ស្នេហា៖ ជីវិតអាពាហ៍ពិពាហ៍ មិនមែនសប្បាយរីករាយរហូតទេ គង់តែមានពេលវេលាដែលគូស្វាមីភរិយាមានការឈ្លោះប្រកែកគ្នា ឬខ្វែងគំនិតគ្នា ឯគូស្នេហ៍ខ្លះទៀតក៏ប្រឈមនឹងបញ្ហាជនទី៣ចូលមកជ្រៀតជ្រែក។
ជនទីបីនៅត្រង់នេះគឺសំដៅលើស្រីផ្សេង ដូចជាស្វាមីអ្នកលួចមានទំនាក់ទំនងជាមួយស្រីផ្សេង ដែលជារឿងមួយកើតឡើតញឹកញាប់ក្នុងជីវិតអាពាហ៍ពិពាហ៍ ធ្វើឲ្យទ្រូងអ្នកជាភរិយាឈឺចាប់ស្ទើរតែប្រេះ។ បើសិនអ្នកដឹងថាអ្នកត្រូវធ្វើយ៉ាងម៉េច នៅពេលចាប់បានថាស្វាមីអ្នកមានស្រី? សូមអានអត្ថបទខាងក្រោម៖
១. កុំប្រៀបធៀបខ្លួនឯងជាមួយស្រីម្នាក់នោះ
ស្រីៗជាភរិយាតែងតែប្រឹងប្រៀបធៀបខ្លួនឯងនឹងស្រីរបស់ស្វាមី ហើយគិតថាខ្លួនឯងគ្មានចំណុចនេះស្អាតចំណុចនោះស្អាតដូចស្រីរបស់ស្វាមី ដែលធ្វើឲ្យមានការអាក់អន់ស្រពន់ចិត្ត តូចចិត្តនឹងសម្រស់ខ្លួនឯង។ ផ្ទុយទៅវិញ អ្នកមិនគួរធ្វើបែបនោះឡើយ ត្រូវចាំថាស្វាមីអ្នកទៅរកស្រីម្នាក់នោះព្រោះនាងងាយ ហើយបើសិនជាស្វាមីអ្នកស្រលាញ់អ្នកពិតមែន គេមិនលង់នឹងកលនាងទេ តែបើសិនគេជ្រើសរើសស្រីម្នាក់នោះ អ្នកទេដែលបានផលចំណេញ ព្រោះអ្នកគ្រាន់តែបាត់បង់មនុស្សមិនស្មោះម្នាក់ចេញពីជីវិតអ្នកប៉ុណ្ណោះ។
២. កុំស្ដីបន្ទោសខ្លួនឯង
គេមានស្រីថ្មីជាបញ្ហារបស់គេ មិនមែនកើតឡើងដោយសារអ្នកមិនល្អគ្រប់គ្រាន់ មិនស្អាតគ្រប់គ្រាន់ នោះឡើយ។ អ្នកគឺ "គ្រប់គ្រាន់" ហើយ។ ស្វាមីអ្នកត្រូវទទួលខុសត្រូវលើរឿងនេះ ព្រោះគេជាអ្នកខុស។
៣. រកភ័ស្តុតាង
បើសិនជាចង់ដេញស្រីម្នាក់នោះឲ្យចេញឆ្ងាយពីជីវិតស្វាមីអ្នក អ្វីដែលអ្នកត្រូវមានក្នុងដៃគឺភ័ស្តុតាងច្បាស់ៗ ថាស្រីម្នាក់នោះពិតជាមានទំនាក់ទំនងពិសេសជាមួយស្វាមីអ្នកមែន គឺមិនត្រូវទៅចោទគេទាំងមិនមានភ័ស្តុតាងច្បាស់លាស់ ព្រោះនោះអាចធ្វើឲ្យគេប្ដឹងអ្នកពីបទចោទប្រកាន់អ្នកក៏ថាបាន។
៤. និយាយជាមួយស្វាមីរបស់អ្នក
កុំទុករឿងនេះឲ្យស្អិតទ្រូងក្នុងចិត្តតែម្នាក់ឯង សូមនិយាយចេញមកឲ្យអស់ប្រាប់ស្វាមីរបស់អ្នក ហើយសួរគេពីដំណើររឿងទាំងអស់ឲ្យបានច្បាស់លាស់ តែក៏មិនត្រូវជឿជាក់គេទាំងស្រុងនោះដែរ។ សូមជ្រើសរើសទីតាំងស្ងៀមស្ងាត់និយាយគ្នា ហើយកុំព្យាយាមដាក់បន្ទុកទៅលើស្រីម្នាក់នោះ។ ស្វាមីរបស់អ្នកជាអ្នកខុសទាំងស្រុង។
៥. បំពេញកង្វះខាតក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នក
បើសិនជាបើកចិត្តនិយាយគ្នាហើយ ស្វាមីអ្នកប្រាប់អ្នកថានឹងកែប្រែហើយអ្នកទាំងពីរចង់ដោះស្រាយបញ្ហាជាមួយគ្នា និងជួយសង្គ្រោះជីវិតអាពាហ៍ពិពាហ៍មួយនេះដើម្បីចៀសវាងកុំឲ្យស្វាមីអ្នកទៅរកស្រីម្នាក់នោះ អ្នកនិងស្វាមីត្រូវធ្វើការរួបរួមគ្នាព្យាយាមបំពេញកង្វះខាតកន្លងមក កន្លែងណាដែលស្វាមីអ្នកចង់បាន កន្លែងណាដែលអ្នកចង់បាន ចំណុចណាដែលអ្នកមិនចង់ឲ្យកើតឡើង ចំណុចណាដែលស្វាមីអ្នកមិនចង់ឲ្យកើតឡើង។
៦. កុំទៅរករឿងស្រីម្នាក់នោះ
ការដែលអ្នកទៅរករឿងស្រីម្នាក់នោះ ឬព្យាយាមបង្កជម្លោះមិនថានៅតាមការផ្ញើសារ ខលឬទៅចួបផ្ទាល់ គឺបានបង្ហាញថាអ្នកមិនរឹងមាំគ្រប់គ្រាន់ក្នុងការប្រឈមនឹងបញ្ហានោះទេ។ ស្រីម្នាក់នោះនឹងមើលឃើញពីចំណុចខ្សោយរបស់អ្នក ជាឱកាសមួយធ្វើឲ្យនាងកាន់តែចង់បានស្វាមីរបស់អ្នក។ អ្នកត្រូវចាំថា ស្វាមីអ្នកទេជាអ្នកអនុញ្ញាតឲ្យនាងចូលមកក្នុងជីវិត ដូច្នេះនេះជាកំហុសគេមួយរយភាគរយ។ រឿងដែលត្រូវដោះស្រាយគឺរវាងអ្នកនិងស្វាមីអ្នកប៉ុណ្ណោះ។
៧. ទៅចួបនិយាយជាមួយស្រីម្នាក់នោះ
បើសិនក្នុងករណីដែលស្វាមីអ្នកឈប់ទាក់ទងឬទៅរកស្រីម្នាក់នោះហើយ តែនាងនៅតែព្យាយាមមកតោងទាម ព្យាយាមទាក់ទងមកស្វាមីអ្នកជារឿយៗ អ្នកគួរតែប្រុងប្រៀបក្នុងការទៅចួបនិយាយជាមួយនាងផ្ទាល់ ដោយជាការជួបនិយាយគ្នាធម្មតា បញ្ជាក់ឲ្យស្រីម្នាក់នោះដឹងថាអ្នកបានដឹងទំនាក់ទំនងស្វាមីអ្នកនិងនាងហើយ និងសុំឲ្យនាងបញ្ឈប់ការទាក់ទងមកស្វាមីអ្នក។ អ្នកត្រូវចាំថាកុំបង្ហាញកំហឹង រក្សាទឹកមុខឲ្យនៅធម្មតា ងើយមុខឡើងពើងទ្រូង ឲ្យស្រីម្នាក់នោះដឹងថា អ្នកជាមនុស្សត្រជាក់ស៊ីជ្រៅ។
៨. មានការអត់ធ្មត់
អ្នកត្រូវរក្សាចិត្តឲ្យធ្ងន់ ឲ្យស្ងៀមស្ងាត់ និងត្រូវរក្សាភាពអត់ធ្មត់ ព្រោះការដែលត្រូវស្វាមីក្បត់ចិត្តពីឈឺចាប់ខ្លាំង តែបើអ្នកសម្រេចចិត្តថាបន្តរស់នៅជាមួយគ្នា គឺមានតែព្យាយាមកាត់ចិត្ត។ អ្នកត្រូវការពេលវេលាដើម្បីកាត់ចិត្តពីរឿងនេះ និងដាច់ខាតមិនត្រូវបង្ខំឬដាក់សម្ពាធខ្លួនឯងឡើយ។
៩. ធ្វើការសម្រេចចិត្ត
បើកន្លងផុតទៅមួយរយៈហើយ ស្វាមីអ្នកនៅតែបន្តលួចទាក់ទងនារីម្នាក់នោះទៀត វាដល់ពេលដែលអ្នកត្រូវពិចារណាថាគួរបន្តអាពាហ៍ពិពាហ៍នេះឬបញ្ឈប់ត្រឹមហ្នឹង។ គ្រប់យ៉ាងគឺជាការសម្រេចចិត្តរបស់អ្នក ព្រោះអ្នកមានសិទ្ធិចាកចេញពីជីវិតអាពាហ៍ពិពាហ៍ដែលមិនសមបំណង ឬធ្វើឲ្យអ្នកឈឺចាប់ ស្រក់ទឹកភ្នែករាល់ថ្ងៃ៕
ប្រភព៖: marriage
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]