ស្នេហា៖ មនុស្សប្រុសតែងតែអត្តចរិតនិងការបង្ហាញក្ដីស្រលាញ់ខុសៗពីគ្នា មិនប្រាកដថាឲ្យតែគេស្រលាញ់អ្នក គឺគេតែងតែប្រាប់អ្នកចំៗនោះឡើយ ព្រោះបុរសខ្លះមានចរិតស្ងប់ស្ងៀម មិនសូវចេះនិយាយផ្អែមល្ហែម ដែលធ្វើឲ្យនារីតែងតែគិតច្រើន ថាគូស្នេហ៍ខ្លួនមិនស្រលាញ់ខ្លួន។

យ៉ាងណាមិញ ពាក្យស្រលាញ់ពេលខ្លះមិនសំខាន់ស្មើនឹងទង្វើដែលគេបង្ហាញចេញមកលើយើងនោះឡើយ ហើយបើសិនជាអ្នកសង្កេតឃើញថា គេតែងតែធ្វើទង្វើអស់ទាំងនេះដាក់អ្នក គឺភាគរយខ្ពស់ដែលគេស្រលាញ់អ្នកហើយ៖
១. នៅក្បែរអ្នកជានិច្ច
មិនថាពេលអ្នកសប្បាយរីករាយឬកើតទុក្ខ ត្រូវការកម្លាំងចិត្ត អ្នកតែងតែឃើញថាគេនៅក្បែរអ្នក ចាំលួងលោម ចាំផ្ដល់កម្លាំងចិត្ត ចាំអបអរភាពជោគជ័យរបស់អ្នក ហើយបើទោះជាមានមនុស្សជាច្រើនមិនគាំទ្រអ្នក ក៏គេនៅតែគាំទ្រអ្នក តាមមើលថែនិងការពារអ្នករហូត។
២. គេយកចិត្តទុកដាក់លើរឿងតូចតាច
មិនថាការរស់នៅប្រចាំថ្ងៃ ចំណង់ចំណូលចិត្ត ឬសកម្មភាពតូចតាចដែលជារឿយៗតែងតែត្រូវអ្នកផ្សេងមើលរំលងទេ គឺគេតែងតែយកចិត្តទុកដាក់លើរឿងនោះជានិច្ច។ ឧទាហរណ៍ ៖ គេដឹងថាអ្នកផឹកកាហ្វេស្ករប៉ុន្មានភាគរយ អ្នកចូលចិត្តងូតទឹកក្ដៅឬត្រជាក់ អ្នកចូលចិត្តគេងបិទម៉ាស៊ីនត្រជាក់ឬបើក ទម្លាប់អ្នកពេលមកពីធ្វើការតើអ្នកធ្វើអី... គឺសកម្មភាពតូចតាចអស់ទាំងនេះត្រូវគេកត់ចំណាំបានច្បាស់។

៣. គោរពភាពផ្ទាល់ខ្លួនរបស់អ្នក
គេមានការគោរពចំពោះភាពផ្ទាល់ខ្លួនរបស់អ្នក គឺទុកពេលឲ្យអ្នកបាននៅជាមួយខ្លួនឯង មិនតោងទាមអ្នកស្អិតពេក ដឹងច្បាស់ថាពេលណាគួរចូលមករកអ្នកឬពេលណាមិនគួរ។ គេមិនដែលបង្ខំឲ្យអ្នកចំណាយពេលជាមួយគេទេ ហើយបើអ្នកមិនចង់ទៅណាមកណា គេក៏មិនបង្ខំអ្នកដែរ។
៤. គេរាប់បញ្ចូលអ្នកក្នុងផែនការអនាគត
បើសិនជាមនុស្សប្រុសម្នាក់នោះរាប់អ្នកបញ្ចូលក្នុងផែនការអនាគត ដូចជាចង់ទិញផ្ទះរស់នៅជាមួយអ្នក ចង់មានកូននិងរៀបការជាមួយអ្នក ចង់បើកគណនីសន្សំជាមួយអ្នក... គឺមានភាគរយខ្ពស់ណាស់ដែលគេស្រលាញ់អ្នក និងចង់បានអ្នកជាភរិយា ព្រោះមនុស្សដែលមិនចង់បានអ្នកប្រាកដប្រជា គ្មានផ្លូវរាប់បញ្ចូលអ្នកក្នុងជីវិតអនាគតរបស់គេទេ។

៥. គេការពារអ្នក
គេមិននៅស្ងៀមទេ នៅពេលអ្នកចួបនឹងរឿងអយុត្តិធម៌ ឬនរណាម្នាក់មិនផ្ដល់ការគោរពដល់អ្នក។ អ្នកតែងតែឃើញថាគេការពារអ្នករហូត។
៦. គេប្រាប់អ្នកពីចំណង់ចំណូលចិត្តរបស់គេ
ទោះបីអ្នកមិនសូវដឹងពីចំណង់ចំណូលចិត្តរបស់គេក៏ដោយ ក៏គេព្យាយាមណែនាំវាឲ្យអ្នកបានស្គាល់ ពន្យល់អ្នក ឬផ្ដល់ឱកាសឲ្យអ្នកបានធ្វើរឿងនោះជាមួយគេ ព្រោះមនុស្សដែលស្រលាញ់អ្នកតែងតែចង់ឲ្យអ្នកចាប់អារម្មណ៍លើអ្វីដែលគេស្រលាញ់។

៧. គេឲ្យអ្នកស្គាល់ផ្នែកពិតប្រាកដរបស់គេ
មនុស្សប្រុសជាភេទមួយដែលពូកែលាក់អារម្មណ៍ខ្លាំងណាស់ ដោយសារតែកើតមក សង្គមតែងតែរំពឹងទុកឲ្យគេក្លាយជាមនុស្សរឹងមាំ មិនបង្ហាញភាពទន់ជ្រាយ តែបើសិនជាពេលនៅក្បែរអ្នក គេបើកបង្ហាញអារម្មណ៍របស់គេប្រាប់អ្នក គឺមានន័យថាគេចាត់ទុកអ្នកជាមនុស្សសំខាន់។
៨. គេព្រមលះបង់ដើម្បីអ្នក
ស្នេហាគឺជាការលះបង់ នាពេលខ្លះ ដើម្បីតែអ្នក គេបានលះបង់អ្វីជាច្រើន ព្រោះចង់ឃើញស្នាមញញិមនិងក្ដីសុខរបស់អ្នក។ ឧទាហរណ៍៖ គេសុខចិត្តមិនទៅមើលការប្រកួតបាល់ទាត់ដែលគេចូលចិត្ត ហើយមកកំដរអ្នកទៅដើរលេងឬសបភីងជាដើម។
៩. គេទទួលស្គាល់កំហុស
បុរសខ្លះពិតជាមានអំណួតខ្លាំងណាស់ ទោះខុសក៏មាត់រឹងមិនព្រមទទួលស្គាល់កំហុសដែរ ដោយសារតែគិតថាខ្លាចបាក់មុខ ខ្លាចខូចកាលីប។ ផ្ទុយទៅវិញ គេបែរជាហ៊ានទទួលស្គាល់កំហុសខ្លួនឯង ហ៊ាននិយាយពាក្យថាសុំទោស ដោយមិនខ្លាចថាអ្នកសើចចម្អកឬអ្វីនោះឡើយ ដែលជាសញ្ជាណមួយបញ្ជាក់ថា គេពិតជាស្មោះត្រង់នឹងអ្នកណាស់៕

ប្រភព៖: experteditor
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]