យល់ដឹង៖ ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះ មនុស្សពេញវ័យសឹងតែគ្រប់គ្នាទៅហើយ ដែលមានគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនមិនថា Facebook, Instagram, Whatsapp, X, Snapchat, Threats... និងកម្មវិធីជាច្រើនទៀត ដែលអ្នកអាចសន្ទនាជាមួយមនុស្សជុំវិញ ក៏ដូចជាបង្ហោះពីរូបភាពរបស់អ្នក និងបង្ហាញពីជីវិតផ្ទាល់ខ្លួនរបស់អ្នកផងដែរ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បណ្ដាញសង្គមប្រៀបដូចជាអាវុធមុខពីរ មិនប្រាកដថាអ្វីដែលអ្នកបង្ហោះចេញទៅគឺសុទ្ធតែផ្ដល់ផលវិជ្ជមានដល់អ្នកនោះទេ ព្រោះមិត្តភក្តិនៅក្នុងបណ្ដាញសង្គមអ្នកមិនប្រាកដថាល្អទាំងអស់គ្នានោះទេ។ ខាងក្រោមនេះគឺជារបស់ដែលអ្នកមិនគួរបង្ហោះនៅលើបណ្ដាញសង្គម៖

១. សន្ទនាផ្ទាល់ខ្លួន

អ្នកអាចសន្ទនាផ្ទាល់ខ្លួនជាមួយនឹងមិត្តៗឬមនុស្សសំខាន់របស់អ្នកបាន តែអ្នកមិនគួរ Screenshot (ថតអេក្រង់) ឬយកសារនោះទៅចែករំលែកនៅលើ News Feed ឬបង្ហោះនៅលើបណ្ដាញសង្គមឲ្យគេបានឃើញជាសាធារណៈនោះឡើយ។ ការសន្ទនារវាងមនុស្សពីរនាក់គួរតែត្រូវទុកជារឿងផ្ទាល់ខ្លួនដើម្បីរក្សាភាពឯកជនរបស់គេ។

រូបភាពតំណាង

២. គម្រោងជួបជុំ

អ្នកអាចគិតថាការបង្ហោះទាក់ទងនឹងគម្រោងនៃការជួបជុំ គឺមិនអីនោះឡើយ ប៉ុន្តែអ្នកត្រូវគិតថា មានមិត្តភក្តិរបស់អ្នកជាច្រើននៅក្នុងបណ្ដាញសង្គមដែរ ដូច្នេះពេលអ្នកបង្កើតគម្រោងជួបជុំ មានមិត្តខ្លះដែលមិនត្រូវបានអញ្ជើញ ដូច្នេះកុំបង្ហោះវាអីដើម្បីកុំឲ្យគេគិតថាអ្នកមិនអញ្ជើញគេទៅចូលរួម។

៣. កុំដាក់ Link ដើម្បីចូលទៅព័ត៌មានផ្ទាល់ខ្លួន

ជាធម្មតា នៅក្នុងបណ្ដាញសង្គមដូចជា Facebook ជាដើមមាន Link តំណរភ្ជាប់ទៅវេបសាយមួយទៀតដូចជា គណនីមួយទៀតរបស់អ្នក ឬគណនីរបស់អ្នកនៅក្នុងបណ្ដាញសង្គមមួយផ្សេងទៀតដូចជា LinKedIn ជាដើមដែលជាបណ្ដាញសង្គមសម្រាប់ការបំពេញការងាររបស់អ្នក។ ដូច្នេះអ្នកមិនគួរដាក់វារួមបញ្ចូលគ្នាទេ ព្រោះមួយសម្រាប់ប្រើប្រាស់ទំនាក់ទំនងជាមួយមិត្តនិងក្រុមគ្រួសារ មួយទៀតសម្រាប់ការងារ។

រូបភាពតំណាង

៤.ព័ត៌មានរបស់ក្រុមហ៊ុន

បើទោះបីជាអ្នកត្រូវបានតែងតាំងតំណែងថ្មី ឬក៏មានគ្រោងការថ្មីៗនៅកន្លែងការងាររបស់អ្នកក៏ដោយ ក៏អ្នកមិនគួរបង្ហោះវានៅលើបណ្ដាញសង្គមនោះដែរ ដើម្បីរក្សាឯកជនភាពដល់ក្រុមហ៊ុនអ្នក ហើយអ្នកក៏មិនគួរនិយាយអាក្រក់ពីក្រុមហ៊ុន ឬទម្លាយរឿងឯកជនផ្សេងៗរបស់ក្រុមហ៊ុនដែលអ្នកបំពេញការងារដែរ។

៥. រូបថតកូនៗរបស់អ្នក

ពិតណាស់ បណ្ដាញសង្គមជាកន្លែងដែលអ្នកអាចបង្ហោះអ្វីទាក់ទងនឹងគ្រួសារ ដូចជាការជួបជុំ ពិធីនានា ជាដើម ប៉ុន្តែអ្វីដែលអ្នកមិនគួរធ្វើនោះគឺបង្ហោះរូបថតកូនៗរបស់អ្នក គឺវាអាចធ្វើឲ្យជនអាក្រក់មួយចំនួន ឆ្លៀតឱកាសនេះធ្វើសកម្មភាពចាប់ជម្រិតឬបង្កគ្រោះថ្នាក់ដល់កូនៗអ្នក។ ជាពិសេសនោះ កុំបង្ហោះថាអ្នកនៅផ្ទះម្នាក់ឯង ឬរស់នៅម្នាក់ឯងឲ្យសោះ។

រូបភាពតំណាង

៦. អាសយដ្ឋាននិងលេខទូរស័ព្ទរបស់អ្នក

អ្នកគួរតែកុំបង្ហោះអាសយដ្ឋានផ្ទាល់ខ្លួន ដូចជាផ្ទះរបស់អ្នក ឬកន្លែងដែលអ្នកទៅដើរលេង ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ក្រែងលោមានអំពើឆក់ប្លន់ណាមួយកើតឡើង។ អ្នកក៏ដាច់ខាតមិនត្រូវបង្ហោះលេខទូរស័ព្ទអ្នកផងដែរ ព្រោះអាចមានជនខិលខូចជ្រៀតចូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនិងយកកាតធនាគាររបស់អ្នកជាដើម។

៧. លេខកូដសម្ងាត់

គ្រប់បណ្ដាញសង្គមទាំងអស់តែងតែតម្រូវឲ្យអ្នកដាក់លេខកូដសម្ងាត់ដើម្បីចូលទៅប្រើប្រាស់គណនីរបស់អ្នក ដូច្នេះដាច់ខាត អ្នកមិនត្រូវយកលេខកូដសម្ងាត់នេះឲ្យអ្នកដទៃឡើយ ហើយក៏មិនត្រូវបង្ហោះដាច់ខាត ព្រោះអាចមានជនខិលខូចលួចយកគណនីអ្នកទៅប្រើប្រាស់ក្នុងផ្លូវអាក្រក់ ដែលអាចបង្កបញ្ហាមកដល់អ្នក។

រូបភាពតំណាង

៨. អ្វីក៏ដោយដែលអ្នកមិនចង់ចែករំលែក

ចំណុចចុងក្រោយគឺ អ្វីក៏ដោយដែលធ្វើឲ្យអ្នកមិនផាសុកភាពក្នុងការចែករំលែក គឺអ្នកមិនចាំបាច់ចែករំលែកនោះទេ មិនថារឿងនេះវាសាមញ្ញធម្មតាសម្រាប់អ្នកដទៃក៏ដោយ។ ឃើញគេបង្ហោះនេះឬនោះ អ្នកមិនចាំបាច់បង្ហោះដូចគេនោះឡើយ ព្រោះជីវិតអ្នកគឺអ្នកជាអ្នកគ្រប់គ្រង អ្នកមានសិទ្ធមិនបង្ហោះព័ត៌មានណាដែលអ្នកគិតថាមិនចង់ចែករំលែក៕  

ប្រភព៖: computer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]