យល់ដឹង៖ នរណាៗក៏ចង់បានការងារល្អ ដែលអាចជួយអភិវឌ្ឍដល់ខ្លួនឯងនាថ្ងៃអនាគតដែរ ប៉ុន្តែក្នុងនោះ បរិយាកាសការងារក៏សំខាន់ខ្លាំងណាស់ដែរ ព្រោះបើសិនអ្នកចូលចិត្តបរិយាកាសនៅកន្លែងធ្វើការងាររបស់អ្នក ក៏មិនយូរមិនឆាប់ អ្នកគង់តែដាក់ពាក្យសុំលាឈប់។
អ្នកខ្លះបំពេញការងារបានល្អហើយ ស្រលាញ់ការងារនេះហើយ តែបែរជាជួបនឹងបញ្ហាវិវាទជាមួយមិត្តរួមការងារ ឬមិនសូវជាស្និទ្ធស្នាលជាមួយមេកើយជាដើម។ បើសិនជាអ្នកចង់ឲ្យទាំងចៅហ្វាយរបស់អ្នក និងមិត្តរួមការងាររបស់អ្នក ចូលចិត្តអ្នក សាកល្បងគន្លឹះទាំងនេះ៖
១. រក្សាអត្តចរិតវិជ្ជមានក្នុងខ្លួន
ពេលមកដល់កន្លែងការងារ វាសំខាន់ណាស់ដែលអ្នកត្រូវបញ្ចេញកាយវិការវិជ្ជមាន ញញិម រួសរាយរាក់ទាក់ ចៅហ្វាយនិងមិត្តរួមការងារ តែក៏មិនបានមានន័យថាអ្នកត្រូវតែញញិមជាប់រហូតដែរគឺ គ្រាន់តែសម្ដែងចេញមកថាអ្នកមានអត្តចរិតវិជ្ជមាន គួរឲ្យចូលចិត្ត សម្ដីសម្ដៅផ្អែមសុភាព និងចិត្តល្អដាក់មនុស្សជុំវិញ។
២. មកធ្វើការឲ្យទៀងពេល
គ្មានអ្នកណាចូលចិត្តអ្នកទេ បើសិនជាអ្នកមកបំពេញការងារយឺតយ៉ាវ ព្រោះវាបង្ហាញថាអ្នកជាមនុស្សគ្មានទំនួលខុសត្រូវក្នុងខ្លួន ហើយអ្នកកំពុងតែបង្ហាញចៅហ្វាយរបស់អ្នក ថាអ្នកជាមនុស្សគ្មានវិន័យនិងរបៀបរបបក្នុងខ្លួន ដូច្នេះសូមមកបំពេញការងារឲ្យបានទៀងម៉ោងតាមការកំណត់ជានិច្ច។
៣. មានទំនួលខុសត្រូវ និងជួយការងារក្រុមហ៊ុនតាមដែលអាចធ្វើទៅបាន
ទំនួលខុសត្រូវជាផ្នែកមួយដ៏សំខាន់ដើម្បីឲ្យមនុស្សជុំវិញខ្លួននៅកន្លែងការងារ គោរពស្រលាញ់ និងទុកចិត្តអ្នក។ បើសិនជាអ្នកធ្វើខុសត្រង់ចំណុចណាមួយ សូមទទួលស្គាល់និងទទួលខុស ហើយរៀនសូត្រកែប្រែវាឡើងវិញ។ ម្យ៉ាងទៀត អ្នកក៏ត្រូវមានវិជ្ជាជីវៈក្នុងខ្លួនឲ្យបានខ្ជាប់ខ្ជួន ក្រៅពីការងាររបស់អ្នកធ្វើរាល់ថ្ងៃ បើមានការងារផ្សេងណាដែលអ្នកអាចធ្វើបាន សូមបញ្ចេញសមត្ថភាពធ្វើវា ដើម្បីជួយដល់ក្រុមហ៊ុន ក៏ដូចជាបង្ហាញមេកើយរបស់អ្នកថា អ្នកមានសមត្ថភាពអាចធ្វើបាន។
៤. ចេះអត់ធ្មត់
មនុស្សម្នាក់ៗមិនមែនអង្គុយញញិម និងអារម្មណ៍ល្អរហូតទេ មានថ្ងៃខ្លះដែលអារម្មណ៍អ្នកមួម៉ៅខ្លាំង ឬមកពីអ្នកត្រូវថ្នាក់លើស្ដីបន្ទោសជាដើម... ប៉ុន្តែមិនថាយ៉ាងណា អ្នកត្រូវប្រកាន់ខ្ជាប់ភាពអត់ធ្មត់ រក្សាទឹកមុខឲ្យនៅស្រស់ញញិម និងបំពេញការងាររបស់អ្នកតាមធម្មតា។ អ្នកក៏ត្រូវសម្ដែងការគួរសម និងរក្សាចិត្តឲ្យនៅត្រជាក់ជានិច្ច។
៥. ទទួលស្គាល់កំហុស និង ទទួលស្ដាប់ដំបូន្មាន
ដោយការគោរព ត្រូវចាំថា មនុស្សម្នាក់ៗនៅលើលោកនេះ គ្មានអ្នកណាល្អឥតខ្ចោះទេ ដូច្នេះហើយអ្នកត្រូវរៀនបើកចិត្តទទួលស្គាល់កំហុស ទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួន ដើម្បីយកទៅពង្រឹងបន្ថែម។ លើសពីនេះទៅទៀត អ្នកក៏គួរស្ដាប់ដំបូន្មានរបស់មិត្តរួមការងារដទៃ ឬចៅហ្វាយនាយ ដោយក្ដីគោរពបំផុត។ ជួនកាលអ្នកទាំងនោះ មានបទពិសោធន៍ក្រាស់ក្រែលជាងអ្នក។
៦. រហ័សរហួន និងរៀបចំការងារទុកជាមុន
បើមានការប្រជុំ ឬកាលវិភាគត្រូវធ្វើអ្វីមួយ ត្រូវរៀបចំឯកសារសម្រាប់ការប្រជុំទុកជាមុន ហើយត្រូវប្រាកដចិត្តថាអ្នកបានត្រៀមខ្លួនដើម្បីបញ្ចេញគំនិតយោបល់ ក៏ដូចជាឡើងនិយាយនៅក្នុងការប្រជុំ។
៧. ខិតខំបំពេញការងារ
នេះជាចំណុចសំខាន់មួយមិនគួរមើលរំលង បើសិនជាចង់ឲ្យអ្នកនៅកន្លែងការងារចូលចិត្តអ្នក គឺខិតខំបំពេញការងារឲ្យបានខ្ជាប់ខ្ជួន និងរហ័សរហួន ដោយក្នុងនោះក៏ត្រូវរៀនសូត្រពីការងារមុខតំណែងផ្សេងៗទៀត ដើម្បីយកមកពង្រឹងខ្លួនឯង។
៨. រៀបចំខ្លួនឲ្យបានស្អាត
ការរៀបចំខ្លួនមកបំពេញការងារ ក៏ជាកត្តាសំខាន់មួយដែរ បើសិនកន្លែងការងាររបស់អ្នកមានឯកសណ្ឋាន សូមអ៊ុតឯកសណ្ឋាននោះឲ្យត្រង់ភ្លី ដើម្បីឲ្យមើលទៅអ្នកមានវិជ្ជាជីវៈ និងចងសក់ឲ្យបានរៀបរយ ធ្វើយ៉ាងណាឲ្យអ្នកមើលទៅមានទំនុកចិត្តលើខ្លួនឯង។ បើសិនកន្លែងការងាររបស់អ្នកគ្មានឯកសណ្ឋានតម្រូវឲ្យស្លៀកពាក់ទេ សូមជ្រើសរើសសំលៀកបំពាក់ឲ្យសមរម្យ ដើម្បីងាយស្រួលបំពេញការងារ៕
ប្រភព៖: forbes
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]