សៀមរាប៖ ក្រុមការងារជួសជុលព្រះវិហារវត្តល្អក់របស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញប្រាក់កាស(ស្លឹង)បុរាណសរុបទាំងអស់ប្រមាណ១១៦កាស ដែលគេបញ្ចុះនៅតាមជើងសសររបស់ព្រះវិហារវត្តល្អក់ ឬហៅវត្តអរញ្ញរង្សី ដែលស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗ។
កាសបុរាណ ដែលគេប្រទះឃើញទាំងនោះ មានបីប្រភេទ ដោយកាសនីមួយៗមានទំហំពី១៣-១៥មីលីម៉ែត្រ មានរូបសត្វ«ហង្ស» មួយបែបទៀតក៏មានរូប«ហង្ស»ដែរ តែលាយដោយអក្សរចិនអានថា«ជី»មានន័យថា«សំណាងល្អ»និងកាសម្យ៉ាងទៀតមានអក្សរថា«ព្រះតំបង» ឯផ្ទៃម្ខាងទៀតមានរូបគ្រុឌ។
សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន លោក ប្លែស គីលីយ៉ង់ បានពន្យល់ថា កាសដែលមានរូប«ហង្ស»គឺបានបោះពុម្ព ឱ្យប្រើប្រាស់នៅស្រុកខ្មែរចាប់ពីអំឡុងសតវត្សរ៍ទី១៦-១៩នៃគ្រិស្ដសករាជ ឯកាសមួយបែបទៀត មានរូប«ហង្ស»ដែរនិងមានអក្សរចិនអានថា«ជី»នោះ ភាគច្រើនបានបោះពុម្ព និងដាក់ឱ្យចរាចរនៅខេត្តបាត់ដំបងក្នុងអំឡុងសតវត្សរ៍ទី១៩។
ចំណែកកាសមួយប្រភេទទៀត មានអក្សរថា«ព្រះតំបង» ហើយផ្ទៃម្ខាងទៀតមានរូបគ្រុឌ គឺបោះពុម្ពនិងចរាចរនៅខេត្តបាត់ដំបង អំឡុងនាសតវត្សរ៍ទី១៩។ គេដឹងថា ព្រះវិហារវត្តល្អក់ មានតម្លៃប្រវត្តិសាស្ត្រ ទាំងវិស័យសាសនា និងសិល្បៈដោយសារតែវត្តនេះមានអាយុកាលយូរលង់មកហើយ។
វត្តល្អក់ បានសាងសង់ឡើងដោយគ្រឿងបង្គុំធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងជុំវិញធ្វើពីឥដ្ឋបូកកំបោរបាយអរ។ សំណង់នេះ មានសសរ៤ជួរ ដោយមាន២ជួរនៅកណ្តាលជាសសរកន្លោងនិង២ជួរទៀតជាសសរជើងរាង។ បច្ចុប្បន្ន សសរឈើរបស់ព្រះវិហារ ដែលកប់ក្នុងដីជាច្រើនឆ្នាំមកហើយ កំពុងមានភាពពុកផុយខូចខាតខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់ការស្នាក់នៅរបស់ព្រះសង្ឃ ហើយវាទាមទារឱ្យក្រុមអ្នកជំនាញធ្វើការជួសជុលជាចាំបាច់៕
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]