ស្នេហា៖ មនុស្សប្រុសនៅលើលោកនេះមានច្រើនប្រភេទ និងមានអត្តចរិតខុសៗពីគ្នា ដោយបុរសខ្លះមិនសូវចូលចិត្តរញ៉េរញ៉ៃនឹងមនុស្សស្រីទេ ហើយបើមានគូស្នេហ៍មែន គឺស្មោះលុះក្ស័យខ្លួន។ ងាកមកមើកបុរសមួយប្រភេទទៀតវិញ គឺជាបុរសដែលចូលចិត្តទៅក្រវែលៗមនុស្សស្រី មិនថាស្រីនោះជាស្រីស្អាត ឬមិនសូវស្អាត ឬមានគូហើយ ឬនៅទំនេរ ចាស់ឬក្មេង ក៏គេញ៉ែបានទាំងអស់ ហើយជីវិតរបស់គេគឺពោរពេញដោយភាពសប្បាយរីករាយ ដោយបណ្ដើរមនុស្សស្រីប្ដូរមុខចម្រុះរហូត។
ការពិតទៅ មនុស្សប្រុសបែបនេះជាប្រភេទបុរសដែល មនុស្សស្រីគិតថាមានមន្តស្នេហ៍ខ្លាំង ព្រោះគេពូកែវោហាស័ព្ទ ពូកែយកចិត្តយកថ្លើម ដឹងច្បាស់ពីតម្រូវការមនុស្សស្រី ប៉ុន្តែបើសិនជាអ្នកសម្រេចចិត្តចង់ទាក់ទងបុរសប្រភេទនេះ គឺអាចនឹងទឹកភ្នែករាល់ថ្ងៃ ព្រោះគេមិនឈប់ត្រឹមអ្នកនោះទេ ហើយក៏មិនមានតែអ្នកដែរ។ ខាងក្រោមនេះ ជាសញ្ញាណបញ្ជាក់ថាគេជាបុរសព្រាននារី៖
១. ញ៉ែអ្នករាល់គ្នាមិនរើសមុខ
នេះជាចំណុចសំខាន់ និងចំណុចដំបូងក្នុងការកត់ចំណាំពីព្រាននារី ព្រោះបុរសព្រានតែងតែញ៉ែចែប៉ប្រែនឹងមនុស្សស្រី ឬមនុស្សប្រុសផ្សេងមិនលួសថ្ងៃ ។ ពេលនៅជាមួយអ្នក ហើយឃើញស្រីស្អាតដើរកាត់ គេសម្លឹងសឹងតែបាក់ក បង្ហាញចេញមកថាចង់បាននាង ឬព្យាយាមទៅក្រវែលៗនឹងនាង។ នៅពេលក្រោយខ្នងអ្នកវិញ ក៏លួចសន្ទនាជាមួយមនុស្សស្រីក្នុងន័យញ៉ែ ប្រើពាក្យលេបខាយ ឬប៉ះពាល់នាងជាដើម។
២. អ្នកធ្លាប់ឮប្រវត្តិរបស់គេ
មនុស្សម្នាក់ៗសុទ្ធតែមានអតីតកាល ដូច្នេះបើសិនជាអ្នកធ្លាប់បានឮមនុស្សជុំវិញខ្លួន ឬមិត្តភក្តិរបស់គេនិយាយថា គេជាព្រាននារីមុខស្រស់ ញ៉ែនារីបុរសមិនរើស ឬចូលចិត្តការសប្បាយមួយគ្រាៗ ព្រមទាំងផ្លាស់ប្ដូរគូស្នេហ៍ដូចផ្លាស់ខោអាវនោះ គឺមានន័យថាគេជាព្រាននារីល្បីឈ្មោះហើយ។
៣. ប្រើប្រាស់មាសប្រាក់ឬកេរ្តិ៍ឈ្មោះដើម្បីទាក់ទាញមនុស្សស្រី
ជាធម្មតា បុរសគ្រប់គ្នាតែងតែចង់បង្ហាញគុណសម្បត្តិឲ្យនារីបានឃើញ នៅក្នុងដំណាក់កាលកំពុងញ៉ែនាង ប៉ុន្តែបើសិនបុរសម្នាក់នោះប្រឹងបង្អួតជ្រុលពេក បើកបង្ហាញមាសប្រាក់ទ្រព្យសម្បត្តិ ឬប្រើប្រាស់កេរ្តិ៍ឈ្មោះខ្លួនដើម្បីទាក់យកមនុស្សស្រីគឺមានន័យថា គេជាមនុស្សមិនខ្វល់ពីស្នេហា ចូលចិត្តតែការសប្បាយ។
៤. មានប្រវត្តិធ្លាប់ក្បត់
បើសិនជាអ្នកដឹងថា ទំនាក់ទំនងពីអតីតរបស់គេគឺភាគច្រើនបែកគ្នាដោយសារតែគេជាអ្នកសុំបែក ឬគេមិនស្មោះត្រង់នឹងនារីអស់ទាំងនោះ គឺមានភាគរយខ្ពស់ដែលគេជាប្រុសព្រាន ហើយភាគរយនោះរឹតតែកើនឡើងខ្ពស់ បើសិនបុរសម្នាក់នោះកុហកអ្នកថាគ្រប់យ៉ាងមកពីអតីតគូស្នេហ៍របស់គេ។
៥.មិនណែនាំអ្នកទៅកាន់មិត្ត និង គ្រួសារ
នៅពេលអ្នកស្រលាញ់នរណាម្នាក់ខ្លាំង គឺតែងតែចង់ឲ្យមនុស្សជិតស្និទ្ធនឹងយើងបានដឹងពីរឿងនេះដែរ ដូច្នេះគេប្រាកដជាណែនាំអ្នកឲ្យមិត្តភក្តិ រួមទាំងក្រុមគ្រួសារឲ្យបានស្គាល់ ប៉ុន្តែបើសិនគេតែងតែយកលេសមិនណែនាំអ្នកឲ្យគ្រួសារនិងមិត្តបានស្គាល់ គឺមានន័យថាគេមិនស្រលាញ់អ្នកមែនទែននោះឡើយ៕
ប្រភព៖: webmd
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]