ស្នេហា៖ ស្នេហាកើតឡើងដោយមិនរើសមនុស្សនោះឡើយ ជួនកាល អ្នកមិនស្រលាញ់មនុស្សម្នាក់នេះទេកាលពីមុន ឬអាចនិយាយបានថាស្អប់មុខខ្លាំងផង ស្រាប់តែយូរៗទៅបែរជាលួចមានចិត្តទៅលើគេទៅវិញ។ ដូចនិយមន័យមួយថា "ស្អប់ជំពប់លើ" ដែលចាស់ៗតែងតែនិយាយថាកុំឲ្យស្អប់នរណាម្នាក់ខ្លាំងពេក ព្រោះអាចនឹងប្រែជាស្រលាញ់វិញ ព្រោះយោងតាមការសិក្សាស្រាវជ្រាវ អារម្មណ៍ស្អប់ និងស្រលាញ់ គឺពិតជាមានខ្សែខណ្ឌស្ដើងខ្លាំងណាស់។
ដូចជាអ្នកអាចស្អប់មនុស្សដែលអ្នកស្រលាញ់បានមួយរំពេច បើសិនជាគេធ្វើខុសជាដើម។ នេះជាហេតុផលដែល អ្នកបែរជាស្រលាញ់មនុស្សដែលអ្នកស្អប់៖
១. ស្អប់ បង្កើតភាព "ងប់ងល់"
អ្នកប្រហែលជាគិតថា ខ្ញុំស្អប់គេណាស់ តែមុខមិនចង់មើលផង រឿងអីត្រូវទៅស្រលាញ់មនុស្សម្នាក់នោះ? ដែលការពិតទៅ មិនខុសពីអារម្មណ៍ស្រលាញ់ប៉ុន្មានទេ អារម្មណ៍ស្អប់ក៏អាចធ្វើឲ្យអ្នកមានចំណងជាមួយម្នាក់នោះដែរ ព្រោះអ្នកស្អប់គេរហូតគិតពីគេខ្លាំង យូរៗទៅក៏បង្កើតទៅជាភាពងប់ងល់មួយ ធ្វើឲ្យខួរក្បាលអ្នកចាប់ផ្ដើមផ្លាស់ប្ដូរទំនោរនៃការគិត ទៅជាចង់ស្វែងយល់ពីគេ ចង់ដឹងហេតុអីបានជាគេក្លាយជាមនុស្សបែបនេះ។
២. យើងឲ្យថាមពលនៃការគិតទៅលើគេច្រើន
ដូចចំណុចខាងលើអ៊ីចឹង ពេលណាអ្នកស្អប់មនុស្សម្នាក់ អ្នកប្រើប្រាស់អារម្មណ៍ ដាក់អារម្មណ៍ខ្លាំងសម្បើមណាស់ ព្រោះអារម្មណ៍ស្អប់គឺខ្លាំងក្លាដូចអារម្មណ៍ស្រលាញ់អ៊ីចឹង ដែលវាធ្វើឲ្យអ្នកចាប់ផ្ដើមមានទំនាក់ទំនងផ្លូវអារម្មណ៍ទៅលើគេ។
៣. មានឱកាសបានស្វែងយល់ពីចរិតផ្សេងទៀតរបស់គេ
ជួនកាល ពេលឃើញដំបូង អ្នកស្អប់គេខ្លាំងណាស់ ប៉ុន្តែមានហេតុផលណាមួយបង្ខំឲ្យអ្នកចូលទៅធ្វើការឬរៀនសូត្រជាមួយគេ ដែលធ្វើឲ្យអ្នកមានឱកាសបានស្វែងយល់ពីអត្តចរិតផ្សេងទៀតរបស់គេ។ អ្នកបានដឹងច្បាស់ថា ការពិតចរិតរបស់គេគឺបែបនេះ បែបនោះ គេមានក្ដីស្រមៃ មានចំណុចល្អជាច្រើនដែលអ្នកមើលមិនឃើញកាលពីដំបូង ទើបយូរៗទៅអ្នកចាប់ផ្ដើមសង្កេតមើលគេក្នុងផ្លូវវិជ្ជមានវិញ។
៤. ភាពទាក់ទាញ
មនុស្សម្នាក់ៗមានភាពទាក់ទាញនិងចំណុចពិសេសរៀងខ្លួន ហើយអ្នកខ្លះចូលចិត្តស្វែងយល់និងសិក្សាពីចរិតរបស់មនុស្ស ដូចជាទស្សនវិជ្ជាអ៊ីចឹង ដូច្នេះអារម្មណ៍ពេលដែលខ្លួនលង់ស្រលាញ់សត្រូវរបស់ខ្លួន ឬមនុស្សដែលខ្លួនស្អប់គឺស្ដាប់ទៅគួរឲ្យចង់ស្វែងយល់បន្ថែម ព្រោះវាជាភាពទាក់ទាញដែលមិនអាចពន្យល់បានមួយ ដូច្នេះក៏ខិតខំចូលទៅជិតគេដើម្បីស្វែងយល់អាថ៌កំបាំងនោះ។
៥. ផ្លាស់ប្ដូរការគិត
ការគិតរបស់មនុស្សម្នាក់ៗតែងមានការផ្លាស់ប្ដូរ មិនប្រាកដថាអ្នកអាចស្អប់មនុស្សម្នាក់នេះពេញមួយជីវិតទេ ហើយជួនកាលអារម្មណ៍ស្អប់របស់អ្នកនោះគឺកើតឡើងដោយសារអ្នកខ្លួនឯង ឬអតីតកាលដែលមិនគួរឲ្យចងចាំ ឬក៏អ្នកមានបទពិសោធន៍មិនល្អជាមួយមនុស្សប្រភេទនេះ ដល់តែអ្នកធំធាត់ឡើង ចេះផ្លាស់ប្ដូរចិត្តគំនិតទៅទើបដឹងថាអ្នកមិនគួរស្អប់គេ ហើយក៏រសាយភាពស្អប់ទៅវិញ៕
ប្រភព៖: medium
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]