ស្នេហា៖ ទំនាក់ទំនងស្នេហានីមួយៗ តែងតែមានឡើងមានចុះ ហើយភាគច្រើនពេលទាក់ទងគ្នាដំបូងៗ ស្នេហាតែងតែផ្អែមល្ហែមមិនសូវមានរឿងឲ្យឈ្លោះគ្នាទេ តែក៏មិនប្រាកដថាអ្វីដែលអ្នកធ្វើសុទ្ធតែត្រូវទាំងអស់នោះឡើយ។ យ៉ាងណាមិញ ទាំងនេះគឺជាកំហុសដែលអ្នកមិនគួរធ្វើនៅពេលចាប់ផ្ដើមស្នេហ៍ដំបូង៖
១. កុំគិតវែងឆ្ងាយពេក
ពេលទាក់ទងគ្នាដំបូង អ្នកមិនត្រូវគិតវែងឆ្ងាយរឿងអនាគតជាមួយដៃគូនោះទេ ព្រោះយើងមិនដឹងទេថា អត្តចរិតអ្នកទាំងពីរត្រូវគ្នាឬក៏អត់ អាចរស់នៅយ៉ាងចុះសម្រុងគ្នាដែរឬអត់ ដោយសារតែដំបូងៗបែបនេះ ម្នាក់ៗសុទ្ធតែលាក់ចរិតមិនសូវបង្ហាញផ្នែកអវិជ្ជមានឲ្យឃើញទេ អ៊ីចឹងហើយកុំទាន់អាលគិតរឿងអនាគត គឺផ្ដោតលើបច្ចុប្បន្នភាពទៅ។
២. កុំសួរសំណួរផ្ទាល់ខ្លួនខ្លាំងច្រើនពេក
ជាធម្មតា ចាប់ផ្ដើមទាក់ទងគ្នាលើកដំបូងគឺអ្នកតែងតែចង់ដឹងពីគូស្នេហ៍ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន តែអ្នកមិនត្រូវសួរនូវរាល់សំណួរផ្ទាល់ខ្លួនជាច្រើនទៅកាន់គេទេ ដូចជាគេធ្វើការបានប្រាក់ខែប៉ុន្មានជាដើម ឬរឿងផ្ទៃក្នុងគ្រួសាររបស់គេជាដើម។
៣. សម្ដែងល្ខោនឲ្យពួកគេមើល
ក្នុងន័យនេះ អ្នកមិនចាំបាច់ត្រូវសម្ដែងល្ខោន ធ្វើពុតជាល្អខ្លាំង ឬបង្ខំចិត្តធ្វើអ្វីដែលអ្នកមិនចូលចិត្តនោះឡើយ។ ការធ្វើបែបនេះអាចនឹងមើលទៅសប្បាយរីករាយក្នុងទំនាក់ទំនងរយៈពេលខ្លី តែបើសិនរយៈពេលយូរគឺ វានឹងក្លាយជាអ្នកពាក់ក្បាំងមុខ លាក់ចរិត ដែលធ្វើឲ្យគូស្នេហ៍អ្នកឆាប់នឿយណាយនឹងអ្នក។
៤. មិនរៀនសូត្រពីទំនាក់ទំនងមុនៗ
អ្នកមិនរៀនសូត្រពីទំនាក់ទំនងមុនៗ ថាមានរឿងអ្វីកើតឡើងហើយនរណាម្នាក់ជាអ្នកខុសនៅក្នុងទំនាក់ទំនងកាលពីអតីតកាល ព្រោះបើសិនអ្នកអាចរៀនសូត្រខ្លះៗ អ្នកប្រាកដជាដឹងថានូវកំហុសនោះនិងអាចយកមកកែប្រែនៅទំនាក់ទំនងបច្ចុប្បន្ន។
៥. ប្រឹងពន្លឿនទំនាក់ទំនង
នៅពេលអ្នកទើបស្រលាញ់គ្នាថ្មីៗ អ្នកតែងតែចង់ឲ្យទំនាក់ទំនងវិវត្តន៍ទៅលឿន ប៉ុន្តែនោះជារឿងខុសណាស់ អ្នកមិនគួរចួបឪពុកម្ដាយរបស់គេទេទាល់តែទាក់ទងគ្នាបាន៣ខែឬលើសពីនោះ។
៦. មិនសម្លឹងមើលទង់ពណ៌ក្រហម
ទង់ពណ៌ក្រហមនេះ គឺមានន័យថាសញ្ញាណអវិជ្ជមានដែលគេបង្ហាញចេញ។ កាលទើបទាក់ទងគ្នាដំបូង ទោះគេមិនល្អចំណុចនេះចំណុចនោះ ក៏អ្នកព្យាយាមបិទភ្នែកធ្វើជាមើលមិនឃើញ ប៉ុន្តែនោះជារឿងខុសណាស់ អ្នកត្រូវតែចាប់ចំណុចអវិជ្ជមានរបស់គេហើយដោះស្រាយគ្នា។
៧. បង្ហោះសារនិងរូបទាក់ទងនឹងគេ
នៅលើបណ្ដាញសង្គមញឹកញាប់ពេក តាមធម្មតា ពេលទាក់ទងគ្នាដំបូងៗ គឺស្នេហាស្រស់បំព្រងណាស់ ហើយអ្នកតែងតែចង់បង្ហោះរូបភាពរបស់គេឬសារទាក់ទងនឹងគេ នៅលើបណ្ដាញសង្គមដើម្បីឲ្យមិត្តៗទាំងអស់បានឃើញតែនោះជាកំហុសមួយ ព្រោះអ្នកមិនដឹងច្បាស់ទេថាស្នេហាមួយនេះនឹងឋិតឋេរបានយូរឬក៏អត់។
៨. មិនកំណត់ព្រំដែនតាំងពីដើម
បើសិន អ្នកមិនកំណត់ព្រំដែននៅក្នុងទំនាក់ទំនងនេះតាំងពីឥឡូវទៅទេ គឺគូស្នេហ៍អ្នកមុខជានៅតែមករញ៉េរញ៉ៃនឹងជីវិតផ្ទាល់ខ្លួនដែលអ្នកមិនចង់ឲ្យគេដឹង ដែលអាចបង្កជាភាពរកាំរកូសនៅក្នុងទំនាក់ទំនង៕
ប្រភព៖: theguardian
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]