យល់ដឹង៖ នៅក្នុងសង្គមបច្ចុប្បន្ន ការបណ្ដុះបង្អាប់ ឬការរិះគន់ទៅលើរូបរាងកាយមនុស្ស នៅតែជាបញ្ហាចោទមួយដែលធ្វើឲ្យមនុស្សដែលគ្មានភាពជឿជាក់លើរាងកាយខ្លួនឯង មានអារម្មណ៍បាក់ទឹកចិត្ត និងរឹតតែស្អប់ខ្លួនឯងលើសដើម រហូតចង់កែប្រែខ្លួនឯងដោយសារតែមាត់អ្នកដទៃ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការនិយាយបណ្ដុះបង្អាប់រិះគន់លើរូបរាងកាយនេះគេហៅថា "Body Shaming" ដែលមិនមែនរាប់តែលើអ្នកដទៃដែលមករិះគន់អ្នកនោះទេ គឺរាប់ទាំងឪពុកម្ដាយ មិត្តភក្តិ សាច់ញាតិ ឬមនុស្សជុំវិញខ្លួនដែលអ្នកស្គាល់ផងដែរ។ ជាទូទៅ ការបណ្ដុះបង្អាប់លើរាងកាយនេះកើតឡើងច្រើនទៅលើអ្នកដែលមានសាច់ ប៉ុន្តែក៏អាចកើតឡើងលើអ្នកមានរាងកាយស្គមស្គាំងផងដែរ។

យ៉ាងណាមិញ បើសិនជាម្នាក់នោះបានបោះសម្ដីបែបបណ្ដុះបង្អាប់ពីរូបរាងកាយអ្នក អ្នកអាចឆ្លើយតបតាមវិធីដូចខាងក្រោម៖

១. គិតនិងស្វែងយល់ក្នុងចិត្តជាមុន

ជាធម្មតា នៅពេលដែលអ្នកឮថាគេបណ្ដុះបង្អាប់អ្នក អ្នកតែងតែមានកំហឹងនិងចង់តបតភ្លាមៗ តែអ្នកមិនគួរធ្វើបែបនោះឡើយ ផ្ទុយទៅវិញ អ្នកគួរតែយកពេលគិតនិងស្វែងយល់ស្ងាត់ៗម្នាក់ឯង។ អ្នកត្រូវគិតថា គេមិនមែនជាអ្នក គេមិនដឹងពីជីវិតអ្នកទេ គេមិនដឹងថាអ្នកប្រឈមនឹងអ្វីខ្លះ ហើយគេក៏មិនដឹងថាអ្នកសប្បាយចិត្តនឹងរាងកាយខ្លួនឯងនាពេលនេះដែរ។ បើសិនជាអ្នកបណ្ដុះបង្អាប់នោះជាមនុស្សជិតដិតដូចជា ឪពុកម្ដាយ បងប្អូន ឬគូស្នេហ៍ គួរគិតជាមុនថាទំនាក់ទំនងរវាងអ្នកនិងពួកគេជិតស្និទ្ធដល់កម្រិតណា? បើសិនជានិយាយតបតចេញទៅ អាចនឹងធ្វើឲ្យប្រេះឆាដែរទេ?

រូបភាពតំណាង

២. បើកចិត្តនិយាយជាមួយពួកគេ

បើសិនអ្នកដទៃដែលអ្នកមិនយកចិត្តទុកដាក់ មកបណ្ដុះបង្អាប់រាងកាយអ្នកគឺអ្នកមិនចាំបាច់ខ្វល់ច្រើនទេ តែបើសិនគេជាមនុស្សជិតដិត ហើយអ្នកមិនចង់បាត់បង់សម្ពន្ធភាពល្អនោះ គឺអ្នកគួរតែបើកចិត្តនិយាយតាមត្រង់ជាមួយពួកគេ។ បើសិនជាគេខ្វល់ពីអ្នកមែន គេនឹងសុំទោសហើយឈប់ធ្វើវាទៀតហើយ។

រូបភាពតំណាង

៣. បើនៅតែបែបនេះ សូមរក្សាគម្លាតពីពួកគេ

ក្នុងករណីដែល ពួកគេនៅតែមិនព្រមឈប់ អ្វីដែលអ្នកត្រូវធ្វើគឺរក្សាគម្លាតពីពួកគេ ដោយគូសខ្សែបន្ទាត់ទំនាក់ទំនងឲ្យបានច្បាស់លាស់ គឺកុំស្និទ្ធស្នាលដូចមុន។

៤. កុំខ្លាចក្នុងការស្វែងរកជំនួយ

បើសិនជាអ្នកនៅតែទទួលបានការបណ្ដុះបង្អាប់ ជារឿយៗ ពីសំណាក់មនុស្សជុំវិញខ្លួន គឺអ្នកគួរតែស្វែងរកជំនួយជាការលើកទឹកចិត្តពីមនុស្សដែលអ្នកស្រលាញ់ និងផ្លាស់ប្ដូរខ្លួនឯងបើសិនជាអ្នកខ្លួនឯងក៏មិនពេញចិត្តនឹងស្ថានភាពរាងកាយរបស់ខ្លួន៕

រូបភាពតំណាង

ប្រភព៖: insider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]