ស្នេហា៖ ទំនាក់ទំនងស្នេហា តែងតែមានឡើងមានចុះ មានពេលឈ្លោះគ្នា និងផ្អែមល្ហែមជាមួយគ្នា ប៉ុន្តែដើម្បីរក្សាវាឲ្យបានឋិតឋេរគង់វង្សគឺ គូស្នេហ៍ទាំងពីរ ត្រូវតែចេះឲ្យតម្លៃគ្នា គោរពគ្នា ការពារគ្នា មើលថែយកចិត្តទុកដាក់លើគ្នា និងស្មោះត្រង់គ្នាទៅវិញទៅមក។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីមនុស្សស្រីវិញ គឺតែងតែស្រលាញ់គូស្នេហ៍ជាងខ្លួនឯង និងចង់ឲ្យគេយកចិត្តទុកដាក់ខ្លាំង។ ដោយឡែក មនុស្សស្រីក៏ចេះបង្កកំហុសដែរនៅក្នុងទំនាក់ទំនងគូស្នេហ៍ដូចជា៖

១. អ្នកអត់ស្គាល់ពីតម្លៃខ្លួនឯង

នេះជាអ្វីដែលមនុស្សស្រីតែងតែបង្កកំហុសនៅពេលមានស្នេហា គឺឲ្យតម្លៃខ្លួនឯងតិចជាងគូស្នេហ៍។ អ្នកតែងតែគិតថាមនុស្សលំដាប់អ្នក បានមនុស្សប្រុសដូចជាគេគឺល្អណាស់ហើយ បើទោះបីជាគូស្នេហ៍របស់អ្នកមិនបានមើលថែមិនបានយកចិត្តទុកដាក់ពីអ្នកក៏ដោយ។ គ្រប់យ៉ាងដែលអ្នកធ្វើគឺដោយសារអ្នកស្រលាញ់គេខ្លាំង រហូតដល់ថ្នាក់បន្ទាបតម្លៃខ្លួនឯង អង្វរគេ លន់តួគេ នៅពេលឈ្លោះគ្នាម្ដងៗ។

២. អ្នកឯករាជ្យជ្រុលពេក

ការធ្វើខ្លួនឯករាជ្យជ្រុលពេក ក៏ជាកំហុសមួយដែរ ដែលនេះជាហេតុផលមួយដែល នារីៗជោគជ័យមួយចំនួនដែលមានមុខតំណែងខ្ពស់ មិនថា ជាគ្រូពេទ្យ, ជាមេធាវី, អ្នកជំនួញស្រី... សុទ្ធសឹងតែនៅទំនេរ និងមិនអាចឲ្យបុរសនៅជាមួយបានយូរ គឺដោយសារតែនាងសឹងតែធ្វើអ្វីគ្រប់យ៉ាងបានដូចបុរសៗទៅហើយ ដែលធ្វើឲ្យបុរសមានអារម្មណ៍ថាពួកគេមិនអាច មើលថែអ្នក ការពារអ្នក ចេញប្រាក់ឲ្យអ្នក ព្រោះអ្នកអាចធ្វើរឿងអស់ទាំងនេះដោយខ្លួនឯងបានទៅហើយ។

រូបភាពតំណាង

៣. អ្នកមិនយល់ពីមនុស្សប្រុស

នារីខ្លះមិនសូវយល់ពីចិត្តបុរសទេ ទាំងដែលការពិត បុរសគឺជាភេទមួយដែលងាយស្រួលយល់បំផុត ព្រោះទង្វើនិងការបង្ហាញចេញរបស់គេបញ្ចេញយ៉ាងម៉េចគឺស្មើនឹងបែបនោះហើយ។ បើគេនិយាយបែបនេះ គឺគេមានន័យបែបនេះ មិនមែនដូចមនុស្សស្រីដែលនិយាយបែបនេះ មានន័យបែបនោះទេ។

៤. អ្នកចង់ផ្លាស់ប្ដូរគេ

អ្វីដែលបុរសឆាប់អស់ចិត្តនោះ គឺនារីម្នាក់នោះមិនទទួលយកអ្វីដែលជារបស់គេ តែងតែព្យាយាមផ្លាស់ប្ដូរគេទៅជាមនុស្សម្នាក់ផ្សេងទៀតដែលនាងចង់បាន។ នារីម្នាក់នោះតែងតែចង្អុលរិះគន់ពួកគេសឹងតែគ្រប់យ៉ាង។

៥. អ្នកអត់មានអំណរគុណលើអ្វីដែលគូស្នេហ៍ធ្វើមកកាន់អ្នក

ជាធម្មតា បុរសតែងតែចង់ឲ្យអ្នកជាគូស្នេហ៍ មានអំណរគុណទៅលើអ្វីដែលគេបានធ្វើមកលើអ្នក មិនថាជាការជូនកាដូ ឬដើរទិញទំនិញឲ្យអ្នក ឬសកម្មភាពផ្សេងៗ ព្រោះគេចង់ឲ្យអ្នកមើលឃើញពីតម្លៃរបស់គេ និងការខិតខំប្រឹងប្រែងរបស់គេ។ ផ្ទុយទៅវិញ នារីខ្លះបែរជាធ្វើខ្លួនដូចបុរសម្នាក់នោះជំពាក់នាងច្រើនអ៊ីចឹង ពេលបានកាដូស្អាតៗ ក្រៅពីមិនអរគុណហើយ នៅរិះគន់កាដូនោះទៀត។

រូបភាពតំណាង

៦. អ្នកបង្កើតដ្រាម៉ាច្រើនពេក

បុរសៗមិនចូលចិត្តដ្រាម៉ា មិនចូលចិត្តឲ្យគូស្នេហ៍ទៅពាក់ព័ន្ធនឹងរឿងនេះនោះដែលតម្រូវឲ្យមានការផូសបង្ហោះបរិហារកេរ្តិ៍ផ្សេងៗនៅលើបណ្ដាញសង្គម ឬឃើញគូស្នេហ៍យំយែកដោយសារតែរឿងតិចតួចនោះទេ ដូច្នេះកំហុសរបស់នារីៗមួយចំនួនគឺនាំភាពស្មុគស្មាញបែបនេះមកឲ្យគេ ធ្វើដូចរឿងតូចជារឿងធំ យំមិនលួសថ្ងៃ និងតែងតែមានរឿងជានិច្ច។

រូបភាពតំណាង

៧. អ្នកមិនបង្កើតទំនុកចិត្តដល់គេ

មនុស្សប្រុសដែលចង់សាងអនាគតជាមួយមនុស្សស្រីម្នាក់ គឺទាល់តែឃើញថាស្រីម្នាក់នោះចេះឲ្យតម្លៃគេ និងមានទំនុកចិត្តទៅលើគេព្រោះទំនាក់ទំនងស្នេហាយូរអង្វែងត្រូវការការជឿទុកចិត្តជាចាំបាច់៕  

ប្រភព៖: yourtango

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]