាជេរប្រទេចអ្នក ប្រើសម្ដីមិនសមរម្យមកកាន់អ្នក នោះគេមិនស្រលាញ់អ្នកពិតប្រាកដទេ។

៥. គេគិតពីតម្រូវការមុនអ្នកជានិច្ច

 មិនថារឿងអីទេ គេតែងតែយកចិត្តខ្លួនឯងមុនជានិច្ច មិនខ្វល់ថាអ្នកចង់បានអី ហើយតែងតែបង្ខំឲ្យអ្នកធ្វើអីដែលអ្នកមិនចង់ធ្វើ។ មនុស្សប្រភេទនេះគឺអាត្មានិយមខ្លាំងណាស់ និងស្រលាញ់តែខ្លួនឯងទេ។

៦. គេមិនគោរពសិទ្ធិផ្ទាល់ខ្លួនរបស់អ្នក

ធម្មតា មនុស្សម្នាក់ៗតែងតែមានខ្សែបន្ទាត់ព្រំដែន និងភាពផ្ទាល់ខ្លួនរបស់គេ។ មិនប្រាកដថាគូស្នេហ៍របស់អ្នកត្រូវតែតាមអ្នកគ្រប់ពេលវេលាដោយមិនទុកពេលឲ្យអ្នកនៅជាមួយខ្លួនឯងនោះឡើយ។ បើសិនជាគេធ្វើបែបនោះមែន គេពិតជាចង់ប្រើភាពផ្ដាច់ការមកគ្រប់គ្រងអ្នក មិនឲ្យអ្នកប្រើប្រាស់សិទ្ធិរបស់អ្នក។

រូបភាពតំណាង

៧. គេព្យាយាមផ្លាស់ប្ដូរចរិតរបស់អ្នក

មនុស្សម្នាក់ៗតែងតែមានអត្តចរិតខុសៗពីគ្នា ហើយក៏មានចំណុចល្អ និងចំណុចមិនសូវល្អ ព្រោះគ្មានអ្នកណាគ្រប់ដប់ទាំងអស់នោះទេ។ ផ្ទុយទៅវិញ ក្រៅពីមិនលើកទឹកចិត្តនិងទទួលយកភាពជាខ្លួនអ្នកហើយ គេបែរជាប្រាប់ឲ្យអ្នកផ្លាស់ប្ដូរខ្លួនឯង ធ្វើជាអ្នកនេះអ្នកនោះតាមតម្រូវការរបស់គេ រហូតអ្នកបាត់បង់ក្ដីស្រមៃ ចំណង់ចំណូលចិត្ត អាជីពការងារ... របស់អ្នក។

៨. គេលែងថែរក្សាទំនាក់ទំនងស្នេហា

ការថែរក្សាស្នេហាដូចជាការថែរក្សាដើមឈើមួយផើងអ៊ីចឹង គឺត្រូវស្រោចទឹក ដាក់ជី មើលថែដី បោចស្លឹកដែលងាប់ៗចោល ជារៀងរាល់ថ្ងៃ។ គូស្នេហ៍ត្រូវតែមើលថែគ្នា យកចិត្តទុកដាក់ចំពោះគ្នា ស្រលាញ់គ្នា ការពារគ្នា កែតម្រូវគ្នាតរៀងទៅ តែបើសិនជាដៃគូរបស់អ្នកលែងធ្វើរឿងអស់ទាំងនោះ មិនខ្វល់នឹងថែរក្សាទំនាក់ទំនងស្នេហានេះទេ សូមដោះលែងគេចុះ ព្រោះគេមិនស្រលាញ់អ្នកទៀតទេ៕

ប្រភព៖: hackspirit

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]