យល់ដឹង៖ វាជារឿងធម្មតាទេ ដែលមាបញ្ហាឈ្លោះគ្នា ក្នុងទំនាក់ទំនងគូស្នេហ៍ព្រោះគូស្នេហ៍ទាំងពីរ មិនអាចល្អូកល្អឺននឹងគ្នារហូតទេ។ ការឈ្លោះគ្នានេះ គឺមិនបានមានន័យថាម្នាក់ៗអស់ចិត្តស្រលាញ់គ្នានោះឡើយ គឺគ្រាន់តែខ្វែងគំនិតគ្នាលើរឿងអ្វីមួយ ដូច្នេះការសុំទោស និងអភ័យទោសឲ្យគ្នាគឺពិតជាសំខាន់។

រូប​ភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើសិនជាអ្នកកំពុងឈ្លោះប្រកែកគ្នាជាមួយគូស្នេហ៍ ហើយរឿងនេះគឺអ្នកជាអ្នកខុស អ្នកចង់សុំទោសគេដើម្បីសុំជានាគ្នាវិញ វិធីសាស្ត្រខាងក្រោមនេះ គួរតែអាចជួយអ្នកបាន៖

១. បង្ហាញភាពសោកស្ដាយ

មុននឹងឈានដល់ការពោលពាក្យសុំទោស អ្នកត្រូវបង្ហាញពីអារម្មណ៍សោកស្ដាយ ដែលធ្វើឲ្យមានរឿងនេះកើតឡើង និងនិយាយពាក្យសុំទោសបែបសម្លឹងភ្នែកគូស្នេហ៍ បង្ហាញចេញថាអ្នកពិតជាសុំទោសពិតមែន មិនមែនគ្រាន់តែនិយាយឲ្យរួចពីមាត់ និងត្រូវបើកចិត្តនិយាយដោយភាពស្មោះត្រង់។

២. ពន្យល់ពីកំហុសឆ្គងរបស់អ្នក

បន្ទាប់ពីនិយាយពាក្យសុំទោសហើយ អ្នកត្រូវពន្យល់គូស្នេហ៍ឡើងវិញ ថាអ្នកខុសត្រង់ណា ហើយបើសិនជាអ្នកទាំងពីរគ្រាន់តែយល់ច្រឡំគ្នាទេ អ្នកក៏ត្រូវនិយាយប្រាប់គេពីត្រង់នេះដើម្បីផ្លាស់ប្ដូរទស្សនៈរបស់គេមកលើអ្នក។

រូប​ភាពតំណាង

៣. ទទួលខុស

ចំណុចនេះពិតជាសំខាន់ ដែលអ្នកខ្លះធ្វើមិនបានទេ។ ការទទួលខុសគឺជាទង្វើមួយដែលបង្ហាញថាអ្នកមានទំនួលខុសត្រូវខ្ពស់ ដែលពេលខ្លះគូស្នេហ៍របស់អ្នកឈ្លោះប្រកែកគ្នាជាមួយអ្នក មិនមែនគិតលើដើមហេតុនៃជម្លោះនោះទេ តែគេចង់ឲ្យអ្នកព្រមទទួលថាខ្លួនឯងខុស។

៤. និយាយថាអ្នកនឹងកែប្រែ

ឧទាហរណ៍ថា អ្នកឈ្លោះជាមួយដៃគូរបស់អ្នកដោយសារតែអ្នកមិនបាននាំគេទៅដើរកម្សាន្តនៅទីណាមួយ តាមដែលបានណាត់ ហើយអ្នកលើកទៅពេលក្រោយ ស្រាប់តែដល់ពេលនោះ អ្នកបែរជាមិនបានយកគេទៅដើរកម្សាន្តទៀត ធ្វើឲ្យជម្លោះកាន់តែគរឡើង ដូច្នេះ អ្នកត្រូវនិយាយប្រាប់គេថាអ្នកនឹងកែប្រែ ហើយធ្វើឲ្យបានដូចមាត់។

រូប​ភាពតំណាង

៥. ប្រាប់គេថាអ្នកនឹងដោះស្រាយរឿងនេះ

បញ្ហាទាំងអស់តែងតែមានផ្លូវដោះស្រាយ ហើយបើសិនជាអ្នកនិងឈ្លោះប្រកែកគ្នានូវរឿងដែលពាក់ព័ន្ធនឹងបុគ្គលទីបី ឬស្មុគស្មាញរហូតត្រូវការការដោះស្រាយ សូមអ្នកបង្ហាញទំនួលខុសត្រូវដោយសន្យាជាមួយគេថានឹងដោះស្រាយរឿងនេះ ដើម្បីកុំឲ្យមានបញ្ហាតទៅទៀត។

៦. សុំការអភ័យទោស

ជាចុងក្រោយ អ្នកត្រូវសុំការអភ័យទោសពីដៃគូ បន្ទាប់ពីធ្វើការសុំទោសរួចរាល់ ដែលជាដំណាក់កាលមួយដែលតែងតែត្រូវមើលរំលង។ ការសុំការអភ័យទោសគឺជាទង្វើមួយបញ្ជាក់ថា អ្នកចង់ត្រូវគ្នាជាមួយគេវិញ និងចង់ផ្សះផ្សាទំនាក់ទំនងមួយនេះ៕  

រូប​ភាពតំណាង

ប្រភព៖: muscleandfitness

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]