យល់ដឹង៖ ជំងឺបាក់ទឹកចិត្ត គឺជាជំងឺផ្លូវចិត្តដែលកើតចេញពីភាពអស់សង្ឃឹមក្នុងជីវិត ដែលអ្នកជំងឺមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ មិនមានអ្នកត្រូវការ ហើយជីវិតគេមិនសំខាន់ មិនគួររស់នៅលើលោក។ មនុស្សបាក់ទឹកចិត្តគ្មានកម្លាំងចិត្តធ្វើអីទាំងអស់ សូម្បីកិច្ចការតូចតាចក៏ធ្វើមិនបានដែរ ដោយសារតែគ្មានកម្លាំងជម្រុញចិត្តក្នុងការធ្វើ ដូច្នេះមនុស្សជុំវិញខ្លួនគួរតែព្យាយាមលើកទឹកចិត្ត ជាជាងបណ្ដុះបង្អាប់។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះគឺជាអ្វីដែលអ្នកមិនគួរនិយាយ ទៅកាន់មនុស្សបាក់ទឹកចិត្ត៖

១. កុំប្រាប់ពួកគេឲ្យញញិម ឲ្យធ្វើខ្លួនឲ្យសប្បាយចិត្ត

អ្នកមិនគួរនិយាយទៅកាន់អ្នកបាក់ទឹកចិត្តឲ្យខំប្រឹងញញិម និងធ្វើខ្លួនឲ្យសប្បាយចិត្តនោះឡើយ ព្រោះអ្នកបាក់ទឹកចិត្តមិនមែនមិនចង់សប្បាយរីករាយទេ គ្រាន់តែពួកគេធ្វើទៅមិនរួច។ អ្នកកុំបង្ខំឲ្យពួកគេញញិម កុំឲ្យគិតច្រើន តែជំនួសមកវិញ ត្រូវចំណាយពេលជាមួយពួកគេ ប្រាប់ថាអ្នកយល់ពីពួកគេ ឬសួរគេថាគេចង់ចែករំលែកអ្វីជាមួយអ្នក។ ២. កុំនិយាយថាគេធ្វើពុត

គ្មានអ្នកណាចង់ធ្វើពុតថាខ្លួនឯងមានជំងឺបាក់ទឹកចិត្តនោះឡើយ ដូច្នេះកុំឃើញគេញញិមគេសប្បាយគេរីករាយ ហើយគិតថាផ្លូវចិត្តរបស់គេមិនអីនោះ ព្រោះមនុស្សបាក់ទឹកចិត្តពូកែលាក់បាំងខ្លាំងណាស់។ អ្នកមិនគួរនិយាយថា អ្នកមិនដែលឃើញគេក្រៀមក្រំ គេមើលទៅដូចមិនមែនមនុស្សបាក់ទឹកចិត្ត ឬជីវិតរស់នៅរាល់ថ្ងៃស្រួលគ្រប់យ៉ាងហើយ ម៉េចក៏នៅបាក់ទឹកចិត្តទៀត?

រូបភាពតំណាង

៣. កុំបន្ទោសពួកគេ

ហាមដាច់ខាតកុំបន្ទោសថាមកពីអ៊ីចេះមកពីអ៊ីចុះ ទើបគេមានជំងឺបាក់ទឹកចិត្ត ព្រោះមនុស្សទាំងអស់សុទ្ធតែមិនដូចគ្នាទេ។ ជួនកាល គេមានទុក្ខសោកដែលអ្នកមិនបានដឹង។ អ្នកមិនត្រូវបន្ទោសគេថា បើគេធ្វើបែបនេះបែបនោះគឺគេមិនបាក់ទឹកចិត្តទេ... ដែលកាន់តែបន្ថែមសម្ពាធទៅលើគេលើសដើម។

៤. កុំធ្វើព្រងើយកន្តើយនឹងពួកគេ

ដាច់ខាត មិនត្រូវធ្វើព្រងើយកន្តើយនឹងពួកគេឡើយ ព្រោះការធ្វើបែបនេះ អាចឲ្យមនុស្សបាក់ទឹកចិត្តមានអារម្មណ៍កាន់តែដុនដាប គិតថាខ្លួនឯងគ្មានតម្លៃ គ្មានអ្នកណាគេចង់ចូលក្បែរ។ អ្នកគួរតែសួរនាំគេពីគម្រោងដើរលេងណាមួយថាគេចង់ទៅឬអត់ជាដើម។

រូបភាពតំណាង

៥. កុំប្រាប់ពួកគេថា "ជីវិតអ្នកផ្សេងគេលំបាកជាងអ្នកផង"

ដូចដែលបានរៀបរាប់ពីខាងលើអ៊ីចឹង ជីវិតមនុស្សម្នាក់ៗខុសៗគ្នា ហើយកម្រិតនៃការទ្រាំក៏ខុសគ្នាដែរ មិនប្រាកដថាជីវិតអ្នកផ្សេងលំបាកខ្លាំងហើយ អ្នកដែលបាក់ទឹកចិត្តត្រូវតែទ្រាំឲ្យបានដូចអ្នកនោះនោះឡើយ ដូច្នេះកុំព្យាយាមប្រៀបធៀបជីវិតគេជាមួយអ្នកផ្សេង។

៦. កុំបណ្ដុះបង្អាប់គេ

មិនថាកាលៈទេសៈណាក៏ដោយ អ្នកមិនគួរទៅនិយាយសើចចម្អក បណ្ដុះបង្អាប់ ឬស្ដីបន្ទោសគេនោះឡើយ រឹតតែមិនអាចយករឿងនេះមកលេងសើច ព្រោះការលេងសើចខ្លាំងអាចប៉ះពាល់អារម្មណ៍អ្នកបាក់ទឹកចិត្តខ្លាំង៕  

រូបភាពតំណាង

ប្រភព៖: mindpath

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]