កម្ពុជា៖ ពិព័រណ៍សៀវភៅកម្ពុជា ជិតនឹងវិលត្រឡប់មកវិញហើយ ដោយលើកនេះជាការប្រារព្ធឡើងលើកទី១០ បើគិតចាប់តាំងពីឆ្នាំ២០១៣ មក។ ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ១៥ ១៦ ១៧ ខែធ្នូ ឆ្នាំ២០២៣ នេះ នៅបរិវេណសាលបុរីកោះពេជ្រ (City Hall) ក្រោមប្រធានបទ "សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ"

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើប្រៀបធៀបពីឆ្នាំមុនៗ ឆ្នាំនេះមានការរៀបចំឡើងយ៉ាងពិសេស ព្រោះមានស្តង់ចូលរួមលើសពី២០០ស្តង់ ហើយប្រព្រឹត្តទៅចំនួនបួនថ្ងៃពេញ ខណៈឆ្នាំមុនៗធ្វើឡើងតែបីថ្ងៃតែប៉ុណ្ណោះ។

ពិព័រណ៍នេះនឹងមានសៀវភៅគ្រប់ប្រភេទដាក់លក់ ទាំងសៀវភៅអាជីវកម្ម ចំណេះដឹង អប់រំ ប្រលោមលោក និងសៀវភៅផ្សេងៗទៀតផងដែរ ពីគ្រឹះស្ថានបោះពុម្ពផ្សាយនិងហាងសៀវភៅល្បីៗនាៗនៅកម្ពុជា ដែលជាឱកាសល្អមួយសម្រាប់អ្នកដែលចូលចិត្តអានសៀវភៅ ហើយក្រៅពីនោះក៏មានកម្មវិធីកម្សាន្តប្លែកៗដើម្បីឈ្នះរង្វាន់ ការគូសមុខនិងផាត់ពណ៌សម្រាប់កុមារតូចៗនៅសួនកុមារ កន្លែងថតរូបដ៏ស្រស់ប្រណីត និងការប្រគំតន្ត្រីដែលចូលរួមដោយសិល្បករ សិល្បការិនីជាច្រើនរូបទៀតផង។

រូបភាព

ក្នុងនោះ ស្តង់ជំរំប៉ាកកា (Author's Zone) ដែលមានលេខ១៣៦ ក៏មានវត្តមាននៅពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ដែរ ដោយមានលក់ជាប្រភេទសៀវភៅប្រលោមលោកទាំងបែបខ្មែរនិងបែបបរទេស ដែលតាក់តែងឡើងដោយអ្នកនិពន្ធខ្មែរសុទ្ធសាធ។ សៀវភៅប្រលោមលោកដែលនឹងដាក់លក់នៅពិព័រណ៍សៀវភៅកម្ពុជាលើកទី១០នេះ រួមមាន៖ "ស្រីស្នេហ៍របស់បិសាច" , "ផ្កាភ្លើងក្នុងដៃបិសាច", "First Lady របស់បិសាច" និង "បំពេស្នេហ៍ អធិរាជផ្ដាច់ការ" ដែលជាសៀវភៅប្រលោមលោកមនោសញ្ចេតនា បែបបរទេសពីអ្នកនិពន្ធ អាយរីស ព្រមទាំង "ម៉ាក់តូចកំពូលស្នេហ៍" និង "តំណក់ឈាមយ៉ាគូសា" ពីអ្នកនិពន្ធ ខារ៉ាមេល មកពីក្រុមសៀវភៅ "មីសស្ទីកខល (Mystical)" ។ ក្រៅពីនោះក៏មានដាក់លក់ស្នាដៃរបស់ អ្នកនិពន្ធដូចជា ដាលីយ៉ា, លីហា, លាស់គឹមហុង ,រ៉ាហ្ស៉ី, ស្វាព្រៃ, ស៊ីម ស៊ីណា, លឹម ស៊ីវលី ជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយ Amazon Novel, សុបិនសៀវភៅ, សៀវភៅពណ៌ស្វាយជាដើម។

រូបភាព
រូបភាព

ចំណែកស្តង់ មរតកសៀវភៅ វិញក៏មានវត្តមាននៅពិព័រណ៍សៀវភៅកម្ពុជាផងដែរ ដោយក្រុមនេះបានបង្កើតឡើងនៅខែសីហា ឆ្នាំ២០១៨ ធ្លាប់ចូលក្នុងកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាជាលើកដំបូង នៅឆ្នាំ២០១៨ និង ទិវាអំណានជាតិជាលើកដំបូង នៅឆ្នាំ២០១៩ និងបន្តចូលរួមជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។ ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០នេះ មរតកសៀវភៅ ស្ថិតនៅស្ដង់លេខ១២ ច្រកចូលទី១ ដែលមានប្រមូលផ្ដុំដោយប្រលោមលោកជាច្រើនចំណងជើង ទាំងប្រលោមលោកបែបខ្មែរនិងបែបបរទេស ដែលសុទ្ធសឹងជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធវ័យក្មេងខ្មែរ ពីក្រុមមរតកសៀវភៅផ្ទាល់ ក៏ដូចជាមានតាំងលក់ស្នាដៃរបស់អ្នកនិពន្ធខ្មែរដែលមកពីស្ថាប័នផ្សេងទៀត ដូចជាពីខាងហាងសៀវភៅ Le Story, អ្នកនិពន្ធ គឹម ឌីណា... ជាពិសេសស្នាដៃដ៏ល្អៗរបស់អ្នកនិពន្ធជើងចាស់ គឺលោកគ្រូ ទឹម ម៉ានី (ស្មេរ) ។ល។

ប្រលោមលោករបស់ក្រុមមរតកសៀវភៅមានដូចជា លោមស្នេហ៍ទេពអក្សរ, គំនុំស្នេហ៍ប្រែបេះដូង, ឈ្លើយក្រមុំ Mr. ឃេស៊ីរ៉ាស់, មច្ចុរាជប្រលែងស្នេហ៍, រងើកស្នេហ៍មួយរាត្រី, អភ័យឯកសិទ្ធិបេះដូង, ទាសាស្នេហ៍ជំរិតបេះដូង, Mr. CEO & ភរិយាកំពូលឫក, សំបុត្ររបស់ព្រីសស៊ីឡា... និងជាច្រើនចំណងជើងទៀត។

រូបភាព

ស្នាដៃរបស់លោកគ្រូ ទឹម ម៉ានី មានដូចជា ម៉ែ, ពុកអើយ, បង្កងប្រែពណ៌, ឃ្លោកលិច អំបែងអណ្ដែត, ពេញបូណ៌មីខែតូច ១រោចខែធំ, សិល្ប៍វិធីតែងនិពន្ធ, និង ទូកមច្ចុរាជ ប្រលោមលោកកម្រងរឿងពិតពីអ្នកនិពន្ធ ដែលទើបចេញផ្សាយនាពេលថ្មីៗ៕

ប្រលោមលោកកម្រងរឿងពិតពីអ្នកនិពន្ធ ទឹម ម៉ានី (ស្មេរ)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]