កំពង់ឆ្នាំង៖ រថយន្តធន់ធំមួយគ្រឿង ដឹកសាច់បង្កកចម្រុះខុសច្បាប់មកពីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ប្រគល់ឱ្យការិយាល័យបសុព្យាបាលខេត្ត ចំណាត់ការបន្តតាមផ្លូវច្បាប់។

ករណីបង្ក្រាបរថយន្តដឹកសាច់បង្កកចម្រុះខុសច្បាប់ខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១៣៖៣០នាទីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិព្រីងកោង ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ នួន សុភក្តី នាយរងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមបទបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងក្រោមការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា រថយន្តដឹកសាច់បង្កកចម្រុះ ដែលត្រូវសមត្ថកិច្ចឃាត់ខាងលើនេះ ម៉ាកមីស៊ុយប៊ីស៊ី ធន់ធំពាក់ស្លាកលេខបាត់ដំបង 3A-3253 អ្នកបើកបររថយន្ត បានលោតចុះពីរថយន្តគេចខ្លួនបាត់ តែសមត្ថកិច្ចឃាត់បានព្រូរថយន្តម្នាក់ឈ្មោះ សួម លីហុង អាយុ២៨ឆ្នាំ មានទីលំនៅភូមិគោកខ្ពស់ ឃុំដូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ករណីនេះក្រោយពីបានឆ្លងយោបល់លោកឧត្តមសេនីយ៍ទោស្នងការ និងលោកព្រះរាជអាជ្ញា, រថយន្តដឹកសាច់បង្កកចម្រុះខុសច្បាប់ខាងលើនេះ ត្រូវបានប្រគល់ជូនមន្ត្រីជំនាញ នៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំងចាត់ការបន្ត។

លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងដែរថា តាមការណែនាំរបស់លោកព្រះរាជអាជ្ញា ម ន្ត្រីជំនាញ និងសមត្ថកិច្ចបានធ្វើការឆែកទៅលើរថយន្ត និងបានរកឃើញសាច់បង្កកចម្រុះជាង៥តោននៅលើរថយន្ត ក្នុងនោះមាន៖ កោះមាន់ចំនួន១៥៨កេស, ស្លាបមាន់ចំនួន១៨១កេស និងប្រហិតចម្រុះចំនួន១៨១កេស សរុបស្មើ នឹង៥,២០០គីឡូក្រាម។

លោកបានបញ្ជាក់ទៀតថា ចំពោះរថយន្តដឹកសាច់បង្កកចម្រុះ ដែលត្រូវបានសមត្ថកិច្ចឃាត់ខាងលើនេះ មន្ត្រីជំនាញរបស់លោករកឃើញថា រថយន្តនេះគ្មានវិញ្ញាបនបត្របញ្ជាក់អំពីការអនាម័យ នៃសាច់បង្កកក្នុងការដឹកជញ្ជូន រីឯការដឹកជញ្ជូនក៏ខុសបច្ចេកទេស និងខុសស្តង់ដាដោយមិនមានទូបង្កកសម្រាប់ក្លាសេដើម្បីរក្សាគុណភាពសាច់។ ករណីនេះ នីតិវិធីបន្តយ៉ាងណានោះ លោកកំពុងសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំងដើម្បីចាត់ការនៅថ្ងៃនេះផងដែរ៕

ប្រភព៖ Fresh News

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]