យល់ដឹង៖ អ្នកដែលមានកូនៗតូចៗ តែងតែប្រាថ្នាចង់ឲ្យកូនរបស់ខ្លួន ញ៉ាំស្រួល គេងស្រួល មិនង៉ិកង៉ក់ មិនយំរករឿង ប៉ុន្តែទារកគ្មានញ្ញាណអាចគិតអាចវែកញែកដូចមនុស្សធំឡើយ ពេលណាដែលត្រូវយំគឺស្រែកយំមិនរើសពេលវេលាទេ មិនថាកណ្ដាលថ្ងៃឬកណ្ដាលយប់ឡើយ ជាហេតុធ្វើឲ្យឪពុកម្ដាយខ្លះមិនសូវមានពេលបានគេងពេញភ្នែក ព្រោះជួនកាលកូនយំមួយទល់ភ្លឺក៏មាន។
ដើម្បីដោះស្រាយបញ្ហានេះ ឪពុកម្ដាយគួរតែអនុវត្តន៍តាមវិធីសាស្ត្រខាងក្រោម៖
១. ឱបកូនជាប់ទ្រូង
ការឱបកូនជាប់ទ្រូងនៅពេលដែលគេកំពុងស្រែកយំ អាចជួយឲ្យគេបានដឹងពីចង្វាក់បេះដូងរបស់អ្នក ដែលស្ដាប់ទៅធ្វើឲ្យគេរាងស្ងប់អារម្មណ៍ទៅវិញ។ អ្នកក៏គួរតែពកូន រលាក់គេតិចៗផងដែរ។
២. ចាក់ភ្លេងឲ្យស្ងប់អារម្មណ៍ ឬ របស់លេងដែលគេចូលចិត្តមកទាញចំណាប់អារម្មណ៍ពីគេ
បទភ្លេងដែលជួយឲ្យចិត្តស្ងប់មានច្រើនណាស់នៅក្នុង Youtube ដែលគេហៅ Soothing Relax Music ឬ ក៏បទប្រភេទបំពេ ក៏អាចជួយឲ្យកូនៗរបស់អ្នកបាត់យំវិញដែរព្រោះស្ដាប់យូរៗទៅ អាចនឹងងងុយគេង ហើយអ្នកអាចច្រៀងបំពេតិចៗតាម តែត្រូវចៀសវាងការច្រៀងខ្លាំងៗ។ អ្នកក៏អាចយករបស់ភ្លឺៗ ឬរបស់ដែលគេចូលចិត្តមកទាញយកចំណាប់អារម្មណ៍គេកុំឲ្យយំផងដែរ។
៣. បិទទូរទស្សន៍ឬវិទ្យុ ឬឧបករណ៍រំពងសំឡេងផ្សេងៗ
ជួនកាល ការបើកទូរទស្សន៍ឬខ្លាំង ឬបង្កសំឡេងខ្លាំងៗក៏អាចបណ្ដាលឲ្យកូនរបស់អ្នកយំផងដែរ ដូច្នេះត្រូវបិទទូរទស្សន៍ បន្ថយភ្លើង និងព្យាយាមបង្កើតចលនាច្រើនពេក។
៤. យកកូនចេញទៅខាងក្រៅ
បើសិនជាករណីកូនអ្នកយំមិនបាត់សោះ ព្យាយាមពគេនាំចេញទៅខាងក្រៅផ្ទះ ឬដាក់ឲ្យអង្គុយនៅខាងក្នុងឡាន ហើយបើសិនជាអាច ជិះឡាននាំគេចេញទៅដើរលេងពី១៥នាទីឬកន្លះម៉ោង។
៥. ងូតទឹកក្ដៅឧណ្ហៗមុនពេលដាក់គេឲ្យចូលគេង
មុននឹងរៀបចូលគេង ត្រូវងូតទឹកឲ្យកូនដោយប្រើទឹកក្ដៅឧណ្ហៗ ដើម្បីជួយឲ្យកូនអ្នកគេងលក់ស្រួល។
៦. បំបៅដោះ និងលួងលោមកូន
កូនខ្លះទាល់តែបានមាត់ជិតដល់សុដន់របស់ម្ដាយទើបស្ងប់ចិត្ត ដូច្នេះអ្នកគួរតែសាកល្បងឲ្យកូនបៅ ឬក៏យកចង្អុលដៃលាងស្អាតរបស់អ្នក មកឲ្យកូនជញ្ជក់លេង និងពោលពាក្យលួងលោមកូន។
៧. ម៉ាស្សាថ្នមៗ
អ្នកក៏អាចលួងលោមគេដោយការម៉ាស្សាគេ។ ជំហានដំបូងត្រូវដោះខោអាវគេចេញ បន្ទាប់មកយកដៃម៉ាស្សាគេថ្នមៗត្រង់ខ្នង បង្អូសពីលើចុះមកក្រោម។ អ្នកមិនត្រូវប្រើប្រាស់ប្រេងម៉ាស្សានានាទេទាល់តែកូនរបស់អ្នកឈានចូលអាយុបានមួយខែ៕
ប្រភព៖: nurofen
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]