យល់ដឹង៖ ជីវិតរស់នៅរបស់មនុស្សម្នាក់ៗខុសប្លែកពីគ្នា មិនអាចដូចគ្នាសឹងតែទាំងអស់ទេ ដោយសារតែមនុស្សមានចំណង់ចំណូលចិត្តខុសៗគ្នា និងស្ថានភាពនៃការរស់នៅខុសគ្នា សូម្បីតែទេពកោសល្យក៏មិនដូចគ្នាដែរ។ បើសិនជាអ្នកសង្កេតឃើញថា មិត្តរបស់អ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ មិនថានៅក្នុងបណ្ដាញសង្គម ឬនៅខាងក្រៅ ព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងឲ្យដូចអ្នក សូម្បីតែស្លៀកពាក់ខោអាវម៉ូតដូចអ្នក ទិញឡានទិញម៉ូតូ ទិញផ្ទះ ឬចម្លងកិច្ចការសាលារបស់អ្នក ឬក៏ព្យាយាមបង្កើតចំណង់ចំណូលចិត្ត ស្ទាយ៍ ឲ្យដូចអ្នក វាអាចមានភាគរយខ្ពស់ដែលម្នាក់នោះ កំពុងព្យាយាមត្រាប់តាមអ្នក។
អ្នកខ្លះក៏ត្រាប់តាមទង្វើល្អខ្លះៗរបស់អ្នក ដើម្បីយកទៅពង្រឹងជីវិតរបស់គេដែលនោះគឺមិនមែនជារឿងដែលអ្នកត្រូវគិតច្រើនទេ ប៉ុន្តែអ្នកខ្លះទៀត ត្រាប់តាមសូម្បីតែរឿងតូចតាច រហូតមើលទៅធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ។ ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជា មនុស្សម្នាក់នោះចូលចិត្តត្រាប់តាមអ្នកដទៃម៉្លេះ?
ខាងក្រោមនេះគឺជាហេតុផលមួយចំនួននាំឲ្យគេដើរត្រាប់តាមអ្នកដទៃ៖
១. អត់មានភាពជាខ្លួនឯង
មនុស្សដែលស្រលាញ់ខ្លួនឯង ស្រលាញ់អ្វីដែកខ្លួនមាន និងមានភាពជាខ្លួនឯងខ្លាំង គឺពិតជាមិនចង់រស់នៅក្នុងជីវិតអ្នកដទៃ រឹតតែមិនចង់ត្រាប់តាមអ្នកដទៃសូម្បីតែមួយចំណុច ប៉ុន្តែ មនុស្សដែលគ្មានភាពជាខ្លួនឯង ទៅណាមកណាគ្មានគំនិតជារបស់ខ្លួន មិនស្រលាញ់អ្វីដែលខ្លួនមាន គឺតែងតែព្យាយាមសម្លឹងមើលអ្នកដទៃ ហើយត្រាប់តាមគេជានិច្ច ព្រោះទាល់តែធ្វើបែបនេះ ទើបពួកគេមានជំនឿជឿជាក់។
២. ច្រណែន
ពិតណាស់ មនុស្សដែលត្រាប់តាមអ្នកគឺតែងតែមានកូនចិត្តច្រណែននិន្ទាអ្នក ហើយតែងតែចង់ធ្វើអ្វីទាំងអស់ដែលដូចអ្នក ដើម្បីសម្រេចជោគជ័យឲ្យស្មើនឹងអ្នក។ គេគិតថាដើម្បីសម្រេចគោលដៅមួយនោះឲ្យដូចអ្នក គឺត្រូវតែត្រាប់តាមអ្នកគ្រប់យ៉ាង មិនថារបៀបរបបធ្វើការ ការស្លៀកពាក់ និងអត្តចរិតផងដែរ។
៣. គ្មានទំនុកចិត្តលើខ្លួនឯង
មនុស្សគ្មានទំនុកចិត្តលើខ្លួនឯង តែងតែគិតថាខ្លួនឯងគ្មានតម្លៃ អ្វីដែលខ្លួនធ្វើទាំងអស់សុទ្ធតែមិនល្អមិនជោគជ័យ ទើបប្រឹងសម្លឹងរកមើលមនុស្សជុំវិញខ្លួន ហើយពេលឃើញថាអ្នកជោគជ័យខ្លាំង គេក៏ត្រាប់តាមអ្នកអ៊ីចឹងទៅ ដោយសង្ឃឹមថាគេនឹងជោគជ័យដូចអ្នកដែរ។ ការដែលគ្មានទំនុកចិត្តលើខ្លួនឯងនេះហើយ ដែលយូរៗទៅបង្កជាជំងឺផ្លូវចិត្ត រហូតក្លាយជាមនុស្សងប់ងល់នឹងការត្រាប់តាមគេ និងអាចឈានដល់ការកើតជំងឺបាក់ទឹកចិត្តផងដែរ។
៤. ងប់ងល់នឹងអ្នក
ជួនកាល មនុស្សម្នាក់នោះមានភាពងប់ងល់នឹងអ្នកខ្លាំង មិនមែនតែងប់ងល់ក្នុងន័យស្នេហាទេ គឺងប់ងល់នឹងឃើញអ្នកជោគជ័យ ធ្វើអីក៏បានល្អ ទើបចង់ត្រាប់តាមអ្នក ដើម្បីឲ្យបានជីវិតដូចជាអ្នក៕
ប្រភព៖: powerofpositivity
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]