ស្នេហា៖ មិនថាបុរសឬនារីទេ គឺសុទ្ធតែចង់បានមនុស្សដែលស័ក្តិសមនឹងខ្លួនជាគូស្នេហ៍ ដែលអាចជួយមើលថែ ការពារ និងផ្ដល់ភាពកក់ក្ដៅមកកាន់ពួកគេ។ កាលពីទាក់ទងគ្នាដំបូងៗ ស្នេហាតែងតែស្រស់បំព្រង ពិភពលោកប្រែជាពណ៌ផ្កាឈូក ហើយបុរសឬនារីម្នាក់នោះ តែងតែយកចិត្តទុកដាក់នឹងអ្នក និយាយប្រាប់អ្នកថា គេនឹងធ្វើបុរសឬនារីល្អបំផុត ដើម្បីអាចឈរក្បែរអ្នក។
តែពេលទាក់ទងយូរៗទៅ គេបែរជានិយាយថា "គេមិនស័ក្តិសមនឹងអ្នកទេ ឲ្យអ្នករកអ្នកផ្សេងចុះ" ទាំងដែលកាលពីដំបូង សន្យាជាមួយអ្នកសព្វគ្រប់ថានឹងធ្វើគ្រប់យ៉ាងដើម្បីនៅជាមួយអ្នក។ បើសិនជាដៃគូរបស់អ្នកធ្លាប់និយាយពាក្យនេះ នេះជាអ្វីដែលគេចង់មានន័យ៖
១. រកលេសចង់បញ្ចប់ទំនាក់ទំនង
បុរសឬនារីខ្លះ និយាយពាក្យនេះ មិនមែនដោយសារគេចង់ឲ្យអ្នកទៅរកអ្នកផ្សេងដែលល្អជាងគេទេ តែមកពីចង់យកលេសនេះដើម្បីបញ្ចប់ទំនាក់ទំនង ព្រោះពួកគេគិតថា បើនិយាយពាក្យនេះ គេមើលទៅនៅតែជាមនុស្សល្អក្នុងខ្សែភ្នែកអ្នក ដូចជាកំពុងលះបង់អ្នកទៅឲ្យអ្នកផ្សេង ទាំងដែលការពិត គេគ្រាន់តែចង់ដេញអ្នកចេញពីជីវិតប៉ុណ្ណោះ។ បុរសដែលស្រលាញ់អ្នកពិតមែន នឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យគេស័ក្តិសមនឹងអ្នក។
២. គេចង់ប្ដូរស្ថានភាពនៃទំនាក់ទំនង
បុរសឬនារីខ្លះ និយាយឃ្លានេះ គឺមិនចង់បែកបាក់គ្នាជាមួយអ្នកទាំងស្រុងទេ ផ្ទុយទៅវិញគឺចង់ផ្លាស់ប្ដូរស្ថានភាពនៃទំនាក់ទំនង។ ឧទាហរណ៍៖ អ្នកកំពុងទាក់ទងគេជាសង្សារសុខៗ គេស្រាប់តែចង់ផ្លាស់ប្ដូរឋានៈរបស់អ្នកត្រឹមតែជាមនុស្សកំដរ ឬមិត្តដែលលើសពីមិត្តតែមិនមែនជាសង្សារទៅវិញ ព្រោះគេចុងទុកឱកាសនេះស្វែងរកអ្នកថ្មី ដែលគេគិតថាល្អជាងអ្នក។
៣. បារម្ភខ្លាចគេនាំបញ្ហាស្មុគស្មាញមកកាន់អ្នក
នៅក្នុងករណីខ្លះ ពួកគេនិយាយបែបនេះ ក៏ព្រោះមិនចង់ឲ្យអ្នកនៅប្រឈមជាមួយបញ្ហាស្មុគស្មាញក្នុងជីវិតរបស់គេ និងខ្លាចថាបញ្ហាទាំងអស់នោះវាប៉ះពាល់ដល់អ្នក។ គេមានអារម្មណ៍ថា ពេលនេះគេមិនអាចក្លាយជាបុរសឬនារីដែលស័ក្ដិសមនឹងអ្នកទេ។
៤.គិតថាអ្នកឆ្ងាយហួសពីឈោងដល់
បុរសឬនារីខ្លះ មិនសូវមានទំនុកចិត្តលើខ្លួនឯង តែងតែគិតថាខ្លួនឯងតូចទាបជាងគូស្នេហ៍ តែងតែមើលថាខ្លួនឯងមិនស័ក្តិសមនឹងគូស្នេហ៍ ទើបនិយាយបែបនេះ ព្រោះពួកគេមិនចង់ជឿថាអ្នកមកស្រលាញ់មនុស្សដូចពួកគេ។
៥. ដឹងថាមើលថែអ្នកមិនបានល្អ
នេះជាហេតុផលមួយដ៏អាត្មានិយមបំផុត គេដឹងថាគេមិនអាចមើលថែអ្នកបានល្អ គេដឹងថាធ្វើឲ្យអ្នកលំបាក មិនសូវយល់ចិត្តអ្នក ឬអាចនឹងក្បត់អ្នក តែគេបែរជានិយាយបែបនេះ ដើម្បីស្កាត់មុខអ្នកមុន ព្រោះនាពេលខាងមុខ ពេលគេអស់ចិត្តហើយបោះបង់ចោលអ្នក គេនៅមានលេសនិយាយយកល្អខ្លួនឯងថាគេបានដាស់តឿនអ្នកម្ដងរួចមកហើយ ដូច្នេះគេនឹងគ្មានអារម្មណ៍ថាខុសចំពោះអ្នកនោះឡើយ៕
ប្រភព៖: hernorm
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]