ភ្នំពេញ៖ ធនាគារ ABA ​ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា សហការជាមួយ Caltex ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈឈានមុ​ខគេនៅក្នុងប្រទេស ដើម្បីដាក់ដំណើរការ កាតចាក់ប្រេង ABA/Caltex Fleet Card ទៅក្នុងទីផ្សារ។ ABA/Caltex Fleet Card គឺជាដំណោះស្រាយទូទាត់បែបឌីជីថល ដែលបង្កើតឡើងដើម្បីសម្រួលដល់ការគ្រប់គ្រងការចំណាយលើថ្លៃប្រេង សម្រាប់អតិថិជនសាជីវកម្ម។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីដាក់ដំណើរការ ABA/Caltex Fleet Card ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី 18 ខែតុលា 2023 ក្រោមវត្តមានរបស់លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និងលោក Pongtorn Tangmanuswong នាយកប្រចាំប្រទេស នៃក្រុមហ៊ុន ឈេហ្វរ៉ុន(ខេមបូឌា) លីមីតធីត ព្រមទាំងអ្នកតំណាងជាន់ខ្ពស់ពី ABA  និងឈេហ្វរ៉ុន ជាច្រើនរូបទៀត។

រូបភាព

ABA/Caltex Fleet Card គឺជាកាតទូទាត់សាជីវកម្ម ដែលអនុញ្ញាតឲ្យបណ្ដាក្រុមហ៊ុន និងអាជីវកម្មនានា ទិញប្រេងឥន្ធនៈពីស្ថានីយ៍ កាល់តិច តាមរយៈក្រេឌីត។ កាតប្រភេទនេះ គឺជាដំណោះស្រាយដែលមានសុវត្ថិភាព ងាយស្រួល និងមានតម្លៃសមរម្យ ដែលអាចជួយឲ្យអតិថិជនសាជីវកម្មគ្រប់គ្រងលើការចំណាយថ្លៃប្រេងយ៉ាងងាយស្រួល និងនាំមកនូវការគ្រប់គ្រងបានទាំងស្រុងលើការចំណាយគ្រប់រថយន្តទាំងអស់របស់ក្រុមហ៊ុន។

រូបភាព

កាតមួយ សម្រាប់រថយន្តមួយ អាចជួយឲ្យក្រុមហ៊ុនតាមដានការចំណាយលើប្រេងឥន្ធនៈ កំណត់ភូមិសាស្ត្រ កំណត់ការចំណាយជាមុន និងបង្កកកាតបានយ៉ាងងាយស្រួល ក្នុងករណីសង្ស័យថាមានការក្លែងបន្លំ។ របាយការណ៍ប្រតិបត្តិការត្រឹមត្រូវ ជួយកំណត់ចំណុចដែលត្រូវការការកែលម្អបន្ថែម។ ទាំងអស់នេះ នឹងរួមចំណែកជួយពង្រឹងប្រសិទ្ធភាពប្រតិបត្តិការរបស់អាជីវកម្ម ឲ្យកាន់តែប្រសើរឡើង។

រូបភាព

បណ្ដាក្រុមហ៊ុន និងអាជីវកម្មនានា អាចស្នើសុំកាតនេះតាមអនឡាញ និងទទួលបានកម្រិតក្រេឌីត ស្របតាមតម្រូវការរបស់ខ្លួន។ ​កាត ABA/Caltex Fleet Card អាចប្រើសម្រាប់ទិញប្រេងឥន្ធនៈនៅស្ថានីយ៍កាល់តិចទាំង 64 ទីតាំងទូទាំងប្រទេសកម្ពុជា។ កាតនេះ មិនមានគិតថ្លៃសេវាបើកកាត ​និងសេវា​ប្រចាំ​ឆ្នាំ​ ហើយ​មាន​សុពលភាពរយៈពេល 5 ឆ្នាំ។

រូបភាព

ABA/Caltex Fleet Card ជួយសម្រួលដល់ការគ្រប់គ្រងការចំណាយលើថ្លៃប្រេងឥន្ធនៈគ្រប់យានយន្តរបស់ក្រុមហ៊ុន ដោយលុបចោលនូវតម្រូវការក្នុងការកាន់សាច់ប្រាក់ផ្ទាល់ដើម្បីចាក់ប្រេង។ ជំនួសមកវិញ ពួកគេអាចចាក់ប្រេងឥន្ធនៈដោយប្រើ ABA/Caltex Fleet Card របស់ខ្លួននៅតាមស្ថានីយ៍ កាល់តិច ហើយទឹកប្រាក់ដែលត្រូវចំណាយលើការចាក់ប្រេងនោះ នឹងកាត់ដោយស្វ័យប្រវត្តិពីគណនីរបស់ពួកគេ។ ការទូទាត់ជាមួយកាត ABA/Caltex Fleet គឺមានសុវត្ថិភាព ព្រោះថា កាតនីមួយៗមានលេខកូដ PIN ដែលការពារពីការលួចចាយដោយគ្មានការអនុញ្ញាត។

រូបភាព

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ក្នុងឱកាស​នោះថា “ABA/Caltex Fleet Card ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ការគ្រប់គ្រងការចំណាយថ្លៃប្រេងឥន្ធនៈគ្រប់យានយន្តរបស់អាជីវកម្មតូចធំគ្រប់ប្រភេទ។ វាជាដំណោះស្រាយបែបឌីជីថលមិនប្រើសាច់ប្រាក់ មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ដែលផ្ដល់នូវភាពបត់បែនក្នុងការចាក់ប្រេងឥន្ធនៈដោយប្រើក្រេឌីត និងជាមួយកម្រិតក្រេឌីតដែលផ្ដល់ជូន ស្របតាមតម្រូវការរបស់អាជីវកម្មនីមួយៗ”។

រូបភាព

លោកបានបន្ថែមថា “យើងខ្ញុំជឿជាក់ថា បណ្ដាក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកម្ពុជា​ នឹងស្វែងយល់អំពីអត្ថប្រយោជន៍នៃដំណោះស្រាយមួយនេះ ព្រោះថា កាតប្រេងឥន្ធនៈរបស់យើង ផ្ដល់នូវភាពងាយស្រួល សុវត្ថិភាព ប្រសិទ្ធិភាព និងសន្សំសំចៃ”។

លោក Pongtorn Tangmanuswong នាយកប្រចាំប្រទេស នៃក្រុមហ៊ុន ឈេហ្វរ៉ុន(ខេមបូឌា) លីមីតធីត ក៏មានប្រសាសន៍ផងដែរថា “មិនត្រឹមតែការទូទាត់ប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងគ្រប់គ្រងលើការចំណាយ​ថ្លៃប្រេងប៉ុណ្ណោះទេ អតិថិជនកាត ABA/Caltex Fleet Card ក៏អាចទទួលបានអត្ថប្រយោជន៍ពិសេសនៃប្រេងឥន្ធនៈ ​កាល់ទិច កម្រិតព្រីមៀម ជាមួយនឹងបច្ចេកវិទ្យា ថេកក្រន ដែលជួយសម្អាតម៉ាស៊ីនផងដែរ ដែលបច្ចេកវិទ្យាម៉ាស៊ីនយានយន្ដដំណើរការយ៉ាងរលូន និងបើកបរបានកាន់តែឆ្ងាយ”។

លោកបានបន្ថែមថា “ឥឡូវនេះ ទាំងអតិថិជនជារូបវន្ដបុគ្គល និងសាជីវកម្ម អាចទទួលបានបទពិសោធដ៏ប្រសើរដូចគ្នា នៅតាមស្ថានីយ៍កាល់តិចចំនួន 64 ទីតាំងរបស់យើង។ យើងកំពុងពង្រីកបណ្តាញរបស់យើងនៅទូទាំងប្រទេស ហើយនឹងមានស្ថានីយ៍ប្រមាណជាង 70 នៅចុងឆ្នាំនេះ ខណៈកំណត់គោលដៅដល់ 100 ស្ថានីយ៍ នៅឆ្នាំ 2025”។

ដើម្បីដឹងបន្ថែមអំពី ABA/Caltex Fleet Card សូមទាក់ទងមកលេខ 017 444 908 (តំណាង កាល់ទិច), 1 800 203 203 (សេវាបម្រើអតិថិជន ABA ដែលអាចធ្វើការហៅចេញដោយឥតគិតថ្លៃក្នុងប្រទេសកម្ពុជា) ឬចូលទៅអានលម្អិត [ABA/Caltex Fleet Card landing page]​។

អំពី ឈេហ្វរ៉ុន (ខេមបូឌា)

នៅប្រទេសកម្ពុជា ក្រុមហ៊ុនឈេហ្វរ៉ុន(ខេមបូឌា) លីមីតធីត បានធ្វើទីផ្សារម៉ាក CaltexTM ដែលជាម៉ាកដែលផ្តល់បទពិសោធន៍ល្អរបស់អតិថិជន Chevronនិយមប្រើប្រាស់ នៅអាស៊ីប៉ាស៊ីហ្វិក និងផ្នែកខ្លះនៃមជ្ឈិមបូព៌ា។ មានស្ថានីយ៍សេវាកម្មកាល់តិចចំនួន 64 កន្លែង ហាងលក់ទំនិញ Star Marts® ចំនួន 18 និងហាងកាហ្វេឆ្ងាញ់ៗចំនួន 61 Coffee Plus™ នៅក្នុងប្រទេសកម្ពុជា។ ផលិតផលឥន្ធនៈដូចជា Caltex with Techron® petrol, Caltex Diesel with Techron® D, និងប្រេងរំអិលដូចជា Havoline® និង Delo® ក៏មាននៅគ្រប់ស្ថានីយ៍សេវាកម្ម Caltex ផងដែរ។ www.caltex.com/kh

អំពី ធនាគារ ABA

ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 និង 2022 របស់ធនាគារជាតិនៃកម្ពុជា។

ជាមួយបណ្ដាញសាខាចំនួន 87, ទីតាំងស្វ័យសេវា 43, ម៉ាស៊ីនស្វ័យសេវាជាង 1500+ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA អាចបម្រើអតិថិជនដល់ 3 លាន ជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែប។ ភាគទុនិកដ៏ធំរបស់ ABA គឺជា ធនាគារជាតិកាណាដា ដែលជាធនាគារដ៏ធំលំដាប់ទី 6 នៅកាណាដា និងនាំមុខគេនៅខេត្តកេប៊ិច។

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]