ស្នេហា៖ ទំនាក់ទំនងស្នេហា មិនត្រឹមតែត្រូវការភាពស្មោះត្រង់រវាងគ្នានឹងគ្នាទេ តែគូស្នេហ៍ក៏ត្រូវការទំនុកចិត្តទៅលើគ្នាទៅវិញទៅមកផងដែរ ព្រោះបើទំនាក់ទំនងនេះ ម្នាក់ៗមិនជឿទុកចិត្តគ្នាទេ គឺប្រាកដជាបង្កើតជាជម្លោះហូរហែមិនចេះចប់មិនខាន។
យ៉ាងណាមិញ ទំនុកចិត្តអាចកើតឡើងបានលុះត្រាណាតែដៃគូទាំងពីរនាក់ព្រមព្រៀងគ្នាថានឹងស្មោះត្រង់ចំពោះគ្នា ដែលក្នុងនោះអ្នកទាំងពីរត្រូវតែ៖
១. ប្រកាន់ពាក្យសម្ដីរបស់អ្នកជានិច្ច
បើនិយាយអ្វីចេញមកហើយ អ្នកត្រូវតែធ្វើឲ្យបាន គឺត្រូវប្រកាន់ពាក្យសម្ដីខ្លួនឯងឲ្យបានខ្ជាប់ខ្ជួន ដូច្នេះទើបដៃគូរបស់អ្នកទុកចិត្តលើអ្នក។ ឧទាហរណ៍ បើសិនជាអ្នកសន្យាជាមួយគេថានឹងទៅយកគេ អ្នកត្រូវតែទៅយកគេតាមសម្ដី លើកលែងតែមានការណ៍បន្ទាន់ខ្លាំងដែលមិនអាចចោលបាន។ បើសិនយូរៗទៅអ្នកចូលចិត្តនិយាយចោល គ្មានភាពច្បាស់លាស់ ធ្វើមិនដែលបានដូចមាត់និយាយ នោះដៃគូអ្នកនឹងបាត់បង់ទំនុកចិត្តពីអ្នកហើយ។
២. ពន្យល់ច្បាស់ៗពីគោលបំណងរបស់អ្នក
អ្នកត្រូវយល់ថា ដៃគូរបស់អ្នកមិនមែនជាគ្រូទាយអាចទាយអ្វីនៅក្នុងចិត្តអ្នកបានឡើយ ហើយក៏មិនអាចដឹងថាអ្នកកំពុងមានអារម្មណ៍យ៉ាងណានោះដែរ ដូច្នេះបើកចិត្តនិយាយប្រាប់គេច្បាស់ៗ ឲ្យគេយល់ពីគោលបំណងអ្នក ចៀសវាងការយល់ច្រឡំ។
៣. ទទួលស្គាល់កំហុស
ទំនុកចិត្តមិនអាចកើតឡើងបានទេ នៅពេលមនុស្សម្នាក់មិនព្រមទទួលកំហុសខ្លួនឯងទាំងដែលការពិតខ្លួនខុសពេញទំហឹង។ ដូច្នេះបើសិនជាចង់ឲ្យដៃគូអ្នកទុកចិត្តអ្នក ត្រូវចេះទទួលស្គាល់កំហុស ដើម្បីស្វែងយល់ជាមួយគ្នាថាគួរដោះស្រាយរឿងនេះរបៀបម៉េច។ ទំនុកចិត្តបានមកដោយសារការទទួលខុសត្រូវរបស់ដៃគូ។
៤. និយាយតែការពិត
នេះគឺជាចំណុចសំខាន់ មិនអាចរំលងបានទេ ដើម្បីកសាងទំនុកចិត្តរវាងគ្នានឹងគ្នាទៅវិញទៅមក គឺអ្នកត្រូវតែនិយាយតែពាក្យពិត កុំលាក់បាំង កុំលាក់លៀមព្រោះបើសិនអ្នកចូលចិត្តកុហក គ្មានអ្នកណាទុកចិត្តអ្នកទេ គេមុខជាគិតថាអ្នកជាមនុស្សពូកែកុហក គ្មានភាពច្បាស់លាស់ ក្រឡិចក្រឡុចជាដើម៕
ប្រភព៖: gottman
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]