ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រធានអង្គប្រជុំ បានលើកឡើងពីការងារចំពោះមុខ ដែលគ្រប់អនុគណៈកម្មការ គណៈលេខាអចិន្ត្រៃយ៍ និងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ត្រូវរួមសហការគ្នា ដើម្បីរៀបចំឱ្យបានសមស្របទាំងរូបភាពចាត់តាំង និងទាំងខ្លឹមសារនៃការរៀបចំព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តមប្រធាន បានបន្តថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី ២៦-២៧-និង២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ហើយក្នុងនោះមានទូកសរុបចំនួន ៣៣៨ នឹងចូលរួមប្រកួត ព្រមទាំងប្រទីបចំនួន៣០ ក៏នឹងបង្ហាញខ្លួនក្នុងព្រះរាជពិធីផងដែរ។
សូមជម្រាបជូនថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានគេតំណាលថា ជាពិធីបុណ្យរំលឹកដល់ការដឹងគុណ ចំពោះកងទ័ពជើងទឹករបស់កម្ពុជា ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាស.វទី ១២ ក្នុងរាជ ព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.សករាជ ។ ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី ៧ បានប្រារព្ធរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏មហោឡារិកនិងអធិកអធមជាទីបំផុត ហើយព្រះរាជពិធីបុណ្យនេះជាព្រះរាជពិធីបុណ្យដ៏មានប្រជាប្រិយភាពបំផុតក្នុងចំណោមពិធីបុណ្យផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់នៃសន្តិភាព។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ ក៏បានសំណូមពរអោយគ្រប់ សមាជិក សមាជិកា អង្គប្រជុំទាំងអស់ រាយការណ៍ជូនថ្នាក់ដឹកនាំ ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត បានជ្រាប និងចាត់តាំងអនុវត្តតាមស្មារតីនៃអង្គប្រជុំឱ្យសម្រេចលទ្ធផលល្អប្រសើរ ៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]