ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុត និងផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេនៅកម្ពុជា ទទួលបានពាន "ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ 2023 របស់ប្រទេសកម្ពុជា" ពីគ្រឹះស្ថានបោះពុម្ពផ្សាយហិរញ្ញវត្ថុដ៏មានកិត្យានុភាព The Banker  ដែលជាពានរង្វាន់លើកទី 6 ពីគ្រឹះស្ថានទស្សនាវដ្ដីកម្រិតកំពូលនេះ។ ការប្រកាសម្ចាស់ជ័យលាភី ត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់ The Banker នៅទីក្រុងឡុងដ៍។​​

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ABA ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពពេញលេញនៃសេវាធនាគាររបស់ខ្លួន និងយុទ្ធសាស្ត្ររបស់ធនាគារដែលផ្ដោតលើបច្ចេកវិទ្យាទំនើប និងផលិតផល/សេវាកម្មឌីជីថល។

ក្នុងឆ្នាំ 2022 ធនាគារ ABA បានបង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេក្នុងការបង្កើនសមត្ថភាពសេវាធនាគារ ដើម្បីពង្រឹងកេរ្ដិ៍ឈ្មោះរបស់ខ្លួន ក្នុងនាមជាស្ថាប័ននាំមុខគេនៅក្នុងវិស័យធនាគារ។ ការទទួលស្គាល់ដោយ The Banker គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្ដបន្ទាប់របស់ ABA ក្នុងការផ្ដល់នូវសេវាធនាគារប្រកបដោយគុណភាពខ្ពស់ជូនអតិថិជនរបស់ខ្លួន។

ក្នុងដំណើរឆ្ពោះទៅរកឧត្តមភាព ធនាគារ ABA បានដាក់ចេញនូវគំនិតផ្តួចផ្តើមនវានុវត្ត និងបានពង្រីកសេវាកម្មជាច្រើន។ ជាក់ស្ដែង ការដាក់ឲ្យប្រើប្រាស់គណនី ABA Junior សម្រាប់កុមារ ឬក្មេងៗអាយុចាប់ពី 10 ឆ្នាំឡើង បង្ហាញពីការយកចិត្តទុកដាក់របស់ ABA ក្នុងការជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្ន​នៅក្នុងសង្គម។ ធនាគារក៏បានសម្រេចនូវសមិទ្ធផលសំខាន់មួយ ក្នុងនាមជាធនាគារដំបូងបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ដំណើរការ ម៉ាស៊ីនបើកកាត។ ម៉ាស៊ីននេះ សម្រួលដល់ការបើកកាតរបស់អ្នកប្រើប្រាស់ ABA Mobile ដោយអតិថិជនអាចបើកបានដោយខ្លួនឯង ដោយប្រើពេលមិនដល់ពីរនាទី ហើយមិនចាំបាច់មានការបើកជូនពីបុគ្គលិកសាខាឡើយ។

នៅពាក់កណ្ដាលឆ្នាំ 2023 ធនាគារបានកែប្រែរូបរាងកម្មវិធី ABA Mobile របស់ខ្លួន ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធសេវាធនាគារកាន់តែងាយស្រួល និងមានលក្ខណៈផ្ទាល់ខ្លួន។ អេបជំនាន់ថ្មីនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់​រៀបចំកម្មវិធីរបស់ពួកគេ តាមការពេញចិត្ត ជាមួយនឹងជម្រើសផ្ទាំងវិចិត្រ ផ្ទៃខាងក្រោយ និងប្រភេទប៊ូតុង, ប្ដូរទំហំអក្សរ ដែលងាយស្រួលមើល, និងប្តូរទៅមក  រវាងផ្ទៃភ្លឺ និងងងឹត។

លើសពីនេះទៅទៀត ABA បានពង្រីកបណ្ដាញរូបវន្ដរបស់ខ្លួន​ ដោយបានបើកដំណើរការជាផ្លូវការនូវសាខាពេញលេញចំនួន  4 និងទីតាំងស្វ័យសេវា ABA 24/7 ​ចំនួន 16 ដែលពង្រឹងការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះ​លទ្ធភាពចូលប្រើប្រាស់គ្រប់ពេលវេលា ប្រកបដោយភាពងាយស្រួលរបស់អតិថិជន។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា “យើងខ្ញុំពិតជាមានកិត្តិយសយ៉ាងក្រៃលែង ដែលត្រូវបានទទួលស្គាល់ជា ធនាគារឆ្នើមបំផុត ប្រចាំឆ្នាំ 2023 របស់ប្រទេសកម្ពុជា ជាលើកទី 6។ ពាននេះ គឺជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ក្រុមការងារយើងទាំងមូល ហើយយើងប្ដេជ្ញាបន្ដផ្ដល់សេវាធនាគារដ៏ល្អបំផុតជូនអតិថិជន”។​

លោក Joy Macknight និពន្ធនាយករបស់ទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker បានអបអរធនាគារ ABA ចំពោះសមិទ្ធផលនេះថា “សូមអបអរសាទរធនាគារ ABA ដែលបានឈ្នះពានរង្វាន់ ធនាគារឆ្នើមបំផុត ប្រចាំឆ្នាំ 2023 របស់ប្រទេសកម្ពុជា។ ធនាគារ ABA បានបង្កើតមាគ៌ាសម្រាប់អនាគតរបស់ខ្លួនយ៉ាងច្បាស់លាស់ ទាំងផ្នែកផលិតផល និងការប្តេជ្ញាចិត្តចំពោះបច្ចេកវិទ្យា។ ការដាក់ដំណើរការអេបជំនាន់ថ្មី ABA Mobile 5.0 បានបង្កើនមុខងារ និងភាពដាច់ដោយឡែក​ផ្ទាល់ខ្លួនកាន់តែប្រសើរ។ ធនាគារ ABA បានពង្រីកបញ្ជីសេវាកម្ម និងមុខងារជាច្រើននៅក្នុង ABA Mobile ព្រមទាំងលទ្ធភាពសម្រាប់កុមារ ឬ ក្មេងៗ ក្នុងការបើកគណនីធនាគារផ្ទាល់ខ្លួនរបស់ពួកគេជាមួយគណនី ABA Junior ថ្មី”។

ពានរង្វាន់របស់ទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker គឺជាស្ដង់ដារគំរូនៅក្នុងវិស័យធនាគារ ពីគ្រឹះស្ថានបោះពុម្ពអន្ដរជាតិលំដាប់ពិភពលោក ដែលមានវ័យចំណាស់ជាងគេ ហើយ ABA បានទទួលពានរង្វាន់កំពូលរួចមកហើយ កាលពីឆ្នាំ 2014, 2016, 2019, 2021, 2022 និងឆ្នាំ 2023។

ធនាគារ ABA ​នៅតែប្ដេជ្ញាបន្ដផ្ដល់ជូនដំណោះស្រាយសេវាធនាគារនវានុវត្ត ដែលបង្កលក្ខណៈងាយស្រួលជូនអតិថិជន ព្រមទាំងរួមចំណែកដល់ការរីកចម្រើន និងការអភិវឌ្ឍនៃទិដ្ឋភាពហិរញ្ញវត្ថុកម្ពុជា។

អំពីទស្សនាវដ្ដី The Banker

The Banker គឺជាធនធានធនាគារ និងហិរញ្ញវត្ថុពិភពលោករបស់ក្រុមហ៊ុន Financial Times Group។ ចាប់ផ្តើមបោះពុម្ពផ្សាយនៅក្នុងឆ្នាំ 1929 ទស្សនាវដ្តីបានក្លាយជាប្រភពព័ត៌មានអំពីវិស័យធនាគារដ៏មានទំនុកចិត្ត និងអានដោយនាយកប្រតិបត្តិ នាយកហិរញ្ញវត្ថុ ហេរញ្ញិករបស់សាជីវកម្ម ទេសភិបាលធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុនៅជាង 180 ប្រទេស ទូទាំងពិភពលោក។ The Banker គឺជាប្រភពដ៏សំខាន់ក្នុងការផ្តល់ទិន្នន័យ និងការវិភាគសម្រាប់វិស័យធនាគារ។ ចំណាត់ថ្នាក់ធនាគារពិភពលោក កំពូលៗ ចំនួន1,000 របស់ The Banker ត្រូវបានប្រើប្រាស់ជាស្ដង់ដាតាំងពីឆ្នាំ 1970 ដោយផ្ដល់ការព័ត៌មានទាក់ទងនឹងទ្រព្យ សម្បត្តិ និងស្ថានភាពនៃ វិស័យធនាគារគ្រប់ជ្រុងជ្រោយ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ www.thebanker.com/top1000។ The Banker គឺជាសេវាកម្មមួយរបស់ the Financial Times៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]