កំពត៖ មន្ត្រីជំនាញបានបញ្ជាក់ថា ដំណើរការប្រណាំងទូកងនៅខេត្ថកំពត បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ អមដោយសំឡេងស្រែកហ៊ោកញ្ច្រៀវលាន់លឺពេញក្រុងកំពត។ លោកថាសម្រាប់ការប្រណាំងទូកងថ្ងៃទី១ ខេត្តកំពត មានពលរដ្ឋ និងភ្ញៀវទេសចរ មកចូលរួមទស្សនាការប្រណាំងទូក និងដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាសរុបប្រមាណជាង ២៥ម៉ឺននាក់ ខណៈដែលយុវជន និងកីឡាករបង្ហាញការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង។ 

បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ដំណើរការប្រណាំងទូកងនៅខេត្តកំពត រៀបចំបានល្អប្រសើរទាំង ហេដ្ឋារចនាសម្ព័ន្ធនានា ការតុបតែងលម្អ និងមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ អនាម័យបរិស្ថានទាំងនៅលើទឹក និងលើដីគោក ពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្តច្រើន ប៉ុន្តែគ្មានការកកស្ទះចរាចរណ៍ទេ ហើយក្រុមកីឡាករមានភាពស្វាហាប់ និងមានទឹកចិត្តក្នុងការអុំបង្ហាញសមត្ថភាពអស់ពីកម្លាំងកាយចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបានបញ្ជាក់ថា សម្រាប់ថ្ងៃទី១ ពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ២៥ម៉ឹននាក់បានទស្សនា និងដើរកម្សាន្តក្នុងខេត្តកំពត ក្នុងនោះភ្ញៀវបរទេសចំនួន ៦១៥នាក់ ចំពោះសេវាស្នាក់នៅលោកបានបញ្ជាក់ថា មិនទាន់ពេញអស់នោះទេ។ លោកក៏បានបញ្ជាក់ដែរថា ដំណើរការកម្មវិធីបានប្រព្រឹត្តិទៅដោយរលូន និងមិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សំគាល់ឡើយ។

ចំពោះពិធីខាងលើក្រុមយុវជនខេត្តកំពត បានបង្ហាញទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង ក្នុងមកចូលរួមគាំទ្រការប្រណាំងទូកង នៅលើដងព្រែកកំពង់បាយខេត្តកំពត និងថាសម្រាប់ថ្ងៃទី១នៃការប្រណាំងទូកងខេត្តកំពត រៀបចំបានល្អ អធឹកអធម ហើយមានពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលរួមទស្សនាច្រើនជាងឆ្នាំមុន។

ចំណែកក្រុមកីឡាករបានបង្ហាញចំណាប់អារម្មណ៍ដែរថា ទោះបីទូកខ្លួនមិនបានជាប់បន្តទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រក៏ដោយ ក៏ពួកគាត់មានចិត្តរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដោយសារឃើញការលើកទឹកចិត្ត និងគាំទ្រច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិ។

មន្ត្រីជំនាញរំពឹងថា សម្រាប់ថ្ងៃទី២ ដែលជាថ្ងៃប្រណាំងផ្តាច់ព្រ័ត្រនេះ នឹងខេត្តកំពតមានប្រជាពលរដ្ឋ និងទេសចរចូលរួមទស្សនាកាន់តែច្រើន ខណៈដែលការប្រណាំងផ្តាច់ព្រាត នឹងចាប់ផ្តើមពីម៉ោង១រសៀលទៅថ្ងៃទី១១នេះ៕ 

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]