យល់ដឹង៖ នារីៗសឹងតែទាំងអស់ហើយចូលចិត្តការផាត់មុខ តុបតែងមុខ ឲ្យរឹតតែស្រស់ស្អាតថែមមួយកម្រិតទៀត ហើយនារីខ្លះវិញ ពេលចេញទៅណាមកណា ត្រូវតែបានផាត់មុខ បើមិនអ៊ីចឹងទេគឺមិនចេញទៅបង្ហាញខ្លួនទាំងមុខធម្មជាតិដាច់ខាត ព្រោះតែគិតថាគ្រឿងសម្អាងអាចជួយលើកសម្រស់ខ្លួនឲ្យកាន់តែស្អាត។
បច្ចុប្បន្ននេះមានគ្រឿងសម្អាងច្រើនណាស់ចរាចរណ៍នៅលើទីផ្សារ មានច្រើនជម្រើសឲ្យអ្នករើស ដែលរឹតតែធ្វើឲ្យការតុបតែងមុខកាន់តែងាយស្រួល តែអ្នកមិនគួរផាត់មុខរាល់ថ្ងៃជាប្រចាំនោះទេ គឺគួរតែទុកពេលឲ្យស្បែកមុខអ្នកបានបង្ហាញពីសម្រស់ធម្មជាតិរបស់ខ្លួន ព្រោះតែការប្រើប្រាស់គ្រឿងសម្អាងច្រើនពេកអាចធ្វើឲ្យ៖
១. កើតមុន
បើសិនជាអ្នកផាត់មុខរាល់ថ្ងៃនោះ ប្រាកដណាស់ថាគ្រឿងសម្អាងអស់ទាំងនោះនឹងស្អិតជាប់លើមុខអ្នកជារៀងរាល់ថ្ងៃ ដែលយូរៗទៅអាចបណ្ដាលឲ្យកើតមុន ព្រោះតែអ្នកពុំទុកឲ្យផ្ទៃមុខរបស់អ្នកនៅទំនេរខ្លះនោះឡើយ។ មុននេះអាចជាមុនប្រភេទក្បាលខ្មៅ ក្បាលស មុនកប់ មុនសាច់ ឬមុនដំបូកជាដើមដែលអាចចេញច្រើនកន្លែងធ្វើឲ្យអ្នករឹតតែបាត់បង់ទំនុកចិត្ត។
២. ធ្វើឲ្យមុខអ្នកចាស់ជាងមុន
បើសិនជាអ្នកមិនបានលាបក្រែមការពារកម្ដៅថ្ងៃមុនផាត់មុខទេ យូរៗទៅអាចបណ្ដាលឲ្យផ្ទៃមុខរបស់អ្នកចាប់ផ្ដើមមានស្នាមជ្រីវជ្រួញ ដោយសារតែកម្ដៅព្រះអាទិត្យអាចធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់អ្នកខ្លាំងណាស់ ហើយបើអ្នកភ្លេចលាងសម្អាតមុខមុនចូលគេងទៀត គឺរឹតតែអាចធ្វើឲ្យអ្នកកើតស្នាមជ្រួញ។
៣. ស្បែកស្ងួតពេក ឬខ្លាញ់ពេក
ធ្លាប់ទេ ពេលលាងមុខជូតគ្រឿងសម្អាងចេញហើយ ស្រាប់តែមានអារម្មណ៍ថាផ្ទៃមុខអ្នកស្ងួតខ្លាំងជាងមុន ឬក៏ឡើងខ្លាញ់ខ្លាំងជាងមុន? នោះបញ្ជាក់ថាផលិតផលអស់ទាំងនេះមិនត្រូវនឹងសភាពស្បែកមុខរបស់អ្នកនោះទេ។
៤. ប្រតិកម្មនឹងគ្រឿងសម្អាង
គ្រឿងសម្អាងទាំងអស់មិនប្រាកដថាមានសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ទេ ជាពិសេសគ្រឿងសម្អាងដែលមានតម្លៃថោក ដែលពុំបានឆ្លងកាត់ការពិសោធន៍ឬធ្វើតេស្តឲ្យត្រឹមត្រូវ។ គ្រឿងសម្អាងខ្លះអាចធ្វើឲ្យអ្នកចេញអាការៈប្រតិកម្ម ឡើងកន្ទួលរមាស់លើស្បែកឬរោលខ្លាំងជាដើម។
៥. ប្ដូរពណ៌ស្បែក
បើសិនជាអ្នកចូលគេងទាំងមិនបានលុបគ្រឿងសម្អាងចេញ យូរៗទៅអាចធ្វើឲ្យសមត្ថភាពនៃការផលិតខូឡាជេនរបស់អ្នកថយចុះ ដែលធ្វើឲ្យស្បែកមុខរបស់អ្នកឡើងពណ៌ស្រអាប់ជាងមុន។ ឧទាហរណ៍៖ បើសិនជាអ្នកលាបក្រែមជាប់បបូរមាត់លើសពី១០ម៉ោងគឺ វានឹងធ្វើឲ្យបបូរមាត់ខ្មៅ។
៦. ប៉ះពាល់ភ្នែក
ការផាត់មុខតែងតែមានការផាត់គូល័រភ្នែក គូសអាយឡាញន័រ ឬពាក់ឡេន៍ជាដើម ដែលធ្វើវាជាប្រចាំទៅ អាចធ្វើឲ្យគ្រឿងសម្អាងអស់នោះចូលភ្នែកអ្នក បង្កើតទៅជាជំងឺហើមភ្នែក ឬពពែភ្នែកជាដើម។ លើសពីនេះទៅទៀត វាអាចធ្វើឲ្យសភាពជុំវិញភ្នែករបស់អ្នកកាន់តែខ្មៅបើមិនលាងសម្អាតឲ្យបានស្អាត។
៧. មហារីកស្បែក
ករណីខ្លះ ការផាត់មុខជាប្រចាំក៏អាចបណ្ដាលឲ្យអ្នកកើតជំងឺមហារីកស្បែកផងដែរ នេះបើយោងតាមការស្រាវជ្រាវ ដោយសារក្នុងផលិតផលនោះមានសារធាតុគ្រោះថ្នាក់ជាច្រើន៕
ប្រភព៖: skinkraft
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]