ស្នេហា៖ ទំនាក់ទំនងស្នេហាអាចប្រព្រឹត្តិទៅបានយ៉ាងរលូននិងគង់វង្ស គឺទាល់តែភាគីទាំងពីរមានភាពស្មោះត្រង់នឹងគ្នា ស្រលាញ់គ្នាមួយទល់នឹងមួយ តែក៏មិនប្រាកដថា រាល់ទំនាក់ទំនងស្នេហាទាំងអស់សុទ្ធតែគង់វង្សនោះឡើយ។ មានសម្ព័ន្ធភាពគូស្នេហ៍ជាច្រើនដែលបែកបាក់គ្នា ដោយសារហេតុផលផ្សេងៗ រួមបញ្ចូលទាំង ការផិតក្បត់ ជាដើម។
សម្រាប់និយមន័យនៃការផិតក្បត់ គឺបុរសឬនារីជាគូស្នេហ៍របស់យើង ទៅលួចទាក់ទងអ្នកថ្មី ឬមានទំនាក់ទំនងផ្លូវកាយជាមួយអ្នកនោះ ទើបយើងហៅថាជាអំពើផិតក្បត់ ប៉ុន្តែការពិតទៅសកម្មភាពនៃការផិតក្បត់ទ្រង់ទ្រាយតូច ឬយើងហៅថា Micro Cheating មានច្រើនយ៉ាងណាស់ដែលកើតឡើងក្នុងទំនាក់ទំនងស្នេហារបស់អ្នកដែលអ្នកមិនដែលមើលឃើញ ក្នុងនោះមាន៖
១. ចរិតចូលចិត្តញ៉ែអ្នកផ្សេង
បើគូស្នេហ៍របស់អ្នក ចូលចិត្តទៅញ៉ែញ៉ង និយាយជាមួយភេទផ្ទុយមិនឈប់ឈរសោះ ដោយបង្ហាញសកម្មភាពមួយចំនួនដូចជា ឲ្យភ្នែកគេ, និយាយពាក្យផ្អែមល្ហែម(មិនថាបែបលេងសើចឬមិនលេងសើច), ប៉ះពាល់ ជាមួយអ្នកផ្សេង គឺមានន័យថាវាជាទម្រង់មួយនៃការផិតក្បត់លក្ខណៈទ្រង់ទ្រាយតូចនេះហើយ ទោះបីដៃគូអ្នកមិនបានសារភាពស្នេហ៍ឬលួចទាក់ទងគេក្រោយខ្នងអ្នកក៏ដោយ។
២. ការទាក់ទងអ្នកផ្សេងតាមរយៈសារអេឡិកត្រូនិក
កុំគិតថា អំពើផិតក្បត់គឺទាល់តែបុរសឬនារីជាដៃគូយើង ទៅមានទំនាក់ទំនងផ្លូវកាយ ឬទៅណាត់ជួបគេនៅខាងក្រៅនោះ ការពិតទៅ ការដែលគូស្នេហ៍របស់យើងលេងឆាត ឬផ្ញើសារញ៉ែញ៉ងជាមួយអ្នកផ្សេងនៅលើបណ្ដាញសង្គម ដូចជា Facebook, Instagram , Telegram , X... ជាដើម គឺសុទ្ធតែជាទង្វើនៃអំពើផិតក្បត់លក្ខណៈទ្រង់ទ្រាយតូច។ វាក៏រួមបញ្ចូលទាំងការចុច Like ឬ Comment នៅលើការបង្ហោះរបស់អ្នកផ្សេងក្នុងន័យចង់ឲ្យម្នាក់នោះចាប់អារម្មណ៍ ឬចង់ឲ្យខ្លួនឯងមើលទៅលេចធ្លោ ទោះបីជាក្នុងន័យលេងសើចក៏ដោយ។
៣. សរសើរអ្នកផ្សេង
អ្នកអាចគិតថាគូស្នេហ៍របស់អ្នកអាចសរសើរអ្នកផ្សេងបាន តែការសរសើរក្នុងន័យខ្លះ គឺរាប់ចូលជាអំពើផិតក្បត់ដែរ ព្រោះមនុស្សម្នាក់តែងតែសរសើរម្នាក់ទៀត ដើម្បីចង់ឲ្យគេចាប់អារម្មណ៍ខ្លួន ឬក៏ចង់ឲ្យម្នាក់នោះដឹងថាខ្លួនគិតថាគេទាក់ទាញជាដើម។
៤. ជូនកាដូឬទទួលកាដូ
ដៃគូអ្នកអាចជូនកាដូដល់អ្នកផ្សេងបានបើសិនក្នុងន័យរាប់អាន ឬពាក់ព័ន្ធនឹងរឿងការងារ ប៉ុន្តែការជូនកាដូខ្លះ បង្កប់ចេតនារម្មណ៍នៅក្នុងនោះ ដូចជាចង់ឲ្យម្នាក់នោះដឹងថាដៃគូអ្នកចាប់អារម្មណ៍គេ ជាដើម។ ដៃគូអ្នកក៏មិនអាចទទួលកាដូពីអ្នកផ្សេងដែលចង់មានទំនាក់ទំនងលើសពីមិត្តនោះដែរ ព្រោះការទទួលកាដូនេះគឺស្មើនឹងគេយល់ព្រមមានទំនាក់ទំនងលើសពីមិត្តជាមួយម្នាក់នោះ។
៥. ជិតស្និទ្ធនឹងអ្នកផ្សេងខ្លាំង
ជិតស្និទ្ធក្នុងន័យនេះ គឺគេបង្ហោះរូបភាពមិនសមរម្យទៅឲ្យអ្នកផ្សេង ឬ និយាយពីអ្វីដែលគេចង់ធ្វើនៅលើគ្រែជាមួយម្នាក់នោះ ឬក៏បង្ហើបពីរឿងសម្ងាត់ផ្សេងៗដែលអ្នកជាគូស្នេហ៍គេមិនដឹង ហើយយកទៅប្រាប់ម្នាក់នោះ។
៦. ការប៉ះពាល់
ដៃគូរបស់អ្នកបានប៉ះពាល់នារីផ្សេងឬបុរសផ្សេង ក្នុងន័យបង្កប់ចេតនារម្មណ៍ចង់បាន ចង់ទាក់ទង ចង់ធ្វើរឿងមិនសមរម្យជាមួយ ដែលរួមទាំងការចាប់ដៃ ឱប ឬថើប។
៧. ស្រមើស្រមៃពីអ្នកដទៃ
ការស្រមើស្រមៃពីអ្នកដទៃនេះគឺចង់បានន័យថា គេស្រមើស្រមៃការបានទាក់ទងគ្នាជាមួយម្នាក់នោះ ឬស្រមៃថាគេមានទំនាក់ទំនងផ្លូវកាយជាមួយម្នាក់នោះ ដែលរាប់បញ្ចូលទាំងការស្រមើស្រមៃសាងអនាគតជាមួយគ្នាជាដើម។
៨. នៅតែលេងក្នុងវេបសាយស្វែងរកគូស្នេហ៍
បើសិនជាគេមានអ្នកហើយ តែនៅបង្កើតគណនីឬលេងនៅក្នុងវេបសាយស្វែងរកគូស្នេហ៍នានា ក៏ជាផ្នែកមួយនៃអំពើផិតក្បត់ទ្រង់ទ្រាយតូចដែរ ព្រោះគេចង់ឲ្យស្រីផ្សេងឬប្រុសផ្សេងដឹងថាគេនៅទំនេរ និងចង់ស្វែងរកគូស្នេហ៍។
សរុបមកវិញ ការផិតក្បត់ទ្រង់ទ្រាយតូច (Micro Cheating) នេះតែងតែត្រូវបានមើលរំលងជារឿយៗ ហើយគូស្នេហ៍ខ្លះក៏គិតថាការបញ្ចេញសកម្មភាពខាងលើអស់ទាំងនេះគឺជារឿងធម្មតា អាចអត់ឱនឲ្យបាន តែគូស្នេហ៍ខ្លះទៀតគិតថាវាជាទង្វើនៃការផិតក្បត់ហើយ ដូច្នេះនិយមន័យនៃការផិតក្បត់នេះគឺស្រេចតែលើការគិតរបស់មនុស្សម្នាក់ៗ៕
ប្រភព៖: verywellmind
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]