លើកទឹកចិត្ត៖ នៅក្នុងឪកាសថ្ងៃឆ្លងឆ្នាំខាងមុខនេះ សម្រាប់អ្នកមានគូស្នេហ៍ច្បាស់ជាមានគម្រោងកាន់ដៃគ្នាឆ្លងទៅឆ្នាំថ្មីជាមួយគ្នាជាក់ជាមិនខាន។ ដោយឡែក សម្រាប់អ្នកដែលមិនមានស្នេហា អ្នកដែលមិនទាន់មានគូស្នេហ៍ឬទើបនឹងបែកបាក់គ្នា ប្រាកដជាមានអារម្មណ៍ថាឯកាណាស់ហើយ។
ជាពិសេស នៅពេលដែលនៅក្នុងបណ្ដាញសង្គមគេនាំគ្នាចែករំលែកអំពីភាពរំភើបរីករាយទន្ទឹងរងចាំថ្ងៃឆ្លងឆ្នាំជាមួយគូសង្សារគ្រប់ៗគ្នា។ ចំណែកឯ អ្នកវិញប្រហែលជាគិតថា ថ្ងៃឆ្លងឆ្នាំមិនមានន័យអ្វីនោះទេ ព្រោះអ្នកមិនមានដៃកាន់ដូចគេ តែវាមិនពិតនោះទេ អ្នកក៏អាចឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីជាមួយខ្លួនឯងយ៉ាងរីករាយបានដែរ។
មិនតែប៉ុណ្ណោះ អ្នកមិនត្រូវរំពឹងសេចក្ដីសុខឬចង់បានសេចក្ដីស្រឡាញ់ពីអ្នកដ៏ទៃនោះទេ អ្នកត្រូវចាត់ទុកវាថា ក្ដីស្រឡាញ់របស់អ្នកដ៏ទៃចំពោះអ្នក គឺជារបស់បន្ថែម មានន័យថាវាជាក្ដីស្រឡាញ់បន្ថែមពីលើខ្លួនអ្នក នោះគឺ អ្នកត្រូវចេះស្រឡាញ់ខ្លួនឯងជាមុន បន្ទាប់មកចាត់ទុកក្ដីស្រឡាញ់របស់អ្នកដ៏ទៃគឺជារបស់បន្ថែមពីក្រោយ។
លើសពីនោះ អ្នកត្រូវផ្លាស់ប្ដូរគំនិតដែរថា ថ្ងៃឆ្លងឆ្នាំគឺសម្រាប់តែអ្នកមានគូស្នេហ៍ទើបមានក្ដីរំភើប ហើយអ្នកត្រូវគិតបែបនេះវិញថា ឆ្នាំនេះអ្នករឹងមាំណាស់ អាចឆ្លងកាត់ពេលវេលា ដែលមានឧបសគ្គបានដោយម្នាក់ឯង ដោយមិនចាំបាច់ពឹងលើអ្នកណា ហើយមិនមានការស្រឡាញ់ពីអ្នកណា អ្នកគួរតែឲ្យតម្លៃខ្លួនឯងឲ្យកាន់តែច្រើនជាងវត្តមានអ្នកដ៏ទៃ។
បន្ថែមពីនោះ អ្នកត្រូវក្រឡេកមកមើលគ្រួសាររបស់អ្នកវិញ អ្នកក៏អាចចំណាយពេលវេលានាថ្ងៃឆ្លងឆ្នាំនេះ ជួបជុំជាមួយបងប្អូន មិត្តភក្ដិ យ៉ាងសប្បាយរីករាយបានដែរ។ ឬក៏អ្នកអាចចំណាយពេលវេលានេះ សម្រាប់ខ្លួនឯង ហើយត្រូវចាត់ទុកថា ឆ្នាំថ្មីអ្វីៗនឹងប្រសើរឡើង៕
អត្ថបទដោយ៖ Minn
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]