ស្នេហា៖ ទំនាក់ទំនងស្នេហាភាគច្រើន មិនអាចកើតឡើងដោយគូស្នេហ៍ទាំងពីរស្រលាញ់គ្នាស្មើៗគ្នាទេ គឺគង់តែមានម្ខាងណាស្រលាញ់ច្រើនជាង។ ជាធម្មតា នរណាក៏ចង់ឲ្យគូស្នេហ៍មកស្រលាញ់យើងច្រើនជាងយើងស្រលាញ់គេដែរ ប៉ុន្តែអ្នកខ្លួនឯងក៏ត្រូវដឹងខ្លួនថា ពេលណាដែលអ្នកជ្រុលខ្លួនស្រលាញ់គេខ្លាំងជាងគេស្រលាញ់អ្នក។

សញ្ញាណទាំងនេះបញ្ជាក់ច្បាស់ហើយថា អ្នកស្រលាញ់គេច្រើនជាងគេស្រលាញ់អ្នកហើយ៖
១. អ្នកតែងតែជាអ្នកណាត់គេមុន
មិនថាមានកម្មវិធីតូចតាចឬធំដុំអ្វីទេ អ្នកតែងតែជាអ្នកណាត់គេមុនជានិច្ច ឬក៏អ្នកជាអ្នករៀបគម្រោងទៅដើរលេងជាមួយគេមុន ដោយគេមិនដែលខ្វល់នឹងរៀបចំផែនការអស់ទាំងនេះទេ។ ពេលខ្លះ គេដល់ថ្នាក់មិនមកតាមការណាត់របស់អ្នក ហើយមិនប្រាប់អ្នកជាមុនទៀតធ្វើឲ្យអ្នកត្រូវខាតពេលអង្គុយរង់ចាំគេ។
២. គេមិនគាំទ្រនិងលើកទឹកចិត្តអ្នក
មិនថាលើអ្នកសម្រេចបានសមិទ្ធផលអ្វីទេ គឺគេមិនសូវខ្វល់ខ្វាយ ហើយក៏មិនគាំទ្រអ្នក មិនមកលើកទឹកចិត្តអ្នកដែរ ផ្ទុយពីអ្នកដែលតែងតែទៅលើកទឹកចិត្តនិងគាំទ្រគេជានិច្ច។

៣. គេភ្លេចថ្ងៃសំខាន់
ជាធម្មតា គូស្នេហ៍តែងតែមានថ្ងៃសំខាន់ដូចជា ថ្ងៃខួបកំណើតដៃគូ ថ្ងៃបុណ្យនៃក្ដីស្រលាញ់ ឬថ្ងៃផ្ដើមស្នេហ៍ ជាដើម តែគូស្នេហ៍អ្នកបែរជាមិនចាំ រហូតទាល់តែអ្នករម្លឹកគេ ដែលបញ្ជាក់ថាគេមិនបានខ្វល់ខ្វាយពីទំនាក់ទំនងនេះទេ។
៤. គេមិនជួយរំលែកបន្ទុករបស់អ្នក
បើសិនអ្នកទាំងពីររស់នៅជាមួយគ្នាហើយ រាល់កិច្ចការទាំងអស់ក្នុងផ្ទះគឺគេមិនប៉ះដាច់ខាត ឲ្យតែអ្នកជាអ្នករ៉ាប់រងទាំងអស់ ហើយក៏មិនគិតនឹងជួយអ្នកដែរ។
៥. អ្នកតែងទាក់ទងទៅគេមុន
ជារៀងរាល់ថ្ងៃ អ្នកតែងតែជាអ្នកទាក់ទងទៅគេមុន ផ្ញើសារទៅគេមុន ខលទៅគេមុនទាំងអស់ ហើយគេមិនដែលធ្វើជាអ្នកទាក់ទងទៅគេមុននោះឡើយ។

៦. គេទុកមិត្តគេសំខាន់ជាងអ្នក
រាល់ពេលអ្នកមានជម្លោះជាមួយមិត្តគេ ឬមិត្តគេមកបបួលដើរលេងជាដើម គឺគេតែងតែទៅដើរលេងជាមួយមិត្តគេចោលអ្នក ហើយកាន់ជើងមិត្តភក្តិគេជាជាងអ្នក ដែលបញ្ជាក់ថាគេទុកមិត្តគេជាជម្រើសទី១ មិនមែនអ្នកទេ។
៧. គេបន្ទោសតែអ្នក
នៅពេលមានរឿងអ្វីមួយកើតឡើង គឺគេបន្ទោសថាមកពីអ្នក គឺអ្នកជាអ្នកខុស មិនដែលគិតថាខ្លួនគេជាអ្នកខុសនោះទេ ដែលបញ្ជាក់ហើយថា គេគិតតែពីខ្លួនឯង។

៨. គេមិនគោរពអ្នក
បើគេមិនគោរពអ្នក តែងតែប្រើប្រាស់សម្ដីមើលងាយអ្នកជារឿយៗ គិតថាអ្នកនៅកន្លែងទាបជាងគេជាដើម ឬធ្វើអីដោយមិនសុំយោបល់និងការសម្រេចចិត្តពីអ្នក គឺសុទ្ធសឹងតែជាសញ្ញាណបញ្ជាក់ថាគេមិនឲ្យតម្លៃអ្នកទាល់តែសោះ។ ៩. គេមិនចែករំលែកអ្វីដែលកើតឡើងក្នុងជីវិតមកកាន់អ្នក
ធម្មតា ជាគូស្នេហ៍នឹងគ្នាគឺតែងតែចង់ដឹងថាមានអ្វីកើតឡើង ក្នុងជីវិតម្នាក់ៗ ប៉ុន្តែគូស្នេហ៍អ្នកមិនដែលចែករំលែករឿងរ៉ាវរបស់គេជាមួយអ្នកទេ ធ្វើដូចជាអ្នកគ្មានចំណែកដឹងឮនៅក្នុងជីវិតរបស់គេ៕
ប្រភព៖: insider
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]