ភ្នំពេញ៖ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ដែលជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងអាហារឈានមុខគេ បានរៀបចំ សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី. ២០២៣ (CP Marketing Summit 2023) ក្នុងគោលបំណងដើម្បីអភិវឌ្ឍអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅកម្ពុជា។ សិក្ខាសាលានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅឯសណ្ឋាគារ Hyatt Regency Phnom Penh នៅថ្ងៃទី ២៦ តុលា ២០២៣ ចាប់ពីម៉ោង ៨.០០ នាទីព្រឹក ដល់ ១៦.៣០ នាទីរសៀល។

សម្រាប់ការចែករំលែកចំណេះដឹងពីអាជីវកម្ម គឺមានប្រធានបទចំនួន១០ និងវាគ្មិនចំនួន១០ រូបបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ លើប្រធានបទមួយចំនួនដូចជា អាជីវកម្មចំណីសត្វ អាជីវកម្មចិញ្ចឹមសត្វ អាជីវកម្មចំណីអាហារ និងទីផ្សារជាដើម។

លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារបានមានប្រសាសន៍ថា៖ «សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី. ២០២៣ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងប្រមូលផ្ដុំព័ត៌មានទីផ្សារនិងចែករំលែកចំណេះដឹង ក្នុងការអនុវត្តល្អបំផុតដល់បុគ្គលិកសម្រាប់ការអភិវឌ្ឍអាជីវកម្មនៅកម្ពុជា»។
លោកវេជ្ជបណ្ឌិត Poohrich ថ្លែងថា៖ «គន្លឹះជោគជ័យសំខាន់ៗ នៃការធ្វើអាជីវកម្មគឺព័ត៌មាននិងធនធានមនុស្ស។អាជីវកម្មដែលទទួលបានព័ត៌មានត្រឹមត្រូវទាន់ពេលវេលានឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។ លើសពីនេះបុគ្គលិក (ធនធានមនុស្ស) ដែលអាចបំប្លែងព័ត៌មានទៅជាចំណេះដឹង និងចេញជាសកម្មភាពគឺជាអ្នកជោគជ័យដ៏ពិតប្រាកដ»។

នៅក្នុងសុន្ទរកថា បើកកម្មវិធីលោក Wittaya Kreangkriwit អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា បានមានប្រសាសន៍ថា៖ «ការធ្វើទីផ្សារគឺដើម្បីស្វែងរកតម្រូវការរបស់អតិថិជន និងដោះស្រាយបញ្ហាសម្រាប់ពួកគាត់។ អ្នកដែលអាចបំពេញតម្រូវការអតិថិជនបានច្រើនជាងគេ អ្នកនោះគឺជាអ្នកជោគជ័យ»។
លោក Wittaya បន្ថែមថា៖ «កសិករ និងអតិថិជននៅក្នុងប្រទេសកម្ពុជាបានផ្លាស់ប្តូរ។ វាចាំបាច់ណាស់ក្នុងការយល់ដឹងពីគោលបំណង ឬបញ្ហារបស់ពួកគេ បន្ទាប់មកប្រើបច្ចេកវិទ្យា និងចំណេះដឹងដើម្បីជួយអាជីវកម្មពួកគេឱ្យរីកចម្រើន»។

សម្រាប់សិក្ខាសាលានេះ ទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងពាណិជ្ជកម្ម និងស្ថានទូតថៃ ធ្វើជាវាគ្មិនកិត្តិយសព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ វគ្គសិក្ខសាលានេះមានគោលបំណងស្វែងរកឱកាសអាជីវកម្ម និងបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។
ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមCherdkiat Atthakorថ្លែងក្នុងសន្ទរកថាបើកកម្មវិធីឯកឧត្តមមានប្រសាសន៍ថា៖ «កសិកម្មនិងចំណីអាហារដើរតួនាទីសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជារួមទាំងសុខុមាលភាពរបស់ប្រជាជនកម្ពុជា»។
ឯកឧត្តម Cherdkiat ថ្លែងថា៖ «ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា មានមោទនភាពក្នុងនាមជាក្រុមហ៊ុនថៃដំបូងគេដែលបានគាំទ្រ និងផ្តល់ចំណេះដឹងដល់កសិករកម្ពុជា ផ្តល់ការងារដែលមានស្ថេរភាព និងប្រាក់ចំណូលសមរម្យ។ លើសពីនេះស៊ី.ភី.ក៏បានផលិតនូវផលិតផលចំណីអាហារដែលមានអនាម័យជាមួយនឹងសុវត្ថិភាពចំណីអាហារ និងសន្តិសុខស្បៀងនៅកម្ពុជា»។
លោក ស៊ាង សុខលីម ប្រធាននាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានធ្វើបទបង្ហាញថា៖ «យុទ្ធសាស្ត្រក្នុងការអនុវត្តគោលនយោបាយគាំទ្រក្នុងអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វនៅកម្ពុជាឆ្លុះបញ្ចាំងពីចំណុចសំខាន់ៗចំនួន៤គឺ៖ (១) តួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្ម (GDAHP), (២) គោលនយោបាយគាំទ្រសម្រាប់ការអភិវឌ្ឍអនុវិស័យ ស.ផ.ស, (៣) សមិទ្ធផលអនុវិស័យ ស.ផ.ស ក្នុងរយៈពេល៥ឆ្នាំ (២០១៨-២០២២), និង (៤) បញ្ហាប្រឈមនិងកាលានុវត្តភាពក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យផលិតកម្មនិងសុខភាពសត្វ»។
ឯកឧត្តម វ៉ារុត សាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា៖ «ច្បាប់វិនិយោគរបស់កម្ពុជាផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន៣ ទាក់ទងទៅនឹងសេដ្ឋកិច្ចបើកចំហការលើកទឹកចិត្តវិនិយោគនិងការលើកទឹកចិត្តពិសេស។កត្តាទាំងនេះដែលមានភាពទាក់ទាញនិងគួរឱ្យទុកចិត្តសម្រាប់ការវិនិយោគទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលត្រូវបានធានាដោយស្មើភាពគ្នា មិនថាវិនិយោគិនបរទេសឬក្នុងស្រុក។
លោក Nirawat Rangseekanjana អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃនៅក្រុងភ្នំពេញបានធ្វើការចង្អុលបង្ហាញថា៖ «កង្វល់សំខាន់ៗចំនួន៣ដែលជាបទប្បញ្ញត្តិថ្មីបំផុតសម្រាប់ការធ្វើអាជីវកម្មក្នុងឆ្នាំ២០២៤នៅកម្ពុជាគឺ (១) ច្បាប់ពន្ធដារ (២) ច្បាប់ប្រកួតប្រជែងនិងច្បាប់ការពារអ្នកប្រើប្រាស់និង (៣) ច្បាប់កម្មសិទ្ធិបញ្ញា។
នៅចុងបញ្ចប់នៃកម្មវិធីសិក្ខាសាលានោះគណៈគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី. បានផ្តល់វិញ្ញាបនបត្រនិងវត្ថុអនុស្សាវរីយ៍ជូនដល់វាគ្មិននិងបានជូនពរអ្នកចូលរួមទាំងអស់ឱ្យអភិវឌ្ឍអាជីវកម្មកសិឧស្សាហកម្មនិងចំណីអាហាររបស់ពួកគេនៅកម្ពុជាទទួលបានជោគជ័យ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]