យល់ដឹង៖ គោលដៅរបស់មនុស្សម្នាក់ៗគឺខុសៗពីគ្នា អ្នកខ្លះចង់ជោគជ័យ អ្នកខ្លះចង់មានទ្រព្យស្តុកស្ដម្ភ អ្នកខ្លះចង់មានយសសក្តិធំ តែអ្នកខ្លះទៀតសុំត្រឹមតែជីវិតមួយនេះមានក្ដីសុខមានភាពរីករាយទៅគឺបានហើយ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពរីករាយមិនមែនកើតឡើងទាល់តែអ្នកនៅជាមួយអ្នកដទៃទេ គឺអ្នកអាចបង្កើតភាពរីករាយដោយខ្លួនឯង ព្រោះបើអ្នកចេះរីករាយនឹងខ្លួនឯងហើយ គ្មានអ្វីអាចប៉ះពាល់ផ្លូវចិត្តរបស់អ្នកនោះទេ។ ខាងក្រោមនេះ គឺជាវិធីងាយៗដែលអ្នកអាចធ្វើឲ្យខ្លួនឯងសប្បាយចិត្ត៖

១. ទទួលស្គាល់អារម្មណ៍របស់អ្នក

ដើម្បីឲ្យខ្លួនមានភាពរីករាយ អ្នកត្រូវចេះទទួលស្គាល់អារម្មណ៍ខ្លួនឯង គឺពេលអ្នកសោកសៅ ទទួលស្គាល់ថាអ្នកសោកសៅ ពេលអ្នករីករាយ គឺទទួលស្គាល់ថាអ្នកកំពុងរីករាយ ដោយមិនព្យាយាមបិទបាំងអារម្មណ៍របស់ខ្លួន ឬកុហកខ្លួនឯងនោះទេ។ ដើម្បីសប្បាយចិត្តបាន ទាល់តែសប្បាយចិត្តចេញពីខាងក្នុងគឺសប្បាយចិត្តមែនទែន មិនមែនដោយបង្ខំ។

២. ធ្វើជាខ្លួនឯង

អ្នកមិនអាចរស់នៅជីវិតរបស់អ្នកដទៃទេ រឹតតែមិនអាចធ្វើជាមនុស្សម្នាក់ផ្សេងដែលមិនមែនជាខ្លួនអ្នក។ ចំណុចនេះ អ្នកត្រូវធ្វើជាខ្លួនឯង រស់នៅជីវិតក្នុងភាពជាខ្លួនឯង ស្គាល់ពីតម្លៃខ្លួនឯង។

រូបភាពតំណាង

៣. ចេះដឹងគុណនឹងជីវិតរបស់អ្នក និងអ្វីនៅជុំវិញខ្លួនអ្នក

អ្នកខ្លះរវល់តែបំពេញការងារឬរៀនសូត្រ ឬជួបបញ្ហាផ្សេងៗ រហូតក្លាយជាស្ត្រេស គិតថាជីវិតខ្លួនឯងគ្មានតម្លៃ គ្មានន័យអ្វីសោះ នោះគឺមកពីអ្នកមិនចេះដឹងគុណពីអ្វីដែលបានកើតឡើងជុំវិញខ្លួនអ្នក ដោយអ្នកសម្លឹងតែភាពអវិជ្ជមាន។

ការដឹងគុណខ្លួនឯង និងដឹងគុណរបស់ជុំវិញខ្លួន គឺជាទង្វើមួយដែលជួយឲ្យអ្នកកាន់តែមានកម្លាំងចិត្តក្នុងការរស់នៅ។

៤. ឈប់ប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ

ធ្លាប់ទេ អូសមើលរូបថតតារាស្អាតៗស្រស់សង្ហា ឬអ្នកដែលមានមុខមាត់ទាក់ទាញ ហើយនឹកច្រណែនគេ? ធ្លាប់ទេឃើញមិត្តភក្តិមានប្រាក់ស្ដុកស្ដម្ភហើយ ចង់ដូចគេ? ចង់បានជីវិតដូចគេ? ចង់មានឡានទំនើបជិះ? មានផ្ទះធំនៅ?

នរណាៗក៏ប្រាថ្នារបស់អស់ទាំងនោះដែរ តែអ្នកត្រូវចាំថា ខ្សែជីវិតរបស់អ្នកនិងគេមិនដូចគ្នា ហើយក៏គ្មានថ្ងៃដូចគ្នាដែរ។ អ្នកគួរតែអរគុណខ្លួនឯងដែលនាំអ្នកមកដល់ត្រង់ចំណុចនេះ ហើយអបអរសាទរខ្លួនឯងពេលអ្នកបានសម្រេចសមិទ្ធផលអ្វីមួយ មិនមែនទៅអង្គុយប្រៀបធៀបជីវិតអ្នកនិងមនុស្សអស់ទាំងនោះទេ។

រូបភាពតំណាង

៥. អភ័យទោសនូវទង្វើខ្លួនឯងកាលពីអតីតកាល

បុគ្គលខ្លះនៅត្រាំត្រែងនឹងកំហុសកាលពីអតីតកាល ឲ្យតែធ្វើអ្វីខុស គេនឹងព្យាយាមរម្លឹកពីវា ហើយបន្ទោសខ្លួនឯងជារឿយៗ បង្កើតទៅជាអារម្មណ៍មិនសប្បាយចិត្ត ដូច្នេះ អ្នកគួរតែរៀនអភ័យទោសឲ្យខ្លួនដែលសាងកំហុសកាលពីអតីតកាល ព្រោះគ្មានមនុស្សណាម្នាក់នៅលើលោកដែលមិនធ្លាប់ខុសឆ្គងទេ។ ទង្វើដែលអ្នកធ្វើខុសកាលពីអតីតកាល មិនអាចយកមកវិនិច្ឆ័យថាអ្នកជាមនុស្សបែបណានាពេលអនាគតនោះឡើយ។

៦. កុំកាត់ផ្ដាច់ខ្លួនឯងពីពិភពខាងក្រៅ

មនុស្សរាល់គ្នាមិនអាចរស់នៅតែម្នាក់ឯងបានទេ គឺត្រូវតែពាក់ព័ន្ធនិងមានទំនាក់ទំនងជាមួយអ្នកដទៃ មិនថាក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សដទៃទៀត ដូច្នេះហើយរៀនបង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន បង្កើតមិត្តថ្មីៗ ហើយបើសិនជាអ្នកត្រូវការជំនួយមែន កុំលាក់ទុកវាតែឯង គឺត្រូវចេះសុំជំនួយក៏ដូចជាការគាំទ្រពីអ្នកដទៃ។

រូបភាពតំណាង

៧. ចាកចេញពីកន្លែង ឬមនុស្សណាដែលមិនធ្វើឲ្យអ្នករីកចម្រើន

មិនថាជាមនុស្ស ទីកន្លែង ស្ថានការណ៍ ឬជម្រើសណាមួយទេ បើសិនជារបស់អស់ទាំងនេះ មិនធ្វើឲ្យអ្នករីកចម្រើន និងនាំតែក្ដីទុក្ខសោកមកដល់អ្នក សូមចាកចេញចុះឬដោះលែងវាចុះ។ កុំធ្វើដោយសារតែចង់ឲ្យអ្នកដទៃសប្បាយចិត្ត។ ជីវិតរបស់អ្នកជារបស់អ្នក ហើយអ្នកមានសិទ្ធិជ្រើសរើសអ្វីៗគ្រប់យ៉ាងដែលមានតម្លៃដល់អ្នក និងធ្វើឲ្យអ្នកក្លាយជាមនុស្សកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

៨. គិតលើសុខភាពជាចម្បង

ឈប់បំពេញការងារឬរៀនសូត្រ រហូតភ្លេចគិតពីសុខភាពខ្លួនឯង ព្រោះនៅពេលដែលអ្នកធ្លាក់ខ្លួនឈឺ របស់អស់ទាំងនោះមិនអាចយកមកប៉ះប៉ូវសុខភាពរបស់អ្នកទេ។ រៀនហាត់ប្រាណរាល់ថ្ងៃ មិនថាដើរ ជិះកង់ ហែលទឹក ឬរត់ និងទទួលទានអាហាររូបត្ថម្ភដែលមានជីជាតិ ដូចជាបន្លែខៀវ ផ្លែឈើ ហើយតមរបស់ដែលនាំហានិភ័យមកដល់សុខភាពដូចជា ភេសជ្ជៈផ្អែម ជាដើម។

រូបភាពតំណាង

៩. ចិត្តល្អដាក់អ្នកដទៃ

ជារៀងរាល់ថ្ងៃ អ្នកគួរតែរក្សាស្នាមញញិម អត្តចរិតវិជ្ជមាន ចេះជួយយកអាសារអ្នកដទៃ និងតែងតែចិត្តល្អដាក់មនុស្សជុំវិញខ្លួន ព្រោះការធ្វើបែបនេះគឺជាយានមួយជួយឲ្យអារម្មណ៍របស់អ្នករីករាយមកពីខាងក្នុង នៅពេលដឹងថា យើងបានចូលរួមជួយសង្គម ជួយអ្នកនេះអ្នកនោះបង្កើតសមិទ្ធផលនានា។

១០. អបអរសាទរនូវរឿងរីករាយដែលតូចតាចក្នុងជីវិត

កុំចាំទាល់តែទិញផ្ទះ ទិញម៉ូតូឡាន ទិញរបស់ទំនើបៗបាន ទើបនិយាយអបអរសាទរខ្លួនឯងនោះ អ្នកត្រូវចេះរីករាយនិងអបអរជោគជ័យនៅជុំវិញខ្លួន មិនថានោះជារឿងតូចតាចក៏ដោយ៕

ប្រភព៖: gratefulness

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]