ស្នេហា៖ មិនប្រាកដថាគេនិយាយថាស្រលាញ់អ្នកខ្លាំង ហើយគេមានន័យតាមនោះពិតមែននោះឡើយ ព្រោះមនុស្សខ្លះចូលចិត្តលេងសើចជាមួយអារម្មណ៍អ្នកដទៃ ចូលចិត្តកុហក ព្រោះចង់ឲ្យអ្នកនៅក្បែរគេ ទាំងដែលគេមិនបានស្រលាញ់ គឺពិតជាមើលទៅអាត្មានិយមណាស់។

បើសិនជាកំពុងទាក់ទងគ្នា ហើយអ្នកមានអារម្មណ៍ថាគេមើលទៅមិនសូវខ្វល់ពីអ្នក រាងព្រងើយៗ ដូចមិនបានស្រលាញ់អ្នក គឺវាអាចមានភាគរយដែលគេកុហកថាស្រលាញ់អ្នក តាមរយៈការបង្ហាញទង្វើអស់ទាំងនេះ៖
១.គេបង្អាប់អ្នកជាសាធារណៈ
មនុស្សដែលស្រលាញ់យើងពិត មិនចង់សូម្បីនិយាយអាក្រក់ពីយើង តែបើសិនជាអ្នកនៅជុំគ្នាជាមួយមិត្តភក្តិ ឬគ្រួសារ ឬនៅទីសាធារណៈ ហើយគេចាប់ផ្ដើមនិយាយរិះគន់មើលងាយអ្នកនោះ គឺមានន័យថាគេគ្មានការគោរពចំពោះអ្នកឡើយ។
២. គេមើលទៅគ្មានអារម្មណ៍សោះ
ការស្រលាញ់នរណាម្នាក់គឺតម្រូវឲ្យអ្នកនៅក្បែរគេ ចាំលួងលោមគេនៅពេលគេមានទុក្ខ ឬអាសន្ន តែផ្នែកនេះ គឺគេគ្មានអារម្មណ៍អ្វីទាំងអស់ពេលអ្នកចួបទុក្ខ រឹតតែមិនហុចដៃមកជួយអ្នក។

៣. ចូលចិត្តធ្វើឲ្យអ្នកប្រច័ណ្ឌ
មនុស្សដែលស្រលាញ់អ្នកមែនទែន មិនចង់បង្ករឿងក្នុងទំនាក់ទំនងស្នេហាទេ និងតែងតែចង់ឲ្យអ្នកដឹងថាបេះដូងគេមានតែអ្នកម្នាក់គត់ ប៉ុន្តែក្នុងករណី គេតែងតែធ្វើឲ្យអ្នកប្រច័ណ្ឌ គឺមានន័យថាគេគ្រាន់តែចង់លេងសើចជាមួយអ្នក ចង់ឲ្យអ្នកចាប់អារម្មណ៍គេ។
៤. ប្រៀបធៀបអ្នកជាមួយមនុស្សស្រីឯទៀត
បើសិនគេស្រលាញ់អ្នក គេមើលមកអ្នកថាស្រស់ស្អាតណាស់ អស្ចារ្យណាស់ គ្មានស្រីណាអាចផ្ទឹមអ្នកបានទេ បើទោះបីជានារីម្នាក់ទៀតស្អាតជាងគេក៏ដោយ។ យ៉ាងណាមិញ បើសិនជាគេតែងតែប្រៀបធៀបអ្នក ជាមួយនារីដទៃ ឃើញអ្នកផ្សេងស្អាត ចង់ឲ្យអ្នកស្អាតដូចគេ ព្យាយាមកែតម្រូវអ្នក ចង់ឲ្យអ្នកធ្វើជាមនុស្សផ្សេងទៀតគឺគេមិនស្រលាញ់អ្នកទេ។

៥. គេនិយាយថាចង់ចាកចេញពីអ្នក
នៅពេលអ្នកមានរឿងឈ្លោះប្រកែកគ្នា ឬខ្វែងគំនិតគ្នា គឺគេតែងតែគំរាមថានឹងចាកចេញពីអ្នក ឬបែកគ្នាជាមួយគេ ហើយគេតែងតែបន្ទោសអ្នកនូវរាល់រឿងគ្រប់យ៉ាង។
៦. គេភ្លេចពីព័ត៌មានសំខាន់របស់អ្នក
ប្រាកដណាស់ ជាគូស្នេហ៍នឹងគ្នា គេគួរតែចងចាំព័ត៌មានឬដំណឹងសំខាន់ខ្លះៗ ពីខ្លួនអ្នក ដូចជាថ្ងៃខែឆ្នាំកំណើតអ្នកជាដើម ឬអ្វីដែលអ្នកចូលចិត្ត មិនចូលចិត្ត តែបើសិនគេមិនចាំពីអ្វីអស់ទាំងនោះទេ គឺមានន័យថាគេមិនខ្វល់ពីអ្នកនោះឡើយ។

៧. គេមិនខ្វល់ ពេលអ្នកមិនសប្បាយចិត្ត
នៅពេលណាអ្នកមិនសប្បាយចិត្ត ឬសោកសៅ គឺគេមិនខ្វល់ពីអារម្មណ៍អ្នកនោះឡើយ តែងតែមើលរំលងជានិច្ច ហើយក៏មិនចង់លើកទឹកចិត្តអ្នកដែរ បើទោះជាពេលគេចួបនឹងទុក្ខសោក គឺអ្នកតែងតែលើកទឹកចិត្តដែរ។
៨. ធ្វើឲ្យអ្នកគិតថាខ្លួនឯងមិនសំខាន់
ជាធម្មតា មនុស្សដែលស្រលាញ់យើងតែងតែ ចាត់ទុកយើងជាមនុស្សពិសេស ជាមនុស្សទី១ ដែលគេតែងតែគិតដល់ ប៉ុន្តែបើសិនជាអ្នកមានអារម្មណ៍ថា គេទុកអ្នកនៅលេខរៀងខាងក្រោយការងារ ឬមិត្តភក្តិរបស់គេ គឺអ្នកមិនសំខាន់ក្នុងជីវិតរបស់គេនោះឡើយ៕
ប្រភព៖: bolde
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]