យល់ដឹង៖ ការសម្ភាសន៍ការងារ គឺជាដំណាក់កាលមួយដែលអ្នកតំណាងក្រុមហ៊ុនបានមកជួបអ្នកដាក់ពាក្យធ្វើការលើកដំបូង ដើម្បីជជែកគ្នា ក៏ដូចជាសួរនាំនូវសំណួរផ្សេងៗ ដើម្បីពិចារណាជ្រើសរើសគេជាបុគ្គលិកម្នាក់របស់ក្រុមហ៊ុន។
ជាធម្មតាទេដែលអ្នករាងភ័យអំឡុងពេលសម្ភាសន៍ការងារ ឬមុនសម្ភាសន៍ ព្រោះអ្នកមិនដឹងច្បាស់ថា តើអ្នកតំណាងក្រុមហ៊ុនឬផ្នែកធនធានមនុស្សដែលនឹងមកសម្ភាសន៍អ្នក ជាមនុស្សបែបណា ហើយចង់បានអ្វី? យ៉ាងណាមិញ នេះជាគន្លឹះសំខាន់ៗសម្រាប់ឲ្យអ្នកត្រងត្រាប់តាម អំឡុងពេលសម្ភាសន៍ការងារ៖
១. មកដល់មុនម៉ោងសម្ភាសន៍ជានិច្ច
អ្នកគួរតែទៅដល់កន្លែងសម្ភាសន៍ការងារ យ៉ាងហោចណាស់១៥នាទីមុន ដើម្បីបង្ហាញចេញថាអ្នកជាមនុស្សគោរពពេលវេលាខ្លាំង ព្រោះគ្មានអ្នកណាចង់ជួលបុគ្គលិកដែលមកធ្វើការយឺតម៉ោងទេ។ បើសិនជាកន្លែងសម្ភាសន៍រាងឆ្ងាយពីផ្ទះរបស់អ្នក សូមចេញពីផ្ទះឲ្យបានយ៉ាងហោចណាស់១ម៉ោងមុន ដើម្បីបង្ការបញ្ហាផ្សេងៗដូចជាចរាចរណ៍កកស្ទះ ព្រោះអ្នកមិនអាចយកលេសបាននោះទេ។
២. មើលកាយវិការខ្លួនឯងឲ្យមែនទែន
អំឡុងពេលសម្ភាសន៍ នៅពេលដែលគេសួរអ្វីអ្នក សូមកុំភ្លេចពិនិត្យមើលកាយវិការរបស់អ្នក ដូចជាត្រូវតែសម្លឹងមុខអ្នកសម្ភាសន៍ការងារ ដើម្បីបង្ហាញថាអ្នកក្លាហាន អ្នកចាប់អារម្មណ៍នឹងការងារនេះ និងដាច់ខាតមិនត្រូវអង្គុយផ្អែកខ្នងទៅនឹងកៅអី ឬគងអន្ទាក់ខ្លាទេ ត្រូវតែអង្គុយឲ្យត្រង់ខ្លួន។
៣. ត្រៀមសំណួរសម្រាប់ឆ្លើយ
មុនពេលសម្ភាសន៍ អ្នកត្រូវតែស្វែងរកសំណួរនានាដែលអ្នកអាចគិតថាអ្នកសម្ភាសន៍នឹងសួរមកកាន់អ្នក ព្រោះទោះបីជាសំណួរអស់ទាំងនោះមិនត្រូវចំ១០០ភាគរយ ក៏អ្នកអាចប្រមើលមើលទុកមុន និងត្រៀមចម្លើយរួចជាស្រេច។ ការធ្វើបែបនេះ ធ្វើឲ្យអ្នកមានជំនឿទុកចិត្តលើខ្លួនឯងជាងមុន។
៤. ស្លៀកពាក់ឲ្យបានសមរម្យនិងរៀបរយ
អ្នកមិនអាចលេងស្ទាយ៍ដូចនៅផ្ទះ ឬពេលទៅដើរលេងបានទេ នៅពេលដែលអ្នកទៅសម្ភាសន៍ ដូច្នេះត្រូវតែស្លៀកពាក់ឲ្យបានសមរម្យ គឺអាវស និងខោ ឬសំពត់ខ្មៅ គ្របពីលើដោយអាវធំជាដើម ដែលជាសំលៀកបំពាក់ទូទៅសម្រាប់ការសម្ភាសន៍។
៥. មានគំនិតវិជ្ជមាន និងធ្វើឲ្យគេចូលចិត្ត
ចំណុចនេះ ផ្ដោតទៅលើអត្តចរិតរបស់អ្នក គឺអ្នកត្រូវតែបង្កើតការជួបមុខគ្នាដំបូងឲ្យគេចូលចិត្តអ្នក។ អ្នកត្រូវជម្រាបសួរ ឬរាក់ទាក់តាំងពីសន្តិសុខ ឬអ្នកទទួលភ្ញៀវ ហើយពេលចូលទៅដល់ខាងក្នុងបន្ទប់ប្រជុំ កុំទាន់អង្គុយលើកៅអីបើសិនជាគេមិនទាន់បានអញ្ជើញអ្នក។ អ្នកក៏ត្រូវមានគំនិតវិជ្ជមាន កុំពោលពាក្យរិះគន់អ្នកដទៃ ឬពោលពាក្យមិនសមរម្យ និយាយដោយគ្មានក្បាលកន្ទុយ ឬក៏ និយាយឮៗ។
៦. សួរសំណួរ
អ្នកត្រូវចេះសួរសំណួរបន្ទាប់ពីអ្នកសម្ភាសន៍បានសម្ភាសន៍អ្នករួចរាល់ ដើម្បីបង្ហាញថាអ្នកពិតជាចាប់អារម្មណ៍ចំពោះក្រុមហ៊ុនរបស់គេមែន។ បើសិនជាអ្នកមិនដឹងពីសំណួរត្រូវសួរទេ ត្រៀមសំណួរពីរបីថ្ងៃទុកមុន។
៧. ស្វែងរកទិន្នន័យទូទៅពីក្រុមហ៊ុន
មុននឹងមកសម្ភាសន៍ អ្នកត្រូវតែស្វែងរកទិន្នន័យទូទៅពីក្រុមហ៊ុនមួយនេះ ថាក្រុមហ៊ុននេះជាក្រុមហ៊ុនអ្វី មានសាខាប៉ុន្មាន ពាក្យស្លោករបស់ក្រុមហ៊ុនគឺអ្វី តើក្រុមហ៊ុនចង់បានអ្វី? អ្វីទៅដែលក្រុមហ៊ុនផ្ដោតសំខាន់ទៅលើ? ព្រោះវានឹងកាន់តែងាយស្រួលបើសិនជា អ្នកសម្ភាសន៍សួរអ្នកថាអ្នកដឹងអ្វីខ្លះពីក្រុមហ៊ុនរបស់គេ។
៨. និយាយពាក្យអរគុណ និងប្រាប់អ្នកសម្ភាសន៍ថាអ្នករង់ចាំចម្លើយ
បន្ទាប់ពីការសម្ភាសន៍បានបញ្ចប់ អ្នកត្រូវតែនិយាយពាក្យថាអរគុណនិងប្រាប់អ្នកសម្ភាសន៍ថាអ្នករង់ចាំចម្លើយពីពួកគេ។ ទង្វើនេះមិនធានាថាអ្នកនឹងបានការងារទេ តែវាធ្វើឲ្យអ្នកលេចធ្លោជាងបេក្ខជនដទៃ៕
ប្រភព៖: talentadore
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]