ស្នេហា៖ នៅលើលោកយើងនេះ មានរឿងមិនសមបំណងច្រើនណាស់ដែលកើតឡើង ជាពិសេសនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ មិនប្រាកដថា អ្នកលួចស្រលាញ់បុរសឬនារីម្នាក់នោះ ហើយគេត្រូវតែស្រលាញ់អ្នកវិញនោះទេ ព្រោះពាក្យថាស្នេហាមួយម៉ាត់ គឺមិនអាចបង្ខំបានឡើយ។

ជួនកាល អ្នកគិតថា ហេតុអីបានជាអ្នកតែងតែលង់ស្រលាញ់ មនុស្សដែលមិនស្រលាញ់អ្នកវិញ? ហេតុអីក៏អ្នកមិនដែលសមបំណងរឿងស្នេហា មិនដែលមានឱកាសបានទាក់ទងជាមួយបុរសដែលពេញចិត្តទាល់តែសោះ? ខាងក្រោមនេះអាចជាចម្លើយថាហេតុអីអ្នកតែងតែស្រលាញ់មនុស្ស ដែលមិនស្រលាញ់អ្នក៖
១. អ្នកមិនបានស្រលាញ់គេនោះទេ
អ្នកតែងតែគិតថានៅពេលអ្នកគិតពីមនុស្សម្នាក់នោះ និងចង់បានគេមកទុកក្បែរខ្លួនគឺវាជាអារម្មណ៍ស្រលាញ់ តែពេលខ្លះវាមិនមែនជាក្ដីស្រលាញ់នោះឡើយ គឺអ្នកគ្រាន់តែឈ្លក់វង្វេងនឹងគេមួយគ្រាប៉ុណ្ណោះ។ អ្នកឃើញគេស្អាតឬសង្ហា ហើយក៏ចាប់ផ្ដើមស្រមៃអនាគតជាមួយគេ ចង់ឲ្យគេធ្វើបែបនេះបែបនោះដាក់អ្នក និម្មិតរូបភាពគេថាភើហ្វិក៍ខ្លាំងខុសពីការពិតរហូតក្លាយជាស្រមើស្រមៃ ទាំងដែលការពិត បុរសឬនារីម្នាក់នោះមិនបានអស្ចារ្យដូចអ្នកសាងរូបភាពមកនោះឡើយ ឬអ្នកសម្លឹងឃើញរូបរាងកាយរបស់គេសង្ហានិងស្រស់ស្អាត និងចង់បានរាងកាយគេមកសាសងតែមួយគ្រាប៉ុណ្ណោះ ដូច្នេះមិនប្រាកដថាការដែលអ្នកទៅគិតរវើរវាយពីគេ គឺជាស្នេហានោះឡើយ ដោយសារស្នេហាគឺជាអារម្មណ៍មួយចង់ឃើញគេមានក្ដីសុខ ហ៊ានលះបង់ដើម្បីគេ...។

២. អ្នកមិនស្គាល់ពីនិយមន័យស្នេហា
មិនប្រាកដថាមនុស្សម្នាក់ៗ សុទ្ធតែស្គាល់ពីក្ដីស្រលាញ់និងស្នេហានោះឡើយ ព្រោះមនុស្សខ្លះកើតមករហូតជិតអស់ជីវិតទៅវិញហើយក៏នៅតែមិនយល់ពាក្យថាស្នេហា។ ចំណុចនេះគឺអ្នកតែងតែចួបនឹងភាពខកចិត្តលើរឿងស្នេហា (ស្រលាញ់គេតែគេមិនស្រលាញ់វិញ) គឺមកពីធំធាត់នៅក្នុងមជ្ឈដ្ឋានមួយដែលម្ដាយឪពុកមិនបានបង្រៀនអ្នកឲ្យស្គាល់ពីក្ដីស្រលាញ់ ហើយអ្នកចេះតែគិតថាក្ដីស្រលាញ់គឺការងប់ងល់នឹងមនុស្សម្នាក់ ដែលការពិត នោះមិនមែនជាក្ដីស្រលាញ់ទេ គ្រាន់តែជាអារម្មណ៍ចង់គ្រប់គ្រងលើជីវិតមនុស្សម្នាក់នោះប៉ុណ្ណោះ ដូច្នេះហើយទើបពេលអ្នកព្យាយាមចូលទៅចែចូវមនុស្សដែលអ្នកស្រលាញ់ គឺអ្នកបង្ហាញផ្នត់គំនិតនិងកាយវិការ ធ្វើឲ្យគេមិនចាប់អារម្មណ៍អ្នក។

៣. អ្នកមិនស្រលាញ់ខ្លួនឯង
ចំណុចនេះជាចំណុចសំខាន់ នៃការបរាជ័យរឿងស្នេហា ព្រោះដើម្បីឲ្យគេស្រលាញ់អ្នកបាន គឺអ្នកត្រូវតែរៀនស្រលាញ់ខ្លួនឯងជាមុនសិន ហើយក៏ត្រូវរៀនមើលថែខ្លួនឯង ផ្ដល់តម្លៃឲ្យខ្លួនឯង ផ្ដល់កិត្តិយសដល់ខ្លួនឯង ដើម្បីឲ្យគេមើលមកថាអ្នកជាមនុស្សមានតម្លៃខ្ពស់ ប្រៀបដូចគ្រាប់ពេជ្រទឹកល្អ ដែលគេឃើញហើយគេចង់បាន មិនមែនជាដុំថ្មមួយនោះឡើយ។ នៅពេលអ្នកមិនចេះស្រលាញ់ខ្លួនឯង អ្នកតែងតែទៅសុំក្ដីស្រលាញ់ពីអ្នកផ្សេង ចង់បានការយកចិត្តទុកដាក់ ការមើលថែពីអ្នកដទៃ ទាំងដែលខ្លួនឯងមិនអាចផ្ដល់ឲ្យខ្លួនឯងបាន ធ្វើឲ្យគេមើលមកថាអ្នកគ្មានតម្លៃទាល់តែសោះ។

៤. អ្នកខ្លាចការឈឺចាប់ ស្រលាញ់តែមិនហ៊ានលះបង់
អ្នកលួចស្រលាញ់គេមែន តែដល់ពេលគេរាងបង្ហាញចំណាប់អារម្មណ៍លើអ្នក អ្នកបែរជាដកថយឬរក្សាគម្លាត ដោយសារខ្លាចការមានចំណង ខ្លាចខ្លួនឯងឈឺចាប់ ខ្លាចថាខ្លួនឯងបាត់បង់ខ្លួនឯង ឬត្រូវគេគ្រប់គ្រងជីវិត ហើយអ្នកមិនហ៊ានលះបង់ដើម្បីស្នេហាជាដើម។

៥. អ្នកចូលចិត្តអារម្មណ៍ពេលលង់ស្រលាញ់នរណាម្នាក់ តែមិនមែនទាក់ទងគ្នាជាគូស្នេហ៍
អ្នកឃើញនារីឬបុរសម្នាក់នោះ ខ្ពស់ហួសនឹងឈោងដល់ គិតថាគ្មានផ្លូវអាចមកស្រលាញ់អ្នក ក៏ដោយសារតែអ្នកចូលចិត្តការរត់ដេញតាមនរណាម្នាក់ ឬចូលចិត្តអារម្មណ៍ពេលបានចែចូវម្នាក់នោះឯង តែបើសួរថាអ្នកចង់ទាក់ទងគេជាគូស្នេហ៍មែនឬទេ? គឺអត់នោះទេ ដោយសារអ្នកត្រូវការមានសេរីភាពខ្លាំង៕
ប្រភព៖: medium
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]